ពីឡុត TransAsia ដែលប្រឡងឡើងវិញ ធ្លាក់អស់ ១០ នាក់, ឥឡូវត្រូវព្យួរការងារ
ពីឡុតរបស់ក្រុមហ៊ុនអាកាសចរណ TransAsia ១០ នាក់ត្រូវបានព្យួរការងារ ព្រោះប្រឡងធ្លាក់ការធ្វើតេស្តឡើងវិញ បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនបានធ្លាក់ម្ដងហើយម្ដងទៀត។ ក្នុងចំណោមអ្នកបើកយន្តហោះទាំង ៧១ នាក់របស់ក្រុមហ៊ុន TransAsia គឺបានប្រឡងធ្លាក់ ១០ នាក់ ហើយត្រូវក្រុមហ៊ុនសម្រេចព្យួរការងារមួយរយៈពេលសិន។
អញ្ញត្រករនៅកោះតៃវ៉ាន់ បានឲ្យដឹងថា ក្នុងចំណោមអ្នកបើកបររបស់ TransAsia ដែលបានប្រឡងឡើងវិញនេះ មាន ១០ នាក់ក្នុងចំណោមពីឡុត ៤៩ នាក់ ដែលបើកយន្តហោះម៉ាក ATR បានប្រឡងធ្លាក់វិញ្ញាសាសម្ភាសផ្ទាល់មាត់ (oral proficiency tests)។
វិញ្ញាសានោះចោទសួរជុំវិញការដោះស្រាយបញ្ហាក្នុងគ្រាអាសន្ន ដូចជា៖ នៅពេលដែលម៉ាស៊ីនយន្តហោះគាំង ឬដើរមិនស្រួល អ្នកបើកបរត្រូវដោះស្រាយយ៉ាងដូចម្ដេច? ដូចនេះ ពីឡុតទាំង ១០ នាក់នេះ ទោះចង់ឬមិនចង់ ក៏ក្រុមហ៊ុន TransAsia ត្រូវតែព្យួរការងារគេសិន ទៅតាមគោលការណ៍ និងបទបញ្ជាពីអញ្ញត្រករដែលជាស្ថាប័នមានសមត្ថកិច្ច៕
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ Reuters
