អ្នកជំនាញស្នើឲ្យនិស្សិតគួររៀនបណ្ដើរធ្វើការបណ្ដើរដើម្បីទទួលបានចំណេះធ្វើ
បច្ចុប្បន្នគេសង្កេតឃើញមាននិស្សិតជាច្រើនចាប់យកជំនាញផ្សេងៗ ជាជំនាញអាជីពនៅថ្ងៃអនាគត ប៉ុន្តែនិស្សិតដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រលើមុខជំនាញនីមួយៗភាគច្រើន ហាក់មិនទាន់មានសមត្ថភាពពេញលេញដើម្បីបំពេញតម្រូវការទីផ្សារបាននៅឡើយ ខណៈមួយភាគធំគឺធ្វើការមិនត្រូវជំនាញតែម្ដង។
ខាងក្រោមនេះ ជាការយល់ឃើញស្រដៀងគ្នាទៅលើនិស្សិតដែលកំពុងរៀនជំនាញគណនេយ្យ និងជំនាញស្ថាបត្យកម្ម ពីអ្នកជំនាញក្នុងវិស័យទាំងពីរនេះ។
នាយកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អាជីវកម្ម (Business Development Manager) របស់ក្រុមហ៊ុន Khmer Accounting Service ដែលជាក្រុមហ៊ុនបណ្ដុះបណ្ដាលជំនាញផ្នែកគណនេយ្យ និងផ្ដល់សេវាកម្មផ្នែកគណនេយ្យ លោក សាន ឫទ្ធី ធ្លាប់មានប្រសាសន៍ប្រាប់គេហទំព័រ TheBNEWSថា ឆ្លងកាត់បទពិសោធន៍របស់លោកជាច្រើនឆ្នាំក្នុងវិស័យនេះ លោកយល់ឃើញថា ដើម្បីក្លាយជាអ្នកជំនាញពិតប្រាកដផ្នែកគណនេយ្យ និស្សិតមិនមែនត្រឹមតែសិក្សាតែផ្នែកទ្រឹស្ដីក្នុងសាលាមួយមុខនោះ ទេ និស្សិតគួរតែស្វែងក្រុមហ៊ុនធំៗដើម្បីអនុវត្តជំនាញរបស់ខ្លួន បន្ថែម ដើម្បីទទួលបានបទពិសោធន៍ការងារផ្នែកគណនេយ្យនេះដោយពិតប្រាកដ។
លោកបន្តថា និស្សិតគួរជ្រើសរើសក្រុមហ៊ុនដែលមានប្រព័ន្ធស្តង់ដារគណនេយ្យជា លក្ខណៈអន្តរជាតិ ដើម្បីរៀនសូត្រទទួលចំណេះធ្វើពីក្រុមហ៊ុននោះ ឬក៏ស្វែងរកក្រុមហ៊ុនណាដែលផ្ដល់នូវវគ្គបណ្ដុះបណ្ដាលលើផ្នែកនេះ ផ្ទាល់។
អ្នកគ្រប់គ្រងរូបនេះឲ្យដឹងបន្តថា ក្រុមហ៊ុនដែលមានប្រព័ន្ធគណនេយ្យស្តង់អន្តរជាតិក្នុងស្រុកខ្មែរមាន ដូចជា ដូចជាក្រុមហ៊ុន KPMG ក្រុមហ៊ុន Price Water House (PWC) និងក្រុមហ៊ុន E&Y ជាក្រុមហ៊ុនដែលនិស្សិតគួរតែទៅសិក្សាពីប្រព័ន្ធរៀបចំគណនេយ្យ ។ បន្ទាប់ពីទទួលបានបទពិសោធន៍ពីក្រុមហ៊ុនទាំងនេះហើយ និស្សិតគណនេយ្យនឹងមានសមត្ថភាពគ្រប់គ្រាន់ក្លាយជាអ្នកជំនាញមួយរូប ដែលអាចបំពេញតម្រូវការទីផ្សារអាស៊ាននាពេលខាងមុខ។
ជាស្ថាបនិកនៃ អង្គការលី ហ្គីស និងក្រុមហ៊ុនលីហ្គីសឌីស៊ីគ្រុប (LEA Gis Design & Construction Group) លោកអ៊ុន ចាន់ណារើន ឲ្យ TheBNEWS ដឹងកាលពីពេលថ្មីៗនេះថា ទ្រឹស្ដីដែលបានសិក្សានៅសាលា ជាបេះដូងនៃការអនុវត្ត។ ដូច្នេះដើម្បីដុសខាត ចំណេះដឹងអ្នកឲ្យកាន់តែខ្លាំង អ្នកត្រូវស្វះស្វែងរកឱកាសការងារដែលទាក់ទងនឹងមុខ ជំនាញ ដើម្បីបង្កើតបទពិសោធន៏ការងារ និងរៀនឲ្យស្គាល់ពីសង្គម។
លោកបន្តថា បទពិសោធន៍ទាំងនោះគឺ ជាកម្លាំងចលករមួយដ៏សំខាន់ជំរុញលទ្ធផលនៃការសិក្សារបស់អ្នក។ រៀនផង ធ្វើការផង ពិតជាលំបាក តែភាពលំបាកនោះមិនមែនធ្វើមិនបាននោះទេ។ ការរៀបចំផែនការពេលវេលាសិក្សា និងការងារឱ្យបានច្បាស់លាស់ ហើយខិតខំអនុវត្តឲ្យមានប្រសិទ្ធភាព វាអាស្រ័យលើការប្ដេជ្ញាចិត្តរបស់អ្នក។ ទោះជាយ៉ាងណាបើតាម លោក ណារើន អ្នកមិនត្រូវឈ្លក់វង្វេងនឹងការងាររហូតភ្លេចការខិតខំសិក្សារបស់ អ្នកនោះទេ៕
ដោយ៖ ម៉ៅ ចរិយា