កម្ពុជា​​ចំណាយ​លុយ​ជាង ​១​,៤៦​ពាន់​លាន​ដុល្លារ​អាមេរិក​​​ទិញ​ប្រេង​ឥន្ធនៈ​​

2/12/2015 0 Comments A+ a-

រូប​តំណាង​ប្រភព៖​ www.2b1stconsulting.com
តាម​របាយ​ការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ​​បង្ហាញ​ថា ​​នៅ​ឆ្នាំ​២០១៤​​ កន្លង​​មក​នេះ​ ​កម្ពុជា​​បាន​ចំណាយ​លុយ​ប្រមាណ​ជាង​ ១,៤៦​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​ទិញ​ប្រេង​ឥន្ធនៈ​ដើម្បី​ផ្គត់​ផ្គង់​នៅ​ក្នុង​ស្រុក​ដែល​ចំនួន​នេះ​​មាន​ការ​ធ្លាក់​ចុះ​ ​​០,៦​% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៣ ​មាន​ ១,៤៧​ពាន់​លាន​ដុល្លារ​អាមេរិក​​ ។

តាម​របាយការណ៍​របស់​ក្រសួង​​ពាណិជ្ជកម្ម​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ឲ្យ​ដឹង​ថា​បរិមាណ​នៃ​ការ​នាំ​ចូល​ប្រេង​នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ​មាន​ចំនួន​ ១,៥៥ លាន​តោន​ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង​ប្រមាណ​ ១,៣​ %​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៣​ ។ ​

ស្រប​ពេល​ដែល​​​តម្លៃ​ប្រេង​នៅ​លើ​ពិភព​លោក​កំពុងតែ​ធ្លាក់​ចុះ​ តម្លៃ​ប្រេង​នៅ​កម្ពុជា​ក៏​បាន​​និង​កំពុង​តែ​ធ្លាក់​ចុះ​ផង​ដែរ​។​​​​​ ទាក់​ទង​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​នេះ​ ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​​សម្តេច​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ​ធ្លាប់​បាន​អំពាវ​នាវ​ទៅ​ដល់​បណ្ដា​​ក្រុម​ហ៊ុន​ស្ថានីយ​ប្រេង​ឥន្ធនៈ​នៅ​ក្នុង ​ស្រុក​​ឱ្យ​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​ក្នុង​ការ​បញ្ចុះ​តម្លៃ​ប្រេង​បន្ថែម​ទៀត​ ​​ ខណៈ​ដែល​​តម្លៃ​ប្រេង​នៅ​​ទីផ្សារ​ពិភព​លោក​​ធ្លាក់​ថ្លៃ​ជា​បន្ត​បន្ទាប់​។​​

​ជា​ការ​ឆ្លើយ​តប​ ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​​លោក ស៊ុន​​ ចាន់ថុល ​​ក៏​បាន​ស្នើ​ឱ្យ​អ្នក​ចែក​ចាយ​ ប្រេង​ឥន្ធនៈ​ទាំងឡាយ​ដែល​ជា​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​ និង​អ្នក​លក់​រាយ​នៅ​ក្នុង​ស្រុក​​ ពិនិត្យ​លទ្ធភាព​បញ្ចុះ​តម្លៃ​ប្រេង​របស់​ខ្លួន​ឱ្យ​ស្រប​ទៅ​នឹង​ថ្លៃ​ប្រេង ​ពិភព​លោក​​ ហើយ​រៀប​ចំ​កិច្ច​​​​​ប្រជុំ​ពិភាក្សា​រៀង​រាល់ ​១០​ថ្ងៃ​ម្ដង​ដើម្បី​ពិភាក្សា​ទៅ​ស្ថានភាព​តម្លៃ​ប្រេង​​ក្នុង​ការ​ផ្សព្វ​ ផ្សាយ​ជូន​សាធារណៈ​​ជន ៕​

អត្ថបទ៖​ចាន់​ សុខ នាង​