មន្រ្តីក្រសួងរ៉ែ និងថាមពល ថាលោកអាឡិចជ្រៀតជ្រែកការអភិវឌ្ឍវារីអគ្គិសនី
មន្រ្តីរាជការក្រសួងរ៉ែ និងថាមពល ប្រមាណ១៤០នាក់បានផ្តិតមេដៃគាំទ្រចំណាត់ការរបស់ក្រសួងមហាផ្ទៃក្នុង ការមិនផ្តល់ទិដ្ឋាការឲ្យ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន(Alejandro GonzalezDavidson) ដែលជាសកម្មជនការពារតំបន់អារ៉ែង ឲ្យបន្តស្នាក់នៅក្នុងប្រទេសកម្ពុជាតទៅទៀត ដោយចាត់ទុកថាសកម្មជនរូបនេះជ្រៀតជ្រែកការអភិវឌ្ឍទំនប់ វារីអគ្គិសនី។
ញត្តិដែលមានស្នាមមេដៃថ្នាក់ដឹកនាំធំៗរបស់ក្រសួង ឲ្យដឹងថាមន្រ្តីរាជការទាំងអស់របស់ក្រសួងរ៉ែ និងថាមពល ប្រកាសគាំទ្រចំណាត់ការរបស់ក្រសួងមហាផ្ទៃ ដែលមិនផ្តល់ទិដ្ឋាការឲ្យអាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន ជនជាតិអេស្ប៉ាញ ឲ្យបន្តស្នាក់នៅក្នុងប្រទេសកម្ពុជា។ ញត្តិបន្តថាកន្លងមក លោក អាឡិក បានធ្វើសកម្មភាពក្រោមរូបភាពអង្គការសង្គមស៊ីវិល ដោយមិនគោរពច្បាប់កម្ពុជា ដូចជាការបិទផ្លូវនៅខេត្តកោះកុង ការរារាំងរំាងដល់ការអនុវត្តការងារ ការជេរប្រមាថ ការបរិហារកេរ្តិ៍មន្រ្តីរាជការក្រសួងរ៉ែ និងថាមពលជាដើម។ ញត្តិឲ្យដឹងទៀតថា«ម្យ៉ាងទៀតបុគ្គលរូបនេះមិនគោរពអធិបតេយ្យ ភាពរបស់ប្រទេសកម្ពុជា ដោយបានជ្រៀតជ្រែកការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការដឹកនាំ និងការញុះញង់ឲ្យប្រឆាំងនឹងការអភិវឌ្ឍគម្រោងវារីអគ្គិសនីនានា ដែលជាកត្តាគន្លឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ»។
ញត្តិបញ្ជាក់បន្ថែមថា«ជាថ្មីម្តងទៀតយើងខ្ញុំទាំងអស់គ្នា សូមគាំទ្រយ៉ាងពេញទំហឹង និងសូមក្រសួងមហាផ្ទៃមេត្តាអនុវត្តចំណាត់ការខាងលើនេះឲ្យមាន ប្រសិទ្ធភាព ដើម្បីជាសក្ខីភាពនៃអធិបតេយ្យភាពរស់ព្រះរាជាណាចក្រកម្ពុជា»។
កាលពីថ្ងៃពុធ ក្រសួងមហាផ្ទៃ បានចេញលិខិតឆ្លើយតបនឹងប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ថាក្រសួងតម្រូវឲ្យលោក អាឡិច ចាកចេញពីកម្ពុជាមួយរយៈ។ លិខិតបន្តថា នៅពេលណាដែលអាឡិចគិតថាពេលវេលាដ៏សមស្របណាមួយដែលអាឡិច ចង់មកកម្ពុជាវិញ ពេលនោះក្រសួងមហាផ្ទៃ ពុំមានគោលការណ៍ហាមឃាត់លោក អាឡិច ទេ ប្រសិនបើគាត់បានបំពេញបែបបទ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចជនអន្តោប្រវេសន៍ដទៃទៀត ស្របតាមគោលការណ៍ច្បាប់កម្ពុជា។
គួរបញ្ជាក់ថា លោក អាឡិច បានមករស់នៅលើទឹកដីកម្ពុជានេះជាង១០ ឆ្នាំមកហើយ និងចេះនិយាយភាសាខ្មែរបានយ៉ាងច្បាស់លាស់ ព្រមទាំងបានបង្កើតសមាគមការពារព្រៃឈើមួយឈ្មោះថា មាតាធម្មជាតិ ដែលមានសមាជិកភាគច្រើនជាជនជាតិដើមភាគតិចនៅតំបន់អារ៉ែង។ បើតាមលោកអាឡិច ទិដ្ឋាការ របស់លោក នឹងផុតកំណត់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។
គួររំឮកថា អនុប្រធានទី១នៃរដ្ឋសភាលោក កឹម សុខា កាលពីថ្ងៃពុធ បានផ្ញើលិខិតថ្វាយព្រះមហាក្សត្រ និងប្រធានរដ្ឋសភាលោកហេង សំរិន ដោយបានទូលស្នើព្រះមហាក្សត្រសូមឲ្យព្រះអង្គទ្រង់ព្រះរាជតម្រិះ អន្តរាគមន៍ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុញ្ញាតឲ្យលោកអាឡិចអាចស្នើសុំបន្តទិដ្ឋាការ ដោយពុំបាច់ចាកចេញពីប្រទេសកម្ពុជាជាមុន។ លោក កឹម សុខា បញ្ជាក់ទៀតថា«ទូលបង្គំយល់ឃើញថា លោកអា ឡិច ជាជនបរទេសមួយរូប ពុំមែនជាឧក្រិដ្ឋជន ឬជាអ្នកបំផ្លាញធនធានធម្មជាតិ របស់ខ្មែរយើងឡើយ ។ តែផ្ទុយទៅវិញលោកអា ឡិច ជាអ្នកចូលរួមថែរក្សា និងការពារធនធានធម្មជាតិយ៉ាងសកម្ម»៕ ប្រភពៈ VOD