ភាព​អស្ចារ្យ​ទាំង ១៦ ដែល​លោក​អ្នក​មិន​បាន​ដឹង​ពី​លំនៅឋាន​​ដ៏​ស្កឹមស្កៃ​របស់​មហាសេដ្ឋី Bill Gates!

2/05/2015 0 Comments A+ a-


លំនៅឋាន​លោក Bill Gatesប្រភព៖​ naveenprakash89

ជា​មួយ​នឹង​ទ្រព្យសម្បត្តិ​ប្រមាណ ៨០ ពាន់​លាន​ដុល្លារ មហាសេដ្ឋី Bill Gates ​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។ ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ពិត​ជា​ធ្វើ​ឲ្យ​ប្រិយមិត្ត​​​ចាប់​អារម្មណ៍​ជា​មិន​ខាន។

បើ​មាន​ប្រាក់​ច្រើន​បែប​នេះ នោះ​លំនៅឋាន​​ស្កឹមស្កៃ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft វ័យ ៥៩ ឆ្នាំ​រូប​នេះ​ក៏​មិន​ធម្មតា​ដែរ​មើល៍​ទៅ! TheBNEWS នឹង​​នាំ​លោក​អ្នក​ឲ្យ​ស្គាល់​កាន់តែ​ច្បាស់​ថា តើ​លំនៅឋាន​របស់​មហាសេដ្ឋី​​ខាងលើ​មាន​អ្វី​ពិសេស​ខ្លះ​ ខុស​ពី​លំនៅឋាន​របស់​មនុស្ស​ទូទៅ?

១) ​ស្ថិត​នៅ​មាត់​បឹង Washington នៅ​ទីក្រុង​វ៉ាស៊ីនតោន យោង​តាម​គេហទំព័រ​ ​kingcounty.gov បាន​ឲ្យ​ដឹង​ថា លំនៅឋាន​របស់​លោក​ Bill Gates មាន​តម្លៃ​រហូត​ដល់ ១២៣,៥៤ លាន​ដុល្លារ។ លោក​បាន​ទិញ​ដី​ឡូ​នៅ​ទី​នេះ​ក្នុង​តម្លៃ ២ លាន​ដុល្លារ​កាល​ពី​ឆ្នាំ ១៩៨៨។ ក្នុង​មួយ​ឆ្នាំៗ លោក​បាន​បង់​ពន្ធ​ជូន​រដ្ឋ​ប្រមាណ ១ លាន​ដុល្លារ​លើ​ការ​កាន់កាប់​អចលនទ្រព្យ​របស់​លោក។​​

២) ប្រភេទ​ឈើ​ព្រៃ​​​ដើម​ធំ និង ខ្ពស់ ​ (Douglas fir trees)  ដែល​មាន​​អាយុ​កាល​ប្រមាណ ៥០០​ឆ្នាំ​ត្រូវ​បាន​​យក​មក​សាងសង់​ធ្វើ​ជា​គ្រឿង​សង្ហារិម​នៅ​ក្នុង​លំនៅឋាន​របស់​លោក ជា​មួយ​កម្មករ​​សាងសង់​សរុប​ ៣០០ នាក់។ ​​

៣) លំនៅឋាន​របស់​លោក​មាន​បំពាក់​​ប្រព័ន្ធ​បច្ចេកវិទ្យា​​ដោយ​ស្វ័យប្រវត្តិ​ ( sensor System) នៅ​ពេញ​លំនៅឋាន​​ដើម្បី​បើក​ភ្លើង  បន្ថយ ឬ បង្កើន​សីតុណ្ហភាព​  និង មាន​ឧបករណ៍​រំពងសំឡេង​បង្កប់​ខ្លួន​ទៀត​ផង​។ បើ​អ្នក​ចូល ឬ ចាក់ចេញ​​នៅ​​កន្លែង​ណា វា​នឹង​បិទ​បើក​ដោយ​ស្វ័យប្រវត្តិ​នៅ​កន្លែង​នោះ​។​ ​

៤) លំនៅឋាន​នេះ​ត្រូវ​បាន​សាងសង់​​ព័ទ្ធជុំវិញ​ទៅ​ដោយ​ដើមឈើ​​មាន​លក្ខណៈ​ធម្មជាតិ​ដើម្បី​​កាត់បន្ថយ​កំដៅ​​​​ និង រក្សា​សីតុណ្ហភាព​នៅ​ជុំវិញ​លំនៅឋាន។

៥) នៅ​​​តាម​ជញ្ជាំង​លំនៅឋាន​ទាំង​មូល​មាន​បំពាក់​ផ្ទាំង​​ស្គ្រីន​កុំព្យូទ័រ​តម្លៃ​សរុប​ប្រមាណ ៨ សែន​ដុល្លារ​​ និង ឌីវ៉ាយ (Devices) តម្លៃ ១៥០ ០០០​ដុល្លារ។ ការ​បំពាក់​ស្គ្រីន​កុំព្យូទ័រ​នេះ​អាច​​ឲ្យ​ភ្ញៀវ​ដែល​ចូល​ទៅ​លេង​អាច​ប្តូរ​រូបភាព ឬ រូប​គំនូរ​សិល្បៈ​ផ្សេងៗ​នៅ​តាម​ជញ្ជាំង​តាម​ចិត្ត​ចង់​ដោយ​គ្រាន់​តែ​ចុច ប៊ូតុង​តែប៉ុណ្ណោះ​។ ​​

៦)  ​អាង​ហែលទឹក​​​ដ៏​ទំនើប​​បំពាក់​​ទៅ​ដោយ​​​​ប្រព័ន្ធ​​តន្ត្រី​នៅ​ក្រោម​ទឹក ជា​មួយ​នឹង​បន្ទប់​ទឹក​ដ៏​ទំនើបៗ​មាន​វត្តមាន​នៅ​ក្នុង​លំនៅឋាន​ដ៏​ធំ​ស្កឹមស្កៃ​នេះ​។

៧) មាន​បន្ទប់(trampoline room) សម្រាប់​លេង​កម្សាន្ត និង ការ​ហាត់​ប្រាណ​  បន្ទប់​ដេក​សំដិល​ខ្លួន និង បន្ទប់​សម្រាប់​ស្ទឹម​ខ្លួន​ ដែល​ខណ្ឌ​ចែក​រវាង​បុរស និង ស្ត្រី។

៨) លំនៅឋាន​នេះ មាន​បន្ទប់​​​​ទទួល​ភ្ញៀវ​ដែល​អាច​​​​ចូល​រួម​ពិសារ​អាហារ​រហូត​ដល់ ១៥០  ទៅ ២០០​នាក់ និង អាច​រៀបចំ​ពិធី​ជប់លៀង​​ផ្សេងៗ បំពាក់​ទៅ​ដោយ​វីដេអូ​ស្គ្រីន​ដ៏​ធំ​អម​ជា​មួយ​ទៀត​ផង។

៩) លំនៅឋាន​នេះ​មាន​បន្ទប់​គេង​សរុប​ចំនួន ២៤ ​បន្ទប់ ក្នុង​នោះ ១០ បន្ទប់ មាន​បន្ទប់​ទឹក​អម​នៅ​ជា​មួយ​។ ​​

១០) ក្រៅ​ពី​បន្ទប់​ទទួល​ភ្ញៀវ​ដ៏​ធំ លំនៅឋាន​មួយ​នេះ​មាន​បន្ទប់​ចម្អិន​អាហារ​សរុប​ទាំង​អស់​ចំនួន៦  ដែល​ស្ថិត​នៅ​​ទីតាំង​ផ្សេងៗ​គ្នា​នៅ ក្នុង​គេហដ្ឋាន​នេះ។​​



១១) កាន់តែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត នៅ​ក្នុង​លំនៅឋាន​របស់​មហាសេដ្ឋី​រូប​នេះ​មាន​​បណ្ណាល័យ​ដ៏​ធំ​មួយ​ទៀត​ ជា​មួយ​នឹង​ស្នាដៃ​​និពន្ធ​សរសេរ​ដោយដៃ​​ផ្ទាល់​របស់​លោក  Codex Leicester តាំង​ពី​សតវត្ស​ទី​​ ១៦  ដែល​លោក​​បាន​ចំណាយ​ប្រាក់​ទិញ​រហូត​ដល់ ៣០,៨ លាន​ដុល្លារ​ក្នុង​ការ​លក់​ដេញថ្លៃ​មួយ​​នៅ​​ឆ្នាំ ១៩៩៤។

១២) នេះ​មិន​គ្រប់គ្រាន់​ឡើយ ត្បិតអី​លំនៅឋាន​មួយ​នេះ​ក៏​មាន​រោងភាពយន្ត​មួយ​ដែល​អាច​អនុញ្ញាត​​ឲ្យ​ភ្ញៀវ​បាន​​ចូល​រួម​ទស្សនា​​ភាព​យន្ត​រហូត​ដល់ ២០ នាក់​។

១៣)  មាន​ចំណត​រថយន្ត​ជា​ច្រើន​បាន​​សាងសង់​ឡើង​នៅ​ជុំវិញ​​លំនៅឋាន​របស់​លោក ដែល​អាច​ដាក់​រថយន្ត​បាន​រហូត​ដល់ ២៣ គ្រឿង។

១៤) លោក​ Bill Gates ចូលចិត្ត​ដើម​ឈើ​ម្យ៉ាង​ដែល​ហៅ​ថា “Maple Tree”​ ។ វា​ត្រូវ​បាន​ដាំ​​លំអ​នៅ​អម​នឹង​ផ្លូវ​​​រថយន្ត បំពាក់​ដោយ​ភ្លើង​អគ្គិសនី​២៤ ម៉ោង​លើ​ ២៤ ម៉ោង ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​​​សម្រាប់​បាញ់​ទឹក ឬ ស្រោចទឹក​ដោយ​ស្វ័យប្រវត្តិ។

១៥) ក្រៅ​ពី​នេះ​នៅ​មាន​ជ្រោះ​សិប្បនិម្មិត​​មួយ​ទៀត​​​ដែល​មាន​ចិញ្ចឹម​ត្រី សូម៉ុង(salmon) និង ត្រី​សមុទ្រ​ជា​ច្រើន​ទៀត​។ ​

១៦) ងាក​ទៅ​​មើល​ឆ្នេរ​ខ្សាច់​នៅ​ខាងមុខ​​លំនៅឋាន​របស់​លោក​​វិញ​ត្រូវ​បាន​នាំ​យក​មក​ពី​​ឆ្នេរ​សមុទ្រ​តំបន់​ខារ៉ាប៊ីន​នៅ​អាមេរិក​កណ្តាល​ដែល​ជា​តំបន់​មាន​ឆ្នេរខ្សាច់​ល្អៗ និង ស្រស់​ស្អាត​សម្រាប់​លោក​លេង​កម្សាន្ត​ជា​មួយ​គ្រួសារ​៕

ប្រែសម្រួល៖ ខេវិន