ឥឡូវជប៉ុនកំពុងស្ថិតនៅលើផ្លូវបំបែក ក្រោយឃាតកម្មលើជនជាតិជប៉ុន២នាក់
ការជំរុញរបស់ជប៉ុនក្នុងការដើរតួនាទីកាន់តែសំខាន់នៅក្នុង ផ្នែកសន្ដិសុខថ្នាក់តំបន់ និងអន្ដរជាតិកំពុងស្ថិតនៅផ្លូវបំបែកក្រោយពីជនជាតិជប៉ុន២នាក់ ត្រូវពួករដ្ឋអ៊ិស្លាមប្រហារជីវិត។
មរណភាពរបស់អ្នកកាសែតជប៉ុន Kenji Goto និងបុគ្គលិកធ្វើការកុងត្រាផ្នែកការពារជាតិម្នាក់ទៀតឈ្មោះលោក Haruna Yukawa បានធ្វើឲ្យបណ្ដាជនជាច្រើនលើកជាសំណួរសួរនាំអំពីគោលនយោបាយរបស់នាយករដ្ឋមន្រ្ដីជប៉ុន Shinzo Abe ជុំវិញការបកស្រាយឡើងវិញគោលជំហររបស់ជប៉ុនមិនចូលរួមសកម្មភាពសង្រ្គាមដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងបញ្ហាថវិកាផ្នែកការពារជាតិរបស់ជប៉ុន។
អ្នកប្រឆាំងគោលនយោបាយនេះបានលើកឡើងថា ការដើរតួនាទីកាន់តែខ្លាំងក្នុងផ្នែកការពារសន្ដិសុខអន្ដរជាតិ និងដោយសារទំនាក់ទំនងជិតស្និទ្ធជាមួយអាម៉េរិកបានធ្វើឲ្យជប៉ុនក្លាយទៅជាគោលដៅវាយប្រហារពីសំណាក់ពួកបះបោររដ្ឋអ៊ិស្លាម។
យ៉ាងណាក៏ដោយ ក៏បណ្ដាអ្នកគាំទ្រនាយករដ្ឋមន្រ្ដីជប៉ុនវិញលើកឡើងថា វិបត្ដិចាប់ជនជាតិជប៉ុនធ្វើចំណាប់ខ្មាំងកន្លងទៅនេះ គឺបានបង្ហាញឲ្យឃើញថា ជប៉ុនត្រូវតែមានកម្លាំងយោធាដ៏រឹងមាំដែលអាចការពារដល់ពលរដ្ឋជប៉ុន និងផលប្រយោជន៍របស់ជប៉ុននៅបរទេស៕ ប្រភពៈ Radioaustralia
