វត្ថុ​១០​មុខ​នេះ​​លោក​​អ្នក​មិន​គួរ​​​ធ្វើ​ជា​កាដូ​​​ជូន​​អ្នក​ជា​ទីស្រលាញ់​​​ទេ​​នៅ​ថ្ងៃ​​​​​​​១៤​ កុម្ភៈ​បើ​តាម​ជំនឿ​ត​ៗ​គ្នា​​

2/12/2015 0 Comments A+ a-


រូប​តំណាងប្រភព៖​ pinterest.com, silverimagejewellery.co.uk, bagittoday.com, plush.co.za
​អ្វី​​​ដែល​គេហទំព័រ​ TheBNEWS ​លើក​យកមក​បង្ហាញ​​មិត្ត​អ្នក​អាន​ នា​ពេល​​នេះ ​គឺជា​ជំនឿ​​​​តៗ​​​គ្នាប៉ុណ្ណោះ។ មនុស្ស​មួយ​ចំនួន​​​លើក​ឡើង​​ថា​ វត្ថុ​ដែល​លោក​​អ្នក​ចង់​ទិញ​ជូន​​​មនុស្ស​ជា​ទី​ស្រលាញ់​​​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ​ ​​គួរ​ចៀស​​វាង​វត្ថុ​ទាំង​ ​១០​មុខ​នេះ​​ ​ព្រោះ​​​នឹង​នាំ​ឱ្យ​​ស្នេហា​របស់​លោក​អ្នក​​ប្រេះ​ឆា។​ ទោះ​ជា​យ៉ាង​ណា​ នេះ​គឺ​គ្រាន់​តែ​ជា​ជំនឿ​ ​គ្មាន​អ្នកណា​ហ៊ាន​ចេញមុខ​អះអាង​​ថា ​​វា​ពិត​នោះ​ទេ។​​​

១.​ទឹកអប់​
​​​មាន​មនុស្ស​ជាច្រើន​នាក់ ​ថា ​មិន​គួរ​​ទិញ​ទឹកអប់​​ឱ្យ​មនុស្ស​ជា​ទី​ស្រលាញ់​​​ទេ ព្រោះ​ស្នេហា​របស់​អ្នក​អាច​នឹង​សាបសូន្យ​ដួច​ក្លិន​ទឹកអប់​ដែល​សាបរលាប​បន្តិចៗ​ម្ដងៗ​ទៅតាម​ពេលវេលា​។

២.​ស្បែកជើង​
​មនុស្ស​មួយចំនួន​អះអាងថា​ ​ការដែល​ទិញ​ស្បែកជើង​ឱ្យ​​មនុស្ស​ជា​ទី​ស្រលាញ់​ ​អ្នក​ទាំងពីរ​អាច​នឹង​​បែកបាក់​គ្នា ព្រោះ​ស្បែកជើង​គឺជា​វត្ថុ​​មាន​​គូ ដូច្នេះ​អ្នក​ដែល​​​ជា​គូ​សង្សា​នឹង​​គ្នា​តែ​មិន​ទាន់​បាន​រៀប​​ការ ​មិន​ទាន់​​ចាត់ទុក​ថា​ជា​គូ​​នោះទេ។ ​

៣.​សំលៀកបំពាក់​ពណ៌​ខ្មៅ​
​ចំណុច​ទី​បី​នេះ​ គឺ​ចង់​សម្ដៅ​ទៅ​លើ​​កាដូ​វត្ថុ​អនុស្សាវរីយ៍​ជា​សំលៀកបំពាក់​ពណ៌​ខ្មៅ ព្រោះ​ចាស់​បុរាណ​ប្រកាន់​ណាស់​មិន​ថា ​​ខោអាវ​ឬ​ក្រណាត់​ខ្មៅ​ឱ្យ​​​ទៅ​អ្នកណា​នោះ ​យើង​នឹងត្រូវ​ទៅ​បុណ្យសព​អ្នកនោះ​។​

៤.​នាឡិកា​
​ចំណុច​នេះ​មាន​មនុស្ស​ជាច្រើន​ជឿជាក់ថា ​បើសិនជា​ទិញ​នាឡិកា​នឹងធ្វើ​​ឱ្យ​​ទំនាក់ទំនង​ស្នេហា​ត្រូវ​បញ្ចប់​​នៅ​ថ្ងៃ​ណា​មួយ​ ដូចជា​ទ្រនិចនាឡិកា​ឈប់​ដើរ​​នៅ​ថ្ងៃ​ណា​មួយ​​ដែរ​ មិន​ថា​មកពី​មូលហេតុ​អ្វី​នោះទេ​។

៥.​រូបថត​​តែ​ម្នាក់​ឯង
​វត្ថុ​ដែល​​មិន​គួរ​យក​ធ្វើ​ជា​​កាដូ​​មួយទៀត​នោះ​ គឺ​រូបថត​ដែល​ថត​តែម្នាក់ឯង ព្រោះ​ការឱ្យ​រូបថត​ម្នាក់ឯង​ប្រៀបដូចជា​ឱ្យ​រូបថត​ទុក​មើល​ជា​​ការ​នឹករលឹក​ពេល​មិនបាន​ជួបគ្នា។​

៦.​កន្សែង​ជូត​មុខ​
​កន្សែង​ជូត​មុខ​ ភាគច្រើន​គេ​ទុក​សម្រាប់​ជូត​ទឹកភ្នែក​ដូច្នេះ ការដែល​​ឱ្យ​​​ចា​កាដូ​​មានន័យថា​ចង់ឱ្យ​មនុស្ស​ម្នាក់​ទុក​សម្រាប់​ជូត​ទឹកភ្នែក​គេ។

៧.​របស់​មានមុខ​មុត​
​ចំពោះ​ចំណុច​នេះ ​មិនបាច់​និយាយ​ពី​រឿង​ជំនឿ​ក៏​មិនគួរ​ឱ្យ​ដែរ ព្រោះ​របស់​ដែល​មានមុខ​មុត​អាច​នឹង​ធ្វើឱ្យ​អ្នកទទួល​ជួប​គ្រោះថ្នាក់​​ជា​យថាហេតុ​បាន ដូច្នេះ​ហាម​ឱ្យ​ដាវ កាំបិត លំពែង​។​ល​។ ធ្វើជា​អំណោយ​ព្រោះ​នឹងធ្វើ​ឱ្យទទួល​រងគ្រោះថ្នាក់ ឬក៏​សំណាង​មិនល្អ​។​

៨.​ក្រាស់​សិតសក់​
​ ​តាម​ជំនឿ​ ​បើសិនជា​អ្នក​ឱ្យ​ក្រាស់​សិតសក់​ទៅ​​គូស្នេហ៍​ ឬ​មិត្តភក្ដិ​ណា​ម្នាក់ នឹង​ធ្វើឱ្យ​ចំណងមិត្តភាព​រវាង​អ្នក​នឹង​នៅ​ឆ្ងាយ​ពីគ្នា​ដូចជា​ចន្លោះ​ក្រាស់​ដូច្នោះ​ដែរ​។​

៩. កន្លាស់​អាវ​
​ផ្នែក​ខាងក្រៅ​អាច​មើលទៅ​ស្អាត ប៉ុន្តែ​ផ្នែក​ខាងក្នុង​បង្កប់​ទៅដោយ​អត្ថន័យ​​​មិន​ល្អ​បើ​តាម​ជំនឿ​។ ​បើសិនជា​អ្នក​ឱ្យ​កន្លាស់​ទៅ​អ្នកណា នោះ​ប្រៀបដូចជា​ការចាក់​ចូលចិត្ត​អ្នកនោះ​បង្ករ​ជាការ​ឈឺចាប់​ឬ​ឈ្លោះប្រកែក​គ្នា​ជាមួយនឹង​អ្នកទទួល​។​

១០.​របស់​ប្រើប្រាស់​ធ្វើ​ពី​កែវ​
​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​កែវ​គឺជា​ទី​ពេញនិយម​សម្រាប់​​គូ​ស្នេហ៍ ប៉ុន្តែ​មាន​ជំនឿ​ទាក់ទង​នឹង​រឿងនេះ​ថា​បើសិនជា​កែវ​នោះ​បែក នោះ​មានន័យថា​សម្ព័ន្ធភាពរ​បស់​អ្នក​ទាំងពីរ​នឹង​ប្រេះស្រាំ​បែកបាក់​ដូចជា​កែវ​ដែល​បែក​ដូច្នោះ​នោះដែរ​។​

TheBNEWS ជឿថា​ ការបែកបាក់​ឬ​សេពគប់​គ្នា​មិនមែន​អាស្រ័យ​តែ​លើ​ការស្រលាញ់​មួយ​មុខ​នោះទេ ការយល់​ចិត្ត​គ្នា ការ​ឱ្យ​តម្លៃ​គ្នា​ទៅ​វិញ​ ការ​ផ្ដល់​​កិត្តិយស​ចំពោះ​គ្នា ការជឿជាក់​ចំពោះ​ដៃគូ​គឺជា​រឿង​សំខាន់ ហើយ​ចំពោះ​​អ្វី​ដែល​ TheBNEWS លើក​ឡើង​​ខាងលើនេះ​ក៏​អាស្រ័យទៅលើ​ជំនឿ​របស់​បុគ្គល​​ម្នាក់​ប៉ុណ្ណោះ៕

​ប្រែ​សម្រួល​៖ សុខា នី​កា​
ប្រភព៖​ variety.teenee.com