ចិនក្ដៅស្លឹកត្រចៀក ពេលនាយករដ្ឋមន្ត្រីឥណ្ឌាទៅត្រួតពិនិត្យតំបន់មានជម្លោះ
កាលពីថ្ងៃសុក្រ ចិនបានចេញសេចក្តីថ្លែងការណ៍ ប្រឆាំងទៅនឹង ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់តំបន់ព្រំដែននៃរដ្ឋ Arunachal Pradesh ដែលជាតំបន់មានជម្លោះតានតឹងជាមួយនឹងចិន។
ក្នុងសេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់រដ្ឋ Arunachal Pradesh គឺជាជំហរមួយនាំឲ្យការដោះស្រាយជម្លោះនៅតាមតំបន់ព្រំដែនមានការលំបាក។
រដ្ឋាភិបាលចិន មិនបានចាត់ទុកថា រដ្ឋ Arunachal Pradeshដែលឥណ្ឌាកំពុងកាន់កាប់នេះគឺមានតំបន់ ៣ សំខាន់ដែលជាកម្មសិទ្ធិរបស់ចិន ដែលធ្វើឲ្យភាគីទាំងពីរមានភាពតានតឹងនៅតំបន់ព្រំដែនអូសបន្លាយអស់ជាច្រើនឆ្នាំដោយ ពុំទាន់មានដំណោះស្រាយនៅឡើយ។
សូមបញ្ជាក់ថា ឥណ្ឌា និង ចិនតែងតែមានជម្លោះព្រំដែនជាមួយគ្នា តាំងពីសម័យដើមមកម្ល៉េះ ដូច្នេះហើយ ប្រទេសភូមិផងរបងជាមួយគ្នានេះតែងតែមើលមុខគ្នាមិនចំ ហើយតែងព្យាយាមប្រជែងលើវិស័យការពារជាតិ។
កាលពីខែមករាកន្លងទៅ ប្រធានាធិបតីអាមេរិក លោក Barack Obama មកកាន់ប្រទេសឥណ្ឌា បញ្ជាក់ឲ្យឃើញថា ឥណ្ឌា និង អាមេរិកកាន់តែពង្រឹងមិត្តភាពជាមួយគ្នា ដែលធ្វើឲ្យចិនមិនសូវសប្បាយចិត្តនោះទេ។
សូមបញ្ជាក់ថា ឥណ្ឌាគ្រោង ចំណាយថវិកាប្រមាណ ១៦ ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់នាវាមុជទឹកដែលប្រព័ន្ធ រ៉ាដាចាប់មិនបានចំនួន ៧ គ្រឿង និង នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែចំនួន ៦ គ្រឿង នៅពេលខាងមុខ ដើម្បីនាំមុខវិស័យយោធារបស់ចិន៕
ប្រែសម្រួល៖ រស្មី
ប្រភព៖ www.channelnewsasia.com