សូម​ប្រុង​ប្រយ័ត្ន! មាន​តេនញ៉ា​មួយ​ប្រភេទ​អាច​ជ្រៀត​ចូល​ដល់​ក្នុង​ខួរក្បាល!

2/12/2015 0 Comments A+ a-


តេនញ៉ា​ឆ្លង​ពី​សត្វ​មក​មនុស្ស​តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់​ជា​មួយ​ពង​​តេនញ៉ា (រូប​តំណាង)ប្រភព៖​ tailsfirst.com

ចំណី​អាហារ​ដែល​ផ្ទុក​ពពួក​បរាសិត​ប្រភេទ​ខ្លះ​ដូចជា ៖ ដង្កូវ – ព្រូន – តេនញ៉ា​។ល។ ដែល​មនុស្ស​យើង​បរិភោគ​ដោយ​មិន​បាន​ដឹង​មុន។ ​កាលពី​ឆ្នាំ២០០៩ បុរស​ម្នាក់​មាន​ដើម​កំណើត​ជា​ជនជាតិ​ចិន បាន​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ ដោយ​សារ​អាការៈ​ឈឺក្បាល​ជា​ប្រចាំ។ មុន​ដំបូង វេជ្ជបណ្ឌិត​ស្មាន​ថា​លោក​កើត «ជំងឺ​របេង – tuberculosis»។

អ្វី​ដែល​គ្រូពេទ្យ​ភ្ញាក់​ផ្អើល គឺ​នៅ​ពេល​ដែល​គេ​បាន​យក​អ្នក​ជំងឺ​រូប​នោះ​ទៅ​ស្កេន​ក្បាល ឃើញ​តេនញ៉ា​មួយ​ក្បាល​ធំ និង​រស់​រវើក​នៅ​ក្នុង​ខួរ​ក្បាល។ បណ្ឌិត Effrossyni Gkrania-Klotsas ឲ្យ​ដឹង​ថា​តេនញ៉ា​នោះ​បាន​រំកិល​ខ្លួន​ពី​ជ្រុង​ម្ខាង​នៃ​ខួរក្បាល​ទៅ​ជ្រុង​ម្ខាង​ទៀត ដោយ​មិន​មាន​ប៉ះពាល់​អ្វី​នៅ​ក្នុង​ខួរក្បាល​គួរ​ឲ្យ​កត់​សម្គាល់​សោះ។ ដុកទ័រ​បាន​ឲ្យ​ឈ្មោះ​ជំងឺ​នេះ​ថា Spirometra erinaceieuropaei ហើយ​មិន​អាច​រក​ថ្នាំ​អ្វី​សម្រាប់​ជំរុះ​តេនញ៉ា​នោះ​ចេញ​ពី​ខួរ​ក្បាល​បាន​ទេ គឺ​មាន​តែ​វិធី​វះកាត់​ខួរ​ក្បាល​តែ​មួយ​មុខ​គត់។ តេនញ៉ា​នោះ​បាន​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​កើត​អាការៈ​ក្រញង់​ដៃ​ក្រញង់​ជើង និង​ទន់​សរសៃ​ជើង។


តាមពិត តេនញ៉ា​ឬ​ដង្កូវ​សំប៉ែត​ឈ្មោះ Spirometra នេះ​ត្រូវ​គេ​ឃើញ​មាន​តែ​នៅ​ក្នុង​ពោះ​វៀន​សត្វ​ឆ្កែ និង​ពោះ​វៀន​សត្វ​ឆ្មា​ប៉ុណ្ណោះ​។ បរាសិត​ប្រភេទ​នេះ​អាច​ឆ្លង​ចូល​ក្នុង​ខ្លួន​មនុស្ស ពេល​មនុស្ស​ហែល​ទឹក​ស្រះ ទឹក​ត្រពាំង ដែល​មាន​ពង​របស់​វា ហើយ​វា​អាច​ជ្រៀត​ចូល​ក្នុង​មាត់​របស់​មនុស្ស។ តាម​ការ​ស្រង់​ស្ថិតិ​អ្នក​ជំងឺ​ដែល​មាន​តេនញ៉ា​ Sparganosis ឆ្លង​ចូល​ក្នុង​ខ្លួន ចាប់​តាំង​ពី​ឆ្នាំ១៩៥៣ រៀង​មក​គឺ​មាន​ចំនួន ៣០០ នាក់៕

ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ CNN