អាជ្ញាធរព្រឺឆ្អឹងខ្នងពេលចូលធ្វើរដ្ឋបាលនៅវត្តសាមគ្គីរង្សី
ភ្នំពេញ—វត្តខ្មែរកម្ពុជាក្រោមឬហៅថា វត្តសាមគ្គីរង្សីគឺជាវត្តដែលមានទីតាំងតាមបណ្តោយផ្លូវស្ទឹងមាន ជ័យនិងមានសកម្មភាពសង្គម និងនយោបាយយ៉ាងច្រើនក្នុងពេលកន្លងមក។
វត្តនេះត្រូវបានលោក ឃួង ស្រេង អភិបាលរងក្រុងភ្នំពេញដឹកនាំកងកម្លាំងមានសមត្ថកិច្ចជាច្រើនរយនាក់ មកធ្វើបែបបទរដ្ឋបាលកាលពីថ្ងៃអង្គារក្រោមការតាមសង្កេតមើលពី ក្រុមសិទ្ធិមនុស្សនិងប្រជាពលរដ្ឋប៉ុន្តែមិនមានការប៉ះទង្គិចណាមួយ កើតឡើងរវាងក្រុមអាជ្ញាធរមានសមត្ថកិច្ចនិងក្រុមប្រជាពលរដ្ឋទេ។
ក្រោយពីបានធ្វើបែបបទរដ្ឋបាល មន្ត្រីអាជ្ញាធរក្រុងភ្នំពេញបានចោទប្រកាន់ថាវត្តសាមគ្គីរង្សី សឹងក្លាយទៅជាតំបន់អបគមន៍ ក៏ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលវិញចាត់ទុកថា អាជ្ញាធរកំពុងគំរាមកំហែងដល់ព្រះសង្ឃដោយសារតែព្រះសង្ឃខ្មែរ កម្ពុជាក្រោមកន្លងមកហ៊ានចេញមុខចូលរួមបាតុកម្មទាមទារសិទ្ធិជូន ពលរដ្ឋរងគ្រោះនានានិងចូលរួមបាតុកម្មប្រឆាំងស្ថានទូតវៀតណាមក្នុង ប្រទេសកម្ពុជាជាដើម។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញបានមានប្រសាសន៍ថា តាមរយៈការចុះធ្វើបែបបទរដ្ឋបាលកាលពីម្សិលមិញអាជ្ញាធរហាក់បី ដូចជាព្រឺឆ្អឹងខ្នងនៅពេលដែលឃើញហ្វូងមនុស្សមកឡោមព័ទ្ធក្រុម សមត្ថកិច្ច។
លោកបានបញ្ជាក់ថាវត្តសាមគ្គីរង្សីនេះសឹងក្លាយទៅជាទីតាំង តំបន់អបគមន៍ដោយសារតែកន្លងមកវត្តនេះមិនដែលមានការសហការជាមួយ ក្រុមអាជ្ញាធរទេ អាជ្ញាធរបង្គាប់ឱ្យធ្វើស្តាំ គាត់ធ្វើឆ្វេង។
លោកនិយាយថា៖ «សួរថាតើផ្តល់នូវភាពទុកចិត្តផ្តល់នូវភាពកក់ក្តៅបានទេ។ អាហ្នឹងហើយបានជាខ្ញុំប្រើពាក្យថាគាត់ត្រូវតែសហការពីព្រោះបើ មិនអញ្ចឹងទេវាសឹងតែក្លាយទៅជាតំបន់អបគមន៍»។
លោកបញ្ជាក់ថាវត្តផ្សេងៗនៅក្នុងទីក្រុងភ្នំពេញមានការសហការ ជាមួយសមត្ថកិច្ចក្នុងការរាយការណ៍ពីការស្នាក់នៅក្នុងវត្តតែ សម្រាប់វត្តសាមគ្គីរង្សីមិនដែលសហការជាមួយកងកម្លាំងមានសមត្ថកិច្ច ទេ។
ទស្សនាកម្រងរូបភាពអំពីទិដ្ឋភាពទូទៅនៃវត្តសាមគ្គីរង្សី៖