នាយក​រដ្ឋ​មន្ត្រី​ ថាសកម្មជន​តវ៉ា​ដីធ្លី​​ជាប់គុក ព្រោះចង់បាន​ពាន​រង្វាន់

2/24/2015 0 Comments A+ a-

Tep-Vanny_Appeals-Court
ភ្នំពេញៈ លោក ហ៊ុន​ សែន​ កាល​ពី​ព្រឹក​មិញ បាន​ធ្វើ​ការ​​ចំអក​ដល់ស្ត្រី​សកម្មជន​ដីធ្លី​ជាប់​ពន្ធនាគារ​ ទោះនិយាយ​មិន​ចំឈ្មោះ ប៉ុន្តែ​​សំដៅ​ទៅលើ​ក្រុម​អ្នក​តវ៉ា​ដីធ្លីនៅ​បឹង​កក់ កំពុង​ឃុំ​ខ្លួន​​ជាប់​ទោស​​រហូត​ដល់​១ឆ្នាំ​​ ដែលលោក​ថា ពួកគេ​ធ្វើអ្វីៗ​​ដើម្បី​ឲ្យ​បាន​ជាប់​ពន្ធនាគារ ហើយ​ក្រោយ​មក​ដើម្បី​ទទួល​មេដាយ​​ពី​ក្រៅ​ប្រទេស តែ​ប៉ុណ្ណោះ។
លោក​នាយក​រដ្ឋ​មន្ត្រី ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​និស្សិត​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ បាន​ថ្លែង​ដូច្នេះ​ថា​៖​ «ជាប់​គុក​វា​មិន​ដែល​ស្រួល​ទេ។ សូម​អំពាវ​នាវ​កុំ​ឲ្យ​សាក​ល្បង​ជាមួយ​គុក។ មាន​ពេល​មួយ​នោះ វា​ថា​ជាប់​គុក​ ដើម្បី​ឲ្យ​ទៅយក​មេដាយ​នៅ​វ៉ាស៊ីងតោន​នោះ​ទេ​។ ព្រោះ​វា​ចង់​ជាប់​គុក ចឹង​ដាក់​ឲ្យ​បង្គ្រប់​កិច្ច ទៅយក​មេដាយ​នៅ​វ៉ា​ស៊ីង​តោន​ទៅ»។
លោក​បន្ត​ថា៖ «ថ្ងៃមុន​ឯកឧត្តម សម រង្ស៊ី​ គួយ​ ប៊ុនរឿន អេង​ ឆៃអ៊ាង​ ចូល​ទៅ​ក្នុង​បន្ទប់ (ខ្ញុំ) ហើយ​ថា ម៉េច​ហើយ​សម្តេច​ បាន​ជា​ដាក់​គុក?​ ​(ខ្ញុំ​ថា) តុលា​ការគេ​ដាក់ អាណា​គេ​ដឹង។ ហើយ​ ​(ខ្ញុំ​ថា) ម្នាក់​នោះ គេជាប់​គុក ហើយ​ចេញ​ពីគុក បាន​ទៅ​យក​មេដាយ​ នៅ​វ៉ាស៊ីង​តោន​ នេះ​គឺ​គាត់​ចង់​ជាប់​គុក​ដើម្បី ទៅ​យក​មេដាយ​ទេ បាន​ជា​គាត់​ប្រឹង​ធ្វើ​ម៉្លេះ។ បើ​គាត់​ធ្វើ​ធម្មតា មិន​ជាប់​គុក ចឹង​គាត់​ត្រូវ​បង្កើត​ស្ថាន​ការណ៍ បទ​ល្មើស​ស្អី ដែល​អាច​ជាប់​គុក​បាន​ ឲ្យ​តែ​បាន​គុក គឺ​គាត់​ក្លាយ​ជា​វីរនារី​ហើយ​។ ចឹង​ជូន​តាម​សំណើ​ទៅ តែ​អា​ហ្នឹង​រឿង​តុលាការ​ទេ ខ្ញុំ​អត់​ដឹង​ទេ​»។
គួរ​បញ្ជាក់​ថា អ្នក​ស្រី ទេព វន្នី អ្នក​ដឹកនាំ​ការ​តវ៉ា​ដ៏ល្បី​ឈ្មោះ ​ដើម្បី​ការ​ពារ​ការ​រំលោភ​ដីធ្លី​ ផ្ទះ​សម្បែង​របស់​ពលរដ្ឋ​នៅ​តំបន់​បឹងកក់ និង​​សព្វ​ថ្ងៃ​កំពុង​ជាប់​ពន្ធនាគារ​ជាមួយ​ស្ត្រី​បឹង​កក់​ផ្សេងទៀត គឺ​ជា​ម្ចាស់​ជ័យ​លាភី​ពាន​រង្វាន់ Global Leadership award កាល​ពី​ខែ​មេសា ឆ្នាំ​២០១៣ របស់​អង្គការ​Vital Voices មាន​មូលដ្ឋា​ននៅ​សហរដ្ឋ​អាមេរិក​។
នៅឆ្នាំ​នោះផងដែរ​ អ្នកស្រី វន្នី ក៏​បាន​ទទួល​ពាន​រង្វាន់​សិទ្ធិ​មនុស្ស​មួយ​ទៀត លើ​ខ្សែភាព​យន្ត​ឯកសារ (​Movies that Matter Film Festival) នៅ​ក្រុង​ឡាអេ​ ប្រទេស​ហូឡង់។