រុស្ស៊ីបាត់បង់សមត្ថភាពកំណត់សញ្ញាមីស៊ីលបំពាក់នុយក្លេអ៊ែរពីស្ថានអវកាស
យោងតាមសេចក្តីរាយការណ៍កាលពីពេលថ្មីៗនេះបានឱ្យដឹងថា រុស្ស៊ីបានបង់សមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធព្រមាន (warning system) ដើម្បីកំណត់សញ្ញាមីស៊ីលបំពាក់នុយក្លេអ៊ែរពីស្ថានអវកាសមក។ មូលហេតុគឺដោយសារតែរុស្ស៊ីបានពន្យារពេលបាញ់បង្ហោះប្រព័ន្ធព្រមានដ៏ទំនើបឈ្មោះថា ផ្កាយរណប “Tundra”។
យោងតាមសារព័ត៌មានរុស្ស៊ី Kommersant បានឱ្យដឹងថា ប្រព័ន្ធខាងលើគឺត្រូវយកទៅប្រើជំនួសឱ្យផ្កាយរណបចាស់ៗដែលជាផ្នែកមួយនៃកម្មវិធី Oko ព្រោះថាផ្កាយរណបក្នុងកម្មវិធីនេះ ដំណើរការលើសពីអាយុកាលកំណត់របស់វា (ចន្លោះពី ៥ ទៅ ៧ឆ្នាំ)។ កាលពីខែមករា កន្លងមក ផ្កាយរណប Tundra មានបញ្ហាបច្ចេកទេសបន្តិចបន្តួច។
ផ្កាយរណប Tundra ត្រូវបានបង្កើតឡើង ដើម្បីស្ទាក់ចាប់សញ្ញាមីស៊ីល ហើយរុស្ស៊ីគ្រោងប្រើប្រាស់តាំងពីឆ្នាំ២០១៣ មកម្ល៉េះ ប៉ុន្តែដោយសារតែបញ្ហាបច្ចេកទេស រុស្ស៊ីបានពន្យារពេលបាញ់បង្ហោះមកដល់ឆ្នាំ២០១៤។ ប៉ុន្តែបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរុស្ស៊ី ចុងក្រោយឱ្យដឹងថា វានឹងត្រូវដាក់ឱ្យដំណើរការនៅខែមិថុនា ឆ្នាំ២០១៥ នេះវិញ។
ចំពោះករណីដែលរុស្ស៊ីមិនអាចបាញ់បង្ហោះផ្កាយរណប Tundra បាន គឺរុស្ស៊ីអាចប្រើបានតែប្រព័ន្ធរ៉ាដាស្ទាក់ចាប់នៅលើដី (radar systems on the ground) ដែលមានមូលដ្ឋាននៅ Kaliningrad, Leningrad, Irkutsk, Krasnodar និងតំបន់មួយចំនួនទៀតនៅក្នុងប្រទេសតែប៉ុណ្ណោះ៕
