តើ​ក្នុង​កាបូប​ខ្មៅ​ប្រធានាធិបតី​អាមេរិក​​មាន​អ្វី​​ជា​អាថ៌កំបាំង បាន​ជា​ដាក់​ជាប់​​ខ្លួន​ជានិច្ច​ (មាន​វីដេអូ)?

2/14/2015 0 Comments A+ a-


កាបូប nuclear Football ដែល​ជំនួយ​ការ​ប្រធានាធិបតី​កាន់​តាម​ខ្លួនប្រភព៖​ businessinsider.com

កាបូប​ស្បែក​ពណ៌​ខ្មៅ​ដែល​ជំនួយ​ការ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដាក់​តាម​ខ្លួន​ជា​ប្រចាំ​ពេល​អម​ដំណើរ​គណៈប្រតិភូ។ កាបូប​នេះ​ផ្ទុក​ឯកសារ និង​ឧបករណ៍​​សម្ងាត់​កម្រិត​ខ្ពស់ (top-secret) ដែល​ប្រធានាធិបតី​ប្រើប្រាស់​សម្រាប់​បញ្ជា​កងទ័ព​បាញ់​គ្រាប់​មីស៊ីល​បរមាណូ នៅ​ពេល​ដែល​ប្រធានាធិបតី​នៅ​ឆ្ងាយ​ពី​ទីបញ្ជាការ​ ឧទាហរណ៍​ពេល​ដែល​លោក ឬ​លោកស្រី​មិន​មាន​វត្តមាន​នៅ​ក្នុង​សេតវិមាន។

កាបូប​នេះ​ត្រូវ​គេ​ហៅ​តាម​ភាសា​ផ្លូវការ​ថា nuclear Football យួរ​ដោយ​ដៃ​ផ្ទាល់​របស់​ជំនួយ​ការ​ខាង​វិស័យ​ការពារ​ជាតិ។ កាលណា​មាន​ហេតុការណ៍​ចាំបាច់ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ក្នុង​នាម​ជា​អគ្គបញ្ជាការ​កងទ័ព ស្ថិត​នៅ​ក្បែរ​គាត់​គ្រប់​ពេល​វេលា ដូចនេះ ក្នុង​កាលៈទេសៈ​ចាំបាច់ ប្រធានាធិបតី​គ្រាន់​តែ​ឲ្យ​គេ​យក​កាបូប​នោះ​ទៅ​ជូន​គាត់​ជា​ការ​ស្រេច។


​លោក Bill Gulley ជា​អតីត​នាយក​ទីចាត់ការ​នៃ​ការិយាល័យ​ការពារ​ជាតិ​ប្រចាំ​សេតវិមាន (the White House)។ លោក​ប្រាប់​ថា នៅ​ក្នុង​កាបូប​សម្ងាត់​នោះ​ផ្ទុក​សំណុំ​ឯកសារ និង​វត្ថុ​ចំនួន​បួន​ប្រភេទ៖

១- សៀវភៅ​កម្រាស់ ៧៥ ទំព័រ​ពណ៌ខ្មៅ។ សៀវភៅ​នេះ និយាយ​អំពី​ជំរើស​ផ្សេងៗ សម្រាប់​ប្រធានាធិបតី​ចេញ​បញ្ជា​ឲ្យ​វាយ​ប្រហារ​ទៅ​បច្ចាមិត្ត​ដោយ​ប្រើ​អាវុធ​បរមាណូ ឬ​នុយក្លេអ៊ែរ (nuclear weapons)។ សៀវភៅ​នេះ​ជា​សៀវភៅ​ពុម្ព បោះ​ពុម្ព​ដោយ​ប្រើ​ទឹក​ថ្នាំ​ពណ៌​ខ្មៅ និង​ពណ៌​ក្រហម។

២- សៀវភៅ​មួយ​ក្បាល​ទៀត ពណ៌​ខ្មៅ (Black Book) និយាយ​អំពី​ទីតាំង​ សម្រាប់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​យក​ធ្វើ​ជា​កន្លែង​សុវត្ថិភាព​សម្រាប់​បំពេញ​ការងារ​ក្នុង​ពេល​មាន​ចម្បាំង​រាំង​ជល់។

៣- ប្រអប់​ផ្ទុក​ឯកសារ​សម្ងាត់ (manila folder)។ ប្រអប់​នេះ​ជា​លក្ខណៈ​ក្រដាស​រឹង​កម្រាស់ ១០ ទំព័រ​ រៀបរាប់​អំពី​វិធី​គ្រប់គ្រង​បញ្ជា​ប្រព័ន្ធ​ចែកចាយ​ព័ត៌មាន​ក្នុង​គ្រា​អាសន្ន (Emergency Broadcast System)។

៤- លិបិក្រម​ ​(index) ឬ​ហៅ​ម្យ៉ាងទៀត​ថា​ជា​បញ្ជី​រាយ​លេខ​កូដ​សម្ងាត់៕




.


​ប្រែ​សម្រួល​៖ អន សំអាង
ប្រភព៖​ Business Insider