តម្លៃ​ខ្លួន​តារា​កូរ៉េ​នៅពេល​បង្ហាញខ្លួន​ក្នុង​កម្មវិធី​ផ្សេងៗ​នៅ​ប្រទេស​ចិន​ម្ដងៗ​រាប់ម៉ឺន​ដុល្លារ​

2/14/2015 0 Comments A+ a-

រូប​ភាព​ Kim Soo Hyun (ឆ្វេង) នឹង Lee Min Ho​ (ស្តាំ)ប្រភព៖​ www.dramafever.com
​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​ប្រទេស​ចិន​បាន​រាយការណ៍​ថា ប្រជាប្រិយភាព​និង​ការពេញនិយម​ពី​ប្រជាជន​ចិន​ចំពោះ​តារា​កូរ៉េ​ធ្វើឱ្យ​តម្លៃ​ខ្លួន​តារា​ទាំងនោះ​ហក់​ឡើង​ខ្ពស់កប់ពពក​។​

​កាសែត​ចិន Guo Ji Zai Xian បាន​ចុះផ្សាយ​ថា​តារា​រូប​សង្ហា​ពីររូប​ពី​ប្រទេស​កូរ៉េ​គឺ​លោក Lee Min Ho និង Kim Soo Hyun បានទទួល​តម្លៃ​ខ្លួន​ក្នុងការ​បង្ហាញ​វត្តមាន​ម្ដងៗ ៨៥០ លាន​វ៉ុ​ន (​ប្រមាណ​ជាង​៧​ម៉ឺន​៧​ពាន់​ដុល្លារ​) ។ តាមប្រភព​ព័ត៌មានដដែល​បាន​បង្ហាញ​ដែរ​ថា Lee Min Ho និង Kim Soo Hyun គឺជា​តារា​សម្ដែង​មកពី​កូរ៉េ​ដែល​ទទួលបាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​ប្រចាំឆ្នាំ​២០១៥ ដោយ​តារា​ទាំងពីរ​នេះ​នឹង​ទទួលបាន​ទឹកប្រាក់ ៨៤៤ លាន​វ៉ុ​ន សម្រាប់​ការបង្ហាញ​ខ្លួន​ចូលរួម​ក្នុង​កម្មវិធី​កម្សាន្ត​ផ្សេងៗ​របស់​ប៉ុស្ដិ៍​ទូរទស្សន៍​ប្រទេស​ចិន​។​

​បន្ទាប់ពី​អ្នក​ទាំងពីរ​មក​គឺ​បាន​ទៅលើ​តារា​សម្ដែង​កំពូល​ល្បី Jung Ji Hyun តួឯក​ស្រី​ពី​​រឿង “​សង្សារ​ខ្ញុំ​ជា​បុរស​ភព​ផ្កាយ​” ដែល​ទទួលបាន​តម្លៃ​ខ្លួន​ប្រមាណ ៧៣០ លាន​វ៉ុ​ន (​ប្រមាណ​ជាង ៦​ម៉ឺន​៦​ពាន់​ដុល្លារ​) បន្ត​មកទៀត​គឺ​ក្រុម SNSD ដែល​ទទួលបាន​ទឹកប្រាក់ 520 លាន​វ៉ុ​ន (​ប្រមាណ​ជាង​៤​ម៉ឺន​៧​ពាន់​ដុល្លារ​) ប៉ុន្តែ​សមាជិក​ម្នាក់​ដែលមាន​ប្រជាប្រិយភាព​ជាងគេ YoonA នឹង​ទទួលបាន​តម្លៃ​ខ្លួន ១៧០​លាន​វ៉ុ​ន​(​ប្រមាណ​ជាង​១​ម៉ឺន​៧​ពាន់​ដុល្លារ​) សម្រាប់​ការបង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ម្នាក់ឯង​ដែល​ចាត់ទុកថា​ថ្លៃ​ជាងគេ​បំផុត​ក្នុងចំណោម​សមាជិក SNSD ដូចគ្នា ។​

​ក្រៅពី​តារា​ល្បីៗ​ដែល​បាន​រៀបរាប់​ខាងលើ​សមាជិក Running Man ពី​វិធី​កម្សាន្ត Variety Show របស់​ប៉ុស្ដិ៍ SBS ដូចជា Song Ji Hyo Lee Kwang Soo និង Gary ដែល​កំពុង​ទទួលបាន​ការស្រលាញ់​និង​ពេញនិយម​បំផុត​នៅ​ប្រទេស​ចិន​ម្នាក់ៗ​មានតម្លៃ​ខ្លួន ១១៣​លាន​វ៉ុ​ន (​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​) ៕

​ប្រែ​សម្រួល​៖ សុខា នី​កា​
ប្រភព៖​ mwave.interest.me