ស្ត្រីអាចឆាប់អស់រដូវដោយសារគ្រឿងសំអាង
សារជាតិគីមីមានជាទូទៅក្នុងគ្រឿងសំអាង, របស់ប្រើប្រាស់ក្នុងបន្ទប់ទឹក និងថង់អាហារ កំពុងធ្វើឲ្យស្ត្រីត្រូវឆាប់អស់រដូវជាងដល់ទៅ ៤ ឆ្នាំ។
ពួកជំនាញការនៅសាកលវិទ្យាល័យវ៉ាស៊ីនតោន (អាមេរិក) បានដំណើរការវិភាគបរិមាណរបស់សារជាតិគីមីចំនួន ១១១, សំខាន់គឺសារជាតិគីមីសិប្បនិម្មិត, ក្នុងឈាម និងទឹកនោមរបស់ស្ត្រី ៣១៥៧៥ នាក់ ។ គេបានបង្ហាញសារជាតិបង្កឧបសគ្គដល់ដំណើរការផលិត និងចែកចាយអ័រម៉ូនធម្មជាតិក្នុងសរីរាង្គមនុស្ស ។
សារជាតិ phthalate នៅក្នុងគ្រឿងសំអាងដូចជាៈ ក្រែមលាបមាត់, ថែទាំស្បែក, ថ្នាំក្រចក, របស់ថែទាំងសក់… ត្រូវបានរកឃើញថាអាចធ្វើឲ្យស្ត្រីឆាប់អស់រដូវជាងដល់ទៅ ៤ ឆ្នាំ
ក្នុងចំណោមសារជាតិគីមី ១១១ ប្រភេទ ត្រូវបានប្រមូលផ្តុំស្រាវជ្រាវមានទាំងជាតិពុលចំពោះប្រព័ន្ធបង្កើតកូនរបស់មនុស្ស ឬ សារជាតិត្រូវចំណាយពេលជាង ១ ឆ្នាំ ដើម្បីបំបែកបំផ្លាញ ។ វាអាចជាផលិតផលបន្ទាប់បន្សំរបស់ដំណើរការដុតបញ្ឆេះឧស្សាហកម្ម, សារជាតិបង្កកខ្វក់, Oestrogen មានប្រភពរុក្ខជាតិ, សារជាតិរាវធ្វើឲ្យត្រជាក់, ថ្នាំសម្លាប់សត្វល្អិត ។
ពួកជំនាញការអាហាររកឃើញថា សារជាតិគីមី ១៥ រួមមាន ៩ ប្រភេទ polychlorinated biphenyl (PCB), ថ្នាំសម្លាប់សត្វល្អិត ២ ប្រភេទ, phthalate 2 ប្រភេទ និងសារជាតិពុល១មានឈ្មោះ furan ឥទ្ធិពលយ៉ាងធំទៅដល់ដំណើរការអស់រដូវឆាប់នៅស្ត្រី និងអាចបង្កឥទ្ធិពលមិនល្អដល់មុខងារអូវែរ ។ ក្នុងចំណោមនោះ phthalate ជាសារជាតិគីមីត្រូវបានប្រើប្រាស់ធ្វើឲ្យទន់ជាតិស្វិត, មានច្រើននៅក្នុងថង់អាហារ និងផលិតផលប្រើប្រាស់ក្នុងគ្រួសារផ្សេងៗ រាប់ទាំងទឹកអប់, ក្រេមលាបមាត់, សាប៊ូ គ្រឿងសំអាងថែទាំសក់ និងក្រចកដៃ ។
លទ្ធផលស្រាវជ្រាវបង្ហាញថា ស្ត្រីមានបរិមាណសារជាតិគីមីខាងលើខ្ពស់ក្នុងឈាម និងទឹកនោម ឈានចូលដំណាក់កាលអស់រដូវឆាប់ជាង ២-៤ ឆ្នាំ ប្រៀបនឹងស្ត្រីមានបរិមាណសារជាតិនេះទាបជាង ៕
