ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅតៃវ៉ាន់ អ្នកបើកតាក់ស៊ីម្នាក់ត្រូវចាត់ទុកថាជាមនុស្សសំណាងបំផុត
អ្នកបើកបរតាក់ស៊ីម្នាក់មានសំណាងអាចនៅរស់រានមានជីវិតបន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន TransAsia ផ្ទុកមនុស្ស ៥៨នាក់មួយគ្រឿង បានហោះទៅឆាបផ្នែកខាងមុខរថយន្តរបស់គាត់រួចទៅប៉ះស្ពាននឹងធ្លាក់ចូលក្នុងទឹកទន្លេកាលពីព្រឹកម្សិលមិញដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១នាក់។
អ្នកបើកបរតាក់ស៊ីម្នាក់នោះមានឈ្មោះថា Zhou បានលូនចេញពីរថយន្តរបស់លោកទាំងខ្លួនមានរបួសធ្ងន់ធ្ងរ។ លោកបាននិយាយប្រាប់ក្រុមវេជ្ជបណ្ឌិតដូច្នេះថា ៖«ខ្ញុំសន្លប់ក្នុងពេលដែលយន្តហោះនោះមកឆាបចំរថយន្តរបស់ខ្ញុំ»។
សូមបញ្ជាក់ថា យន្តហោះរបស់ក្រុមហ៊ុន TransAsia ជើងហោះហើរ 235 បានហោះទៅបុកបង្កាន់ដៃស្ពាន រួចក៏ធ្លាក់ទៅក្នុងទឹកទន្លេ Keelung។
លោក Zhou បានអះអាងថា លោកមានបញ្ហាបេះដូង ហើយលោកបានវារចេញពីរថយន្តស្ទើរតែពុំរួច មុនពេលដែលលោកនិយាយថា ៖«ខ្ញុំមានសំណាងមែន នៅមានជីវិត»។ ក្នុងចំណោមអ្នកដំណើរទាំងអស់ មានក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ក្នុងចំណោមក្មេងតូចៗ ៤នាក់ត្រូវបានគេជួយសង្គ្រោះបាន និងនៅរស់រានមានជីវិត។
តាមរូបថតដែលគេថតបាន ក្មេងប្រុសនោះមិនរងរបួសអ្វីនោះទេ៕
