វិធី រកលុយតាមរយះ រូបថតរបស់អ្នក!!!!!
អ្នកស្រឡាញ់ការថតរូបមួយចំនួនមិនដឹងថា តើរូបថតរបស់គេអាចជួយរកលុយបានតាមរបៀបណានោះទេ។ តាមពិត មានវិធីដែលរូបថតរបស់គេអាចលក់បាន។ បើអ្នកមិនទាន់ដឹង អាចមើលពីគំនិតខ្លះៗ ដែលអ្នកថតរូបបរទេសមួយចំនួននិយមធ្វើដើម្បីរកចំណូលប្រចាំថ្ងៃរបស់គេ។
ថតអាពាហ៍ពិពាហ៍
ថតរូបកម្រត្រូវបានគេមើលរំលងណាស់សម្រាប់កម្មវិធីផ្សេងៗ ជាពិសេសវិធីមង្គលការហ្នឹងតែម្ដង។ បើអ្នកគិតថា ធ្វើជាអ្នកថតរូបអ្វីក៏បាន អ្នកអាចថតរូបមង្គលការ ពីព្រោះមួយឆ្នាំៗ សម្បូរគេរៀបអាពាហ៍ពិពាហ៍ណាស់ ហើយការងារនេះដូចជាគ្មានទីបញ្ចប់ឡើយ។ ប៉ុន្តែដើម្បីរកចំណូលបានពីការថតអាពាហ៍ពិពាហ៍ អ្នកត្រូវប្រយ័ត្នរឿង៤យ៉ាង៖
-កុំថតហ្វ្រី៖ មិនខ្វល់ថាគាត់ជាអតីតមេអ្នក មិត្តអ្នក ឬមនុស្សដែលអ្នកចូលចិត្តនោះទេ អ្នកត្រូវតែយកកម្រៃពីការថតរូបឲ្យពួកគេ។ ការថតគឺមានកិច្ចការច្រើនត្រូវធ្វើ និងមានទំនួលខុសត្រូវ ដូច្នេះមិនត្រូវថតដោយអត់យកលុយឡើយ។
-រកអ្នកជួយបង្រៀន៖ បើអ្នកថ្មី និងមិនមានបទពិសោធន៍ក្នុងការថតអាពាហ៍ពិពាហ៍ គួររកអ្នកជំនាញណាម្នាក់ឲ្យជួយណែនាំអ្នកនូវអ្វីដែលត្រូវថត និងត្រូវចាត់ចែងយ៉ាងណា ដូចជាពេលវេលា ការរចនារូប ឬការផ្ដិតរូបជូនអតិថិជន។
-ជួលឧបករណ៍៖ ក្នុងការចាប់ផ្ដើមមុខរបរថ្មី និងខ្វះរបស់របរថតរូប អ្នកគួរជួលគេ ដូចជាកាមេរ៉ាកម្រិតខ្ពស់បន្តិច Lens ឬភ្លើង ប៉ុន្តែប្រយ័ត្នតម្លៃជួលហួសតម្លៃទទួលបានពីការថតរូបឲ្យគេ ដែលធ្វើឲ្យអ្នកខាតបាន។
-សួរនាំគេឲ្យបានច្រើន៖ គួរនិយាយលេងជាមួយកូនកំលោះ និងកូនក្រមុំឲ្យបានច្រើន ដើម្បីចង់ដឹងថា អតិថិជនទូទៅរបស់អ្នកចង់ឲ្យអ្នកថតរូបអ្វី ដូច្នេះអ្នកអាចអភិវឌ្ឍស្នាដៃរបស់ខ្លួន កុំឲ្យធ្វើតែតាមទម្លាប់ដដែលៗ។
ថតរូបអចលនទ្រព្យ
ខណៈពេលវិស័យចលនទ្រព្យមានការរីកចម្រើន អ្នកថតរូបនៅតាមបណ្ដាប្រទេសផ្សេងៗអាចរកលុយបានតាមរយៈការទាក់ទងនឹងម្ចាស់សំណង់ ម្ចាស់បុរី ឬភ្នាក់ងារលក់ដូរអចលនទ្រព្យ ដើម្បីថតរូបអគារ ផ្ទះវិឡា ឬផ្ទះល្វែង ទាំងក្នុងទាំងក្រៅឲ្យគេយកទៅផ្សព្វផ្សាយដើម្បីលក់ ដូច្នេះអ្នកថតរូបនឹងអាចទទួលបានប្រាក់ចំណូលពីការងារនេះ។ សាកល្បងទាក់ទងពួកអចលនទ្រព្យទាំងនោះមើល៍!
ថតរូបស្តុក
អ្នកថតរូបឯករាជ្យខ្លះបានទាក់ទងស្ថាប័ន ដែលត្រូវការរូបថតដើម្បីប្រើប្រាស់។ ស្ថាប័នដែលត្រូវការរូបដើម្បីប្រើប្រាស់មានដូចជាទូរទស្សន៍ កាសែត ទស្សនាវដ្ដី វ៉ិបសាយ ឬក្រុមហ៊ុនផលិតផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម។ ប៉ុន្តែត្រូវចាំថា ស្ថាប័នទាំងនោះភាគច្រើនអាចនឹងចុះផ្សាយរូបថតរបស់អ្នកថតល្បី ច្រើនជាងអ្នកទើបថតរូបថ្មីថ្មោង។ ដូច្នេះត្រូវយល់ថា រូបភាពណាដែលអាចជួយឲ្យគេលក់ផលិតផលរបស់គេដាច់ ទើបគេទិញស្នាដៃរបស់អ្នក។
ថតរូបសិល្បៈ
រូបថតសិល្បៈគឺពិបាករកទីផ្សារបន្តិច លើកលែងតែរូបនោះមើលឃើញអត្ថន័យអ្វីមួយទើបគេទិញ។ ថាមិនត្រូវ ជួនកាលរូបថតដែលអ្នកដាក់ព្យួរនឹងជញ្ជាំងអាចនឹងមានគេទាក់ទងទិញផងក៏មិនដឹង។ ប៉ុន្តែបើលក់មិនដាច់ មានគន្លឹះមួយចំនួនក្នុងការថតរូបសិល្បៈឲ្យមានហាងឆេងគ្រាន់បើ៖
-បង្កើតអ្នកគាំទ្រ៖ កម្រមានអ្នកណាទិញរូបថតអ្នកដោយមិនស្គាល់អ្នកនោះទេ។ មធ្យោបាយល្អដើម្បីអាចលក់រូបថតបែបសិល្បៈនេះដាច់ គឺតាមរយៈការបង្កើតអ្នកគាំទ្រ ដូចជាតាមរយៈការបង្ហោះរូបរបស់អ្នកលើទំព័រ Facebook ឲ្យគេបានឃើញ គេចាប់អារម្មណ៍ នោះគេអាចនឹងពិចារណាដែរ។
-គុណភាពរូបធំ៖ រូបថតបែបសិល្បៈ អ្នកគួរថតក្នុងទំហំធំបន្តិច ព្រោះពេលខ្លះអ្នកទិញចង់ផ្ដិតធំដាក់បិទជញ្ជាំង ឬធ្វើផ្ទាំងប៉ាណូ។
-តែមួយគ្មានពីរ៖ មិនត្រឹមតែគុណភាពទេ បើអ្នកអាចថតរូបបែបណា ដែលអ្នកថតរូបផ្សេងមិនអាចថតដូច នោះរូបរបស់អ្នកនឹងអាចលក់បាន និងលក់បានថ្លៃទៀតផង។
មធ្យោបាយនៃការលក់រូបថតបែបសិល្បៈ៖
-លក់ផ្ទាល់៖ ប្រសិនបើអ្នកស្គាល់អ្នកនិយមទិញរូបថតសិល្បៈច្រើន គួរទាក់ទងលក់ឲ្យគេ។ ឬបើអ្នកស្គាល់ហាងកាហ្វេ វិចិត្រសាល ឬកន្លែងណាមានមនុស្សឧស្សាហ៍ចូលមើល ដែលអនុញ្ញាតឲ្យអ្នកព្យួររូបគំនូររបស់អ្នកសម្រាប់លក់ ប្ដូរនឹងប្រាក់កុំមីស្យុងតិចតួច អ្នកគួរសហការជាមួយគេ ដូច្នេះអ្នកនឹងមានឱកាសច្រើនឲ្យគេបានឃើញស្នាដៃរបស់អ្នក។
-លក់តាមអនឡាញ៖ សាកល្បងរកមើលគេហទំព័រណា ដែលអនុញ្ញាតឲ្យអ្នកបង្ហោះរូបដើម្បីលក់ ដូចជា Smugmug និង Zenfolio ដូច្នេះអ្នកមិនត្រឹមតែអាចលក់រូបរបស់ខ្លួនក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទូទាំងពិភពលោកផង។
ម៉េចដែរ ប្រិយមិត្តអាចជ្រើសរើសវីធីណាមួយដើម្បីលក់រូបរបស់ខ្លួនបានអត់?