យន្តហោះ​នៅ​នូវែលហ្សេឡង់ត្រូវ​រន្ទះបាញ់! ​ចំណែក​នៅ​អាមេរិក​ ពីឡុត​ជាប់​គន្លឹះ​ទ្វារ​ចូល​បើក​បរ​មិន​កើត​ (មាន​វីដេអូ)

2/02/2015 0 Comments A+ a-

យន្តហោះ​របស់​ក្រុមហ៊ុន Delta Airlines (រូប​តំណាង)ប្រភព៖​ southfultonchamber.com
យន្តហោះ​របស់​ក្រុមហ៊ុន Air New Zealand ត្រូវ​រន្ទះ​បាញ់​ពេល​កំពុង​ហោះ​លើ​អាកាស
យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Air New Zealand ត្រូវ​បាន​រន្ទះ​បាញ់​ពេល​ហោះ​ហើរ​ពី​ទីក្រុង​វេលីងតុន (Wellington) ប៉ុន្តែ​បាន​ចុះ​ចត​ទាំង​ប្រផុតប្រផើយ​នៅ​អាកាសយានដ្ឋាន Dunedin Airport។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន។

​ជើង​ហោះ​ហើរ NZ688 ដែល​ត្រូវ​ចេញ​ដំណើរ​ពី​ Dunedin ទៅ Wellington និង​ជើង​ហោះ​ហើរ​មួយ​ទៀត NZ478 ពី Wellington ទៅ Auckland ត្រូវ​បាន​លុប​ចោល ដើម្បី​យក​ពេល​ពិនិត្យ​មើល​ករណី​រន្ទះ​បាញ់​យន្តហោះ​ជើង​ហោះ​ហើរ​ខាងលើ​។

សូមបញ្ជាក់​ថា នៅ​ប្រទេស​នូវែលហ្សេឡង់ (New Zealand) ​ករណី​រន្ទះ​បាញ់ មិន​មាន​អ្វី​ចម្លែក​ពេក​ទេ​នៅ​ប្រទេស​នូវែលហ្សេឡង់ ហើយ​យន្តហោះ​ដឹក​អ្នក​ដំណើរ​គ្រប់​ប្រភេទ​ត្រូវ​ត្រៀម​លក្ខណៈ​ស្រេច​បាច់​សម្រាប់​ស្ថានភាព​របៀប​នេះ។

យន្តហោះ​របស់​ក្រុមហ៊ុន​ Air New Zealand (រូប​តំណាង) (ប្រភព៖ aerolineas-seguras2.com)
យន្តហោះ​របស់​ក្រុមហ៊ុន​ Air New Zealand (រូប​តំណាង) (ប្រភព៖ aerolineas-seguras2.com)


ក្រុមហ៊ុន Delta Airlines ៖ ពីឡុត​ចូល​បន្ទប់​ទឹក ហើយ​ទ្វារ​ជាប់​គន្លឹះ ចូល​បន្ទប់​បើក​បរ​លែង​កើត
នៅ​ក្នុង​ព្រឹត្តិការណ៍​ដាច់​ដោយឡែក​មួយ​ទៀត​ពាក់​ព័ន្ធ​នឹង​យន្តហោះ​ដឹក​អ្នក​ដំណើរ គឺ​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Delta Airlines (សហរដ្ឋ​អាមេរិក) ដែល​ដឹក​អ្នក​ដំណើរ ១៦៨ នាក់​ក៏​ជួប​ភាព​មិន​ប្រក្រតី។ យន្តហោះ​បាន​ចុះ​ចត​បន្ទាន់។ ​អាកាសយានិក​ម្នាក់​បាន​បើក​ទ្វារ «បន្ទប់​អ្នក​បើក​បរ – cockpit» ​ដើម្បី​ចូល​បន្ទប់​ទឹក ស្រាប់​តែ​ទ្វារ​បន្ទប់​បិទ​សោ​គ្រិប​ ធ្វើ​ឲ្យ​គាត់​បើក​ទ្វារ​ចូល​លែង​កើត​។

​នៅ​ក្នុង​ខ្សែវីដេអូ ដែល​អ្នក​ដំណើរ​ថត​បាន គេ​ឃើញ​អាកាសយានិក​ដែល​ចូល​បន្ទប់​ទឹក​រូប​នោះ បាន​ផ្ដល់​សេចក្ដី​ពន្យល់​ចំពោះ​អ្នក​ដំណើរ​នៅ​ក្នុង​យន្តហោះ​ដែល​កំពុង​ធ្វើ​ដំណើរ​ពី​ទីក្រុង Minneapolis ទៅ​ទីក្រុង Las Vegas។ លោក​ប្រាប់​ថា​លោក​បាន​ចាក​ចេញ​ពី​បន្ទប់​អ្នក​បើក​បរ ហើយ​ទ្វារ​បាន​រលាស់​ដោយ​ឯកឯង គ្មាន​អ្នក​ណា​បញ្ជា​ទេ ដូចនេះ យន្តហោះ​ត្រូវ​ចុះ​ចត​នា​ពេល​បន្តិច​ទៀត​នេះ។

ដល់​ពេល​អញ្ចឹង មនុស្ស​នៅ​ក្នុង​យន្តហោះ មិន​ភ័យ​ពេក​ទេ ប៉ុន្តែ​រាង​ច្រឡំបល់​បន្តិច​ដែរ ប៉ុន្តែ​អាកាសយានិក​រង (co-pilot) បាន​បញ្ជា​យន្តហោះ​ចុះ​ចត​ដោយ​សុវត្ថិភាព ហើយ​អ្នក​ជិះ​ក្នុង​យន្តហោះ​នាំ​គ្នា​ទះ​ដៃ​ហ៊ោកញ្ជ្រៀវ​ថា​ «យើង​ផុត​ពី​គ្រោះ​ថ្នាក់​ហើយ!» ឬ​ «អស់​អី​ហើយ!»។ អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា ករណី​នេះ ក្រុមហ៊ុន​នឹង​បើក​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ម៉ត់ចត់​បំផុត៕


ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ The Mirror និង stuff.co.nz