ពី​ថ្ងៃ​នេះ​តទៅ គ្មាន​ឡើយ​ «​រោងចក្រ​ផលិត​មនុស្ស» ​នៅ​ប្រទេស​ថៃ (មាន​វីដេអូ​)

2/22/2015 0 Comments A+ a-

រូប​តំណាង​ប្រភព៖​ BBC
​នៅ​ទី​បំផុត ​រដ្ឋសភា​ថៃ​បាន​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​ហាម​ឃាត់ «អំពើ​ស៊ីឈ្នួល​ពពោះ​បង្កើត​កូន​ជំនួស​គេ – surrogacy»។ ​ច្បាប់​ថ្មី​នេះ មាន​គោលដៅ​ដាក់​ទោសទណ្ឌ​ចំពោះ​អ្នក​ទាំង​ឡាយ​ណា ​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​អំពើ​នេះ មិន​ថា​ទីភ្នាក់ងារ​ដើរ​​ទាក់​ទង​​អ្នក​ស៊ីឈ្នួល​ពពោះ (promoting agent) – មិន​ថា​អ្នក​ស៊ីឈ្នួល​ពពោះ​ – មិន​ថា​អ្នក​ជួល​គេ​ទេ គឺ​សុទ្ធ​តែ​មាន​ទោស​ទាំង​អស់ ទៅ​តាម​បទបញ្ញត្តិ​នៃ​ច្បាប់។

​អ្នក​ដែល​មាន​សិទ្ធិ «ឲ្យ​អ្នក​ដទៃ​ពពោះ​បង្កើត​កូន​ជំនួស​ខ្លួន» ស្រប​ទៅ​តាម​ច្បាប់​ថ្មី​នេះ​បាន គឺ​អ្នក​ដែល​៖ ជា​សហព័ទ្ធ​​​រៀប​ការ​ជា​ប្ដី​ប្រពន្ធ​យ៉ាង​ហោច​ណាស់ ៣ ឆ្នាំ​ឬ​លើស​នេះ។ ​ប្ដីប្រពន្ធ​​នោះ​ទៀតសោត ត្រូវ​មាន​សញ្ជាតិ​ថៃ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ឬ​យ៉ាង​ហោច​ណាស់​ត្រូវ​ប្ដី​ឬ​ប្រពន្ធ​មាន​សញ្ជាតិ​ថៃ។ ហ្នឹង​ទើប​អាច​«រក​អ្នក​ស៊ីឈ្នួល​ពពោះ​បង្កើត​កូន​ជំនួស» ដោយ​មិន​ខុស​ច្បាប់។ ប្រការ​សំខាន់​មួយ​ទៀត​ ត្រូវ​បាន​បាន​ចាត់​ទុក​ជា​អំពើ​ខុសច្បាប់ ចំពោះ «ការ​ស៊ីឈ្នួល​ពពោះ​ជា​លក្ខណៈ​អាជីព ឬ​ជា​មុខ​ជំនួញ​ខ្នាត​ធំ​ មាន​អង្គការ​ចាត់​តាំង ឬ​រចនាសម្ព័ន្ធ​ធំដុំ – commercial surrogacy»

សូម​រំឭក​ថយ​ក្រោយ​បន្តិច ពាក់ព័ន្ធ​​នឹង​ដំណើរ​ដើម​ទង ដែល​នាំ​ទៅ​ដល់​ការ​បង្កើត​ច្បាប់​នេះ​ឡើង។ នៅ​ប្រទេស​ថៃ កាលពី​ឆ្នាំ២០១៤ មាន​រឿង​អាស្រូវ​ស្ដីពី «រោងចក្រ​ផលិត​ទារក – baby factory» ​ដ៏​ល្បី ​កក្រើក​មួយ​ពិភពលោក។ កាលណោះ ប្ដី​ប្រពន្ធ​ជនជាតិ​អូស្ត្រាលី​បាន​ជួល​នារី​ជនជាតិ​ថៃ​ ឲ្យ​ស៊ីឈ្នួល​ពពោះ​បង្កើត​កូន​ឲ្យ​ខ្លួន។ ​ក្រោយ​មក​ នារី​ស៊ី​ឈ្នួល​ពពោះ​នោះ ប្រសូត្រ​បាន​ទារក​ភ្លោះ ស្រី​មួយ​ ប្រុស​មួយ។ ​​ប្ដី​ប្រពន្ធ​អូស្ត្រាលី​នោះ យក​តែ​កូន​ស្រី​ថ្លោស​ឡើង​ទ្រលក់ៗ (healthy baby) ចំណែក​កូន​ប្រុស ត្រូវ​បាន​ទុក​នៅ​នឹង​នារី​​ស៊ី​ឈ្នួល​ពពោះ​ ឲ្យ​គ្នា​រ៉ាប់​រង​បីបាច់​កូន​នោះ​តែ​ម្នាក់​ឯង ចំណែក​ខ្លួន​ឯង​ជា​ឪពុកម្ដាយ​បង្កើត ដោះ​ដៃ​យក​រួច​ខ្លួន ហើយ​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ​​។ ​នារី​ស៊ីឈ្នួល​នោះ​អាយុ ២១ ឆ្នាំ​ឈ្មោះ Pattaramon Chanbua។

ក្រោយមក​ទៀត មាន​ករណី​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ជួល​នារី​ថៃ​ជា​ច្រើន​នាក់​ឲ្យ​ពពោះ​បង្កើត​កូន​ឲ្យ​ខ្លួន ហើយ​​ប្រសូត្រ​​​បាន​ទារក​មិន​ចេះ​តិច​ រហូត​ដល់​រាប់​សិប​នាក់។ លើក​ចុងក្រោយ​នេះ ជា​ករណី​ធ្ងន់ធ្ងរ​ខ្លាំង ដល់​ថ្នាក់​គេ​ឲ្យ​ឈ្មោះ​ថា «រោងចក្រ​ផលិត​ទារក – baby factory»៕

នាង Pattaramon Chanbua ដែល​ស៊ី​ឈ្នួល​ពពោះ និង​ទារក​ដែល​ឪពុកម្ដាយ​បង្កើត​ទុក​ចោល (ប្រភព៖ BBC)
នាង Pattaramon Chanbua ដែល​ស៊ី​ឈ្នួល​ពពោះ និង​ទារក​ដែល​ឪពុកម្ដាយ​បង្កើត​ទុក​ចោល (ប្រភព៖ BBC)


កំណត់​សម្គាល់៖ ការ​ស៊ីឈ្នួល​ពពោះ​ដូច​បាន​ជម្រាប​ជូន​ពី​ខាង​ដើម គឺ​ជា​បច្ចេកទេស​បង្ក​កំណើត​មិន​តាម​ក្រិត្យក្រម​ធម្មជាតិ ១០០% ទេ។ ដំបូង វេជ្ជបណ្ឌិត​​​ជំនាញ​ យក​មេ​ជីវិត​ម្ដាយ (ហៅ​តាម​ភាសា​បារាំង​ថា «អូវុល – ovum») និង​​មេជីវិត​ឪពុក (sperm)​ ទៅ​ដាក់​ក្នុង​កែវ​មួយ ដើម្បី​ឲ្យ​វា​បង្ក​កំណើត​។ លុះ​ពេល​មេ​ជីវិត​ញី និង​មេ​ជីវិត​ឈ្មោល​​រលាយ​ចូល​គ្នា​ហើយ វេជ្ជបណ្ឌិត​​​បូម​យក​សារធាតុ​នេះ ​ទៅ​ចាក់​បញ្ចូល​ក្នុង​ស្បូន​របស់​ស្ត្រី​ដែល​ស៊ីឈ្នួល​ពពោះ​​​ជំនួស​គេ​។ ដូចនេះ កូន​នោះ​មិន​មែន​ជា​កូន​អ្នក​ស៊ី​ឈ្នួល​ទេ គឺ​កូន​អ្នក​ផ្សេង គ្រាន់​តែ​គេ​ជួល​ឲ្យ​ពពោះ​ជំនួស។ មូលហេតុ​សំខាន់​ដែល​នាំ​ឲ្យ​កើត​អំពើ​ជួល​និង​ស៊ីឈ្នួល​បែប​នេះ ព្រោះ​នារី​នៅ​បស្ចិមប្រទេស​ខ្លះ​ខ្ជិល​ពពោះ​កូន។

ប្រែ​សម្រួល ៖ អន សំអាង

ប្រភព៖​ BBC