រុស្ស៊ី ផលិតបានគោអត់ស៊ីស្មៅ តែអាចធំធាត់ និងលូតលាស់ដូចគោធម្មតា
ខាងក្រោមនេះជាអត្ថបទនៅលើទំព័រសារព័ត៌មានរបស់ប្រទេសរុស្ស៊ីដូចជា៖ The Moscow Times , Rossiyskaya Gazeta និងទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASSស្ដីពីសមិទ្ធផលដ៏ថ្មីសន្លាង ដែលអ្នកវិទ្យាសាស្ត្ររុស្ស៊ីសម្រេចបានកាលពីពេលថ្មីៗបំផុតនេះ មានសេចក្ដីដូចខាងក្រោម។
អ្នកវិទ្យាសាស្ត្ររុស្ស៊ីបានស្រាវជ្រាវឃើញវិធីបង្កាត់សត្វគោសិប្បនិម្មិតដ៏អស្ចារ្យមួយប្រភេទ ដែលអាចរស់បាន និងរីកធំធាត់ជានិច្ចនិរន្ត ដោយមិនចាំបាច់ស៊ីចំណីអាហារក្នុងរយៈពេលយូរអង្វែង។ ដូចនេះ ក្នុងរដូវធ្លាក់ទឹកកក ដែលខ្សត់ស្មៅ ឬគ្មានស្មៅ ក៏គោនេះអាចចិញ្ចឹមជីវិត និងរីកធំធាត់ ដោយមិនចាំបាច់ស៊ីចំណីអាហារអ្វីទាំងអស់។
គោប្រភេទនេះត្រូវគេឲ្យឈ្មោះថា Aita។ លទ្ធផលបង្កាត់ពូជគោ Aita ជាសមិទ្ធផលនៃការស្រាវជ្រាវរយៈពេល ១៥ ឆ្នាំកន្លងមកហើយ។ នេះបើយោងតាមសារព័ត៌មាន Rossiyskaya Gazeta ជាសារព័ត៌មានរដ្ឋរបស់ប្រទេសរុស្ស៊ី។
អ្នកបង្កាត់ពូជគោ Aita ប្រាប់សារព័ត៌មាន Rossiyskaya Gazeta ថាគោប្រភេទនេះ ស្រួលចិញ្ចឹមណាស់ ព្រោះរបៀបចិញ្ចឹមជីវិតរបស់វា ខុសពីគោទូទៅ។ ចំណីអាហារអ្វីក៏វាស៊ីបាន រហូតដល់ថ្នាក់សូម្បីតែកម្ទេចកម្ទីដែលកប់នៅពីក្រោមទឹកកក ឬព្រឹល ក៏គោនេះស៊ីជាចំណីជំនួសស្មៅបាន។ មូលហេតុដែលគោនេះអាចរស់ក្នុងស្ថានភាពលំបាកខ្លាំង និងអាចអត់អាហាររយៈពេលយូរអង្វែង ដោយសារវាមានក្រពេញខ្លាញ់ពិសេសម្យ៉ាង ដែលវាអាចស្រូបយកមកបំប៉នខ្លួនវា។
ដូចនេះ វិធីចិញ្ចឹមជីវិតរបស់វា ដូចគ្នានឹងសត្វអូដ្ឋនៅអាហ្វ្រិក។ រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ី លោក Nikolai Fyodorov ឲ្យដឹងថា ចាប់ពីពេលនេះទៅទល់ឆ្នាំ២០២០ រដ្ឋាភិបាលគ្រោងផ្ដល់កញ្ចប់ថវិកា ១៨០ លានដុល្លារ សម្រាប់ឧបត្ថម្ភផែនការណ៍បង្កាត់ពូជគោ Aita ក៏ដូចជាកម្មវិធីបង្កាត់ពូជសត្វដទៃទៀត តាមវិទ្យាសាស្ត្រទំនើប៕
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ The Moscow Times , Rossiiskaya Gazeta