សមត្ថកិច្ច​ចាប់ខ្លួន​ឧ​ត្ត​ម​សេនីយ៍​យោធា​មនុស្ស​ជំនិត​លោក អាំង មាលតី

2/20/2015 0 Comments A+ a-

ភ្នំពេញ: ឧ​ត្ត​ម​សេនីយ៍​យោធា​ម្នាក់ ដែលជា​មនុស្ស​ជំនិត​របស់លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​នៅក្នុង​ទឹកដី​ខេត្តតាកែវ កាលពី​ម៉ោង​ប្រមាណ​ជាង ៦ ល្ងាច​ថ្ងៃទី​១៩​ខែកុម្ភៈ​នេះ បាន​នាំខ្លួន​ទៅ​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​។​
​ការចាប់ខ្លួន​លោក​ឧ​ត្ត​ម​សេនីយ៍​យោធា​ឈ្មោះ ពេជ្រ ព្រហ្ម​មុ​នី្ន អត្តលេខ ០៤៨៥៤០ ក្នុង​គោលបំណង​ដើម្បី​យកមក​សាកសួរ​ករណី​មិន​ប្រក្រតី​មួយចំនួន នៃ​ចំណាត់ការ​ក្នុង​សំណុំរឿង របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នាពេល​កន្លងមក​។
​ជាមួយគ្នា​នោះដែរ ការចាប់ខ្លួន​លោក​ឧ​ត្ត​ម​សេនីយ៍​យោធា​ឈ្មោះ ពេជ្រ ព្រហ្ម​មុ​នី្ន បានធ្វើ​ឡើង​ក្រោយ​ពេលដែល​ដកតំណែង​លោក អាំង មាលតី ហើយ​ស្រប​ពេលដែល​លោក​ពេជ្រ ព្រហ្ម​មុ​នី្ន បាន​រត់គេចខ្លួន​ចេញ​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ​រហូតដល់​តំបន់ភ្នំ​ជី​សូរ ក្នុង​ទឹកដី​ខេត្តតាកែវ​។
​យ៉ាងណាក៏ដោយ វត្ថុតាង​មួយចំនួន​ដូចជា រថយន្ត ម៉ូតូ ដែល​លោក អាំង មាលតី បាន​ឲ្យ​លោក​ពេជ្រ ព្រហ្ម​មុន្នី យកទៅ​ប្រើប្រាស់​ត្រូវបាន​ប្រមូល​យកមក​រក្សាទុក នៅ​តុលាការ​ក្រុងភ្នំពេញ​វិញ កាលពី​យប់​ថ្ងៃទី​១៨ ខែកុម្ភៈ​។ វត្ថុតាង​ទាំងនេះ​មិនទាន់​អស់​នៅឡើយ ដែល​គេ​យកទៅ​ប្រើប្រាស់ ខណៈពេលដែល​មន្ត្រី​តុលាការ កំពុង​ដើរ​ប្រមូល​ហៅ​យកមក​វិញ​។​
​ឧ​ត្ត​ម​សេនីយ៍​យោធា​រូបនេះ​ឈ្មោះ ពេជ្រ ព្រហ្ម​មុ​នី្ន អត្តលេខ ០៤៨៥៤០ មុខងារ នាយសេនាធិការរង​ក​ង​ទ័ពជើងគោក ត្រូវបាន​លោក អាំង មាលតី កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ធ្វើលិខិត​ទៅ​លោក មាស សុភា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង ជា​មេបញ្ជាការ​កងទ័ពជើងគោក ដែលមាន​កម្មវត្ថុ​សុំ​ឧ​ត្ត​ម​សេនីយ៍​យោធា​រូបនេះ ដើម្បី សហការ​ការងារ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​ផ្នែក​សន្តិសុខ​និង​សណ្តាប់ធ្នាប់ ។
​ក្រោយពី​បានការ​អនុញ្ញាត​ពី​លោក​មាស សុភា រួចហើយ លោក ពេជ្រ ព្រហ្ម​មុ​នី្ន បាន មក​បំពេញការងារ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ មួយរយៈ លោក អាំង មាលតី បានប្រគល់ រថយន្ត​មួយគ្រឿង​ម៉ាក​ហាំ​មើរ ស្លាក​លេខ​២-២២៦៦ ដែលជា​វត្ថុតាង​ក្នុង​បទល្មើស​ជួញដូរ គ្រឿងញៀន មក​ឲ្យ​ប្រើប្រាស់​ជា​មធ្យោបាយ​ធ្វើដំណើរ​ប្រចាំថ្ងៃ ។
​ក្រៅពី​ការងារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ពេជ្រ ព្រហ្ម​មុ​នី្ន បាន​បន្ថែម​ការងារ​រ​ហូត ដល់​ដើរ​ត្រួតពិនិត្យ​និង​តាមដាន​រាល់​សកម្មភាព​របស់​ចៅក្រម និង ក្រឡាបញ្ជី ព្រមទាំង​ឈានដល់​ព្រះរាជអាជ្ញា និង ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថែម ទៀតផង ។ ក្នុងនោះ សូម្បីតែ​ការសាកសួរ​ជន​ត្រូវ​ចោទ​ក្នុង​សំណុំរឿង ឪពុកម្តាយ​ឧកញ៉ា ថោង សារ៉ាត់ និង សំណុំរឿង​ឃាតកម្ម​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ក៏​លោក អាំង មាលតី និង ឈ្មោះ ពេជ្រ ព្រហ្ម​មុន្នី ចូលរួម​ក្នុងការ​សាកសួរ​យក​ច​ម្លើ​យ ដែល​ខុស​នឹង​នីតិវិធី ពោលគឺ​បុគ្គល​ទាំងពីរ​នេះ ទោះបីជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏​គ្មាន​សិទ្ធិ​ចូលរួម​ក្នុងការ​សាកសួរ​នេះដែរ​៕ ប្រភពៈ CEN
mony_cenលោក ពេជ្រ ព្រហ្ម​មុ​នី្ន ត្រូវបានសមត្ថកិច្ចប៉េអឹម ​នាំខ្លួន​ទៅ​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ