នាវាដឹកយន្តហោះដែលថៃមានមុនគេនៅអាស៊ីអាគ្នេយ៍ ហេតុអ្វីថៃមិនប្រើដឹកយន្តហោះ?
ថៃជាប្រទេសដំបូងបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ (Southeast Asia) ដែលមាននាវាដឹកយន្តហោះដ៏ទំនើប។ ថៃបានទិញនាវានេះកាលពីចុងទសវត្សទី៩០។ នាវានេះមានឈ្មោះថា «the HTMS Chakri Naruebet»។ នាវានេះត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ១៩៩៧ ជាឆ្នាំដែលប្រទេសថៃធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុអាស៊ី (financial crisis)។ ទីបំផុត នាវានេះ ត្រូវបានចតទុកចោលនៅលើកំពង់ផែ អាស្រ័យដោយសារកង្វះថវិកាសម្រាប់ដំណើរការនាវានេះ។
ដូចនេះ នាវាដឹកយន្តហោះរបស់ថៃ អាចដំណើរការបានត្រឹមមួយឆាវប៉ុណ្ណោះ។ បច្ចុប្បន្ន ប្រទេសអាស៊ីដទៃទៀត ក៏មាននាវាដឹកយន្តហោះដែរ ដូចជា៖ ចិន – ឥណ្ឌា – ជប៉ុន និងកូរ៉េខាងត្បូង សុទ្ធសឹងជាប្រទេសអាស៊ី ដែលមាននាវាដឹកយន្តហោះ ហើយខ្នាតធំទៀតផង។ ឥឡូវនេះទៀត សូម្បីតែប្រទេសសិង្ហបុរី ក៏មិនឲ្យបាក់មុខបាត់មាត់ពេកដែរ ហើយគ្រោងផលិតនាវាដឹកយន្តហោះដោយខ្លួនឯងតែម្ដង។
ទីបំផុត នាវា Chakri Naruebet មិនអាចប្រៀបជាមួយប្រទេសអាស៊ីដទៃទៀតទេ។ ជាងនេះទៅទៀត តាមសារព័ត៌មាន The Diplomat ផ្សាយថាយន្តហោះចម្បាំងម៉ាក AV-8S Matador របស់កងទ័ពអាកាសថៃ ដែលមានបេសកកម្មអមដំណើរកងយន្តហោះចម្បាំងថៃ ត្រូវបានដាក់ឲ្យចូលនិវត្តរួចជាស្រេច។ ដូចនេះ នាវាដឹកយន្តហោះរបស់ថៃមួយគ្រឿងនោះ អស់កិច្ចការអ្វីត្រូវធ្វើ ឬត្រូវដឹកយន្តហោះទៀតហើយ គឺទទេស្អាត ដែលមាននាមថានាវាដឹកយន្តហោះ ប៉ុន្តែរកយន្តហោះដឹកគ្មាន។
នាវា the HTMS Chakri Naruebet ដែលធ្លាប់មានយន្តហោះចុះចត – ឥឡូវបែរជាទទេស្អាត (ប្រភព៖ Business Insider)
សូមបញ្ជាក់ថា ប្រទេសថៃបានបញ្ជាទិញនាវាដឹកយន្តហោះនេះ ពីប្រទេសអេស្ប៉ាញ កាលពីឆ្នាំ១៩៩២។ លុះដល់ឆ្នាំ១៩៩៧ ទើបរដ្ឋាភិបាលថៃដាក់ឲ្យនាវានេះដំណើរការ។ ដាក់ឲ្យដំណើរការមិនបានប៉ុន្មានផង ប្រទេសថៃក៏ជួបប្រទះនឹងវិបត្តិហិរញ្ញវត្ថុឆ្នាំ១៩៩៧។ បើគិតមកទល់នឹងពេលនេះ នាវានេះមានអាយុកាលជិត ៣០ ឆ្នាំហើយ។
នាវានេះ ថ្វីត្បិតចាស់ទ្រុឌទ្រោមបន្តិចមែន ប៉ុន្តែក៏បានបំពេញបេសកកម្មមនុស្សធម៌បានមិនតិចទេ។ នៅក្នុងមហន្តរាយធម្មជាតិ ឆ្នាំ២០០៤ បណ្ដាលមកពីរលកយក្សស៊ូណាមី វាយប្រហារឆ្នេរសមុទ្រថៃ និងតំបន់មួយចំនួនទៀត ក៏នាវានេះត្រូវបានប្រើប្រាស់សម្រាប់ជួយសង្គ្រោះមនុស្សដែរ។ ក្រៅពីនោះ នាវានេះក៏ត្រូវបានគេប្រើប្រាស់សម្រាប់ជួយសង្គ្រោះក្នុងគ្រោះទឹកជំនន់នៅប្រទេសថៃ កាលពីឆ្នាំ២០១០ និងឆ្នាំ២០១១ផងដែរ៕
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ Associated Press និង Business Insider
