លិខិត​មិត្ត​អ្នកអាន​៖​អា​យ៉ៃ​ឆ្លើយឆ្លង​​

1/23/2015 0 Comments A+ a-

បន្ទាប់​ពី​បទ​“​រាំវង់​នយោបាយ​”​ដល់​“​ ស្គរធំ​វាំង​ចាស់​” បន្ទាប់មក​ក៏​ឃើញ​“​ល្ខោន​ដើមឆ្នាំ​” ឥឡូវ “​អា​យ៉ៃ​ឆ្លើយឆ្លង​” ចាប់ផ្តើម​បន្ទរ​ឡើង​រវាង​វាំង​ចាស់ និង​ជំរុំ​ព្រះអាទិត្យ​។
​បៀម​ព្រះ​មក​ស្បថ​ក៏​មិន​ជឿ​ដែរ​ថា​ សម្តេច​ក្រុមព្រះ​វិល​ចូល​ឆាក​នយោបាយ​វិញ ដោយ​ខ្លួនឯង ដោយ​គ្មាន​ខ្សែ​ញាក់​ពី​សម្តេច​នាយក​។ បន្ទាប់​ពី​វេទិកា​ក្ងោក​ស្ពាន់ ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៥ សម្តេច​ក្រុមព្រះ​ទទួល​បាន​តួនាទី​ជា​ព្រះប្រធាន​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ វិញ បន្ទាប់ពី​ត្រូវ​សម្តេច​នាយក​ដេញចេញ​ក្រៅ​ឆាក​នយោបាយ​រយៈពេល​៨​ឆ្នាំ តាំងពី​ឆ្នាំ​២០០៦​រួចមក​។ ប៉ុន្តែ​អ្វី​ទៅ​ជា​ជំហាន​បន្ទាប់​? ខាងក្រោម​នេះ​ជា​ទស្សនៈទាន​ស្តួចស្តើង​ខ្លះៗ​ផ្ទាល់ខ្លួន សម្រាប់​បងប្អូន ដែល​តែងតែ​ព្រួយបារម្ភ​ពី​វាសនា​មាតុភូមិ​ខ្មែរ​មួយ​នេះ​។​
hunsen_krompreah_150105-2015-01-22លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ
​មាន​អ្នកខ្លះ​លើកឡើង​ថា​ការវិល​ចូល​ ឆាកនយោបាយ​វិញ​នេះ គឺជា​គំនិត​ទាំងស្រុងរ​បស់ជំរុំ ព្រះអាទិត្យ​។ បើ​ថា​អីចឹង គួរ​និយាយ​អញ្ចេះ​វិញ ឆ្នាំ​បាយ​សម្រាប់​ពីរ​គ្រួសារ លំបាក​ទៅហើយ គ្រែ​ដេក​គ្នា​ពីរ​នាក់​ទាំង​ចង្អៀត​ផង មានរឿង​អ្វី​ត្រូវ​បន្ថែម​គ្នា មាន​ស្បៀង​អី​ណា​ចម្អែ​ត មាន កន្លែង​ណា​ឲ្យគេ​ង​។ លើសពីនេះ ម្នាក់ៗ​សុទ្ធ​តែ​ចង់​ធ្វើ​លេខ​១​ក្នុង​លោក ហើយ​ក៏​ធ្លាប់​ទទួល រង​ការប្រមាថ នឹង​ធ្លាប់​ត្រូវបាន​គេ​ផិត​ក្បត់ បណ្តេញចេញ​ពី​ផ្ទះសម្បែង ឈឺចាប់​ខ្លោចផ្សារ មិន​ស្ទើរ កូនប្រុស​ទ្រូង​ប្រាំ​ហត្ថ មានរឿង​អី​សុខចិត្ត​ឲ្យគេ​ប្រមាថ​ជា​លើក​ទី​ពីរ​នោះ​។ បើ​រស់ នៅ​ផ្ទះ​គេ​មិន​សុខ ហេតុអ្វី​ក៏​មិនបង្កើត​នគរ​ខ្លួនឯង​វិញ​។
​សំណួរ​សួរថា​ចុះ​បើ​មិន​ចង់​ឲ្យចេញ មិន​ចង់ឲ្យ​មក​ទេ ហេតុអ្វី​បានជា​ឆ្លើយឆ្លង​ដាក់គ្នា ទៅមក ហៅរ​ក​ធ្វើ​អ្វី​? ចង់​រុញ​ទូក​បណ្តោយ​ទឹក​? ចង់​បើក​ប្រឡាយ​បង្ហូរទឹក​? ខ្លាច​តែ​មិនមែន​មក​តែ ទូក តែ​មក​ដោយ​ទាំង​សំពៅ​ផង​។ ខ្លាច​តែ​មិនមែន​ជា​ទឹក​ធម្មតា តែ​ជា​ទឹកជំនន់​ធំ​។
​តាំងតែ​ពី​ថ្ងៃ​ដំបូង សម្តេចក្រុមព្រះ​បាន​អំពាវនាវ​ហៅ​រក លើ​ក​មួយ ដាក់​មួយ ក្នុងចំណោម លោក សម រង្ស៊ី និង​លោក កឹម សុខា ពី​ការរួបរួម​។ បំណង​ទី​១ គឺជា​សង្គ្រាមចិត្តសាស្ត្រ ចង់ បំបែក​សេនាប្រមុខ និង​សេនាប្រមុខ​រង​។ ដឹង​ថា​បំបែក​មិនបាន តែ​នៅ​តែ​បំបែក​។ បំណង​ទី​២ មិន​ត្រឹមតែ​និយាយ តែ​មក​មែន​។ ដំបូង​ជួបចរចា​បង្រួបបង្រួម​គ្នា​។ ជួប​មួយ អត់​មួយ​។ បំណង​ទី​៣ មិន​ត្រឹមតែ​ចរចា តែ​មក​មែនទែន​។ រក​មេទ័ព​កាន់ការ​នៅ​ហ្វ៊ុនស៊ិនប៉ិច ហើយ​មក​ធ្វើជា​ប្រធានកិត្តិយស​នៅ​ជំរុំ​ព្រះអាទិត្យ​២៤​ខែ​សិន​។ សេនាប្រមុខ និង​សេនាប្រមុខ​រង មិន​ចង់ តែ​ត្រូវ​ទទួល ព្រោះ​ជា​នយោបាយ​បង្រួបបង្រួម​ជាតិ គឺ​មក​នៅ​ចុងឆ្នាំ​២០១៥​។ គិត​ទៅ សម្តេចក្រុមព្រះ​នេះ ដូចជា​ធ្យូង​មួយ​ដុំ កាន់​សើម​ប្រឡាក់​ដៃ ដុត​ឆេះ​មាន​កម្តៅ​មែនហើយ​។
​មក​ដល់​ជំរុំ​ព្រះអាទិត្យ ទោះជា​អត់​ដៃ អត់​ជើង តែ​ប្រើ​វេទិកា​សង្គ្រោះ​ជាតិ ដើរ​ជួប​អតីត​អ្នកគាំទ្រ មិនបាច់​អស់​លុយ មិនបាច់​អស់កម្លាំង ខ្ចី​កម្លាំង​សង្គ្រោះ​ជាតិ បង្កើត​ទ័ព​ខ្លួនឯង​។ ទី​២ ទោះបី​ត្រឹមតែ​ជា​ឈ្មោះ​ប្រធានកិត្តិយស តែ​ព្រឹក​ស្នើ​នេះ ល្ងាច​សុំ​នោះ​ធ្វើឲ្យ​សេនាប្រមុខ​សង្គ្រោះ​ជាតិ ក្រពុល​មុខ ធ្វើ​តាម​ចិត្ត​មិន​បាន​។ ទី​៣ វាយ​ពី​ក្រៅ​មិន​បែក ចូល​មក​វាយ​ដល់​ក្នុង បន្ទាយ​។ គេ​ថា​សត្រូវ​ក្នុង ពិបាក​ទប់ទល់​។ ក្នុង​សត្រូវ គ្មាន​មិត្ត តែ​ក្នុង​មិត្ត គឺ​ពិតជា​មាន​សត្រូវ​។ សត្រូវ​ក្នុង មើលមិនឃើញ​។ បាន​លេស​គ្រប់គ្រាន់​ចុងឆ្នាំ​២០១៦ ក៏​ចេញ​វិញ ថែម​ទាំង​នាំ​ពលព្រះ​មួយ​កង​ធំ​ទៅ​ជាមួយ​ផង​។ ពិតជា​ធ្វើ​នំ អត់​ម្សៅ​។ ចំណេញ​មិនបាច់ អស់​ដើម មែន​ហើយ​។
​ចុងឆ្នាំ​២០១៥ នៅពេល​លា​វាំង​ចាស់​ទៅ​ចូល​ជំរុំ​ព្រះអាទិត្យ នឹង​មាន​អ្នក​មិន​ពេញចិត្ត ឬ​ធ្វើ មិន​ពេញចិត្ត ក៏​មាន​ឧត្តមសេនីយ៍​ប៉ុន្មាន​នាក់​នឹង​ទៅ​ដឹកនាំ​ក្រុម​ខ្មែរ​ដើម្បី​ខ្មែរ​ របស់​បណ្ឌិត កែម ឡី និង​បណ្ឌិត យ៉ង សាំង​កុមារ ដោយ​កាត់​ក្បាល​ចាស់​ចោល​។ ចុងឆ្នាំ​២០១៦ នឹង​ដឹកនាំ​ក្រុម​បក្ស​អភិវឌ្ឍ​មូលដ្ឋាន មក​រួបរួម​ជាមួយ​ក្រុម​ព្រះ​។ បាន​កម្លាំង​ពីរ​ក្រុម​ធំ​។ បន្ទាប់មក ដល់​ឆ្នាំ​២០១៧ រៀបចំ​បញ្ជី​ក្រុមប្រឹក្សាឃុំ នឹង​មាន​ទាហាន​សង្គ្រោះ​ជាតិ​ខ្លះ មិន​ពេញចិត្ត​នឹង​ការតែងតាំង ការ​ឈរឈ្មោះ ក៏​នាំគ្នា​ទៅ​ចូលរួម​ជាមួយ​ក្រុមព្រះ​មួយ​ក្រុម​ទៀត​។ យុទ្ធសាស្ត្រ​នេះ​ថ្វី​ត្បិត​តែ​មិន​អាច​កម្ទេច​សង្គ្រោះ​ជាតិ​បាន​ ទាំងស្រុង តែ​បាន​បំផ្លាញ​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន ពី​កៅអី​ឃុំ​ឈ្នះ​ជំរុំ​ទេវតា មក​ត្រឹម​ស្មើ ធ្លាក់​ពី​ស្មើ​មក​ចាញ់​កៅអី​ឃុំ​។
​នៅ​៦​ខែ​មុន​បោះឆ្នោត​ឆ្នាំ​២០១៨ ពេល​រៀបចំ​បញ្ជី​តំណាងរាស្ត្រ នឹង​មាន​ឧត្តមសេនីយ៍​តូចធំ របស់​សង្គ្រោះ​ជាតិ​មួយចំនួន​ទៅ​ចូលរួម​ជាមួយ​ហ្វ៊ុនស៊ិនប៉ិច ព្រោះ​តូចចិត្ត ឬ​យក​លេស​នឹង ការ​ធ្វើ​បញ្ជី​មិន​យុត្តិធម៌ តែ​តាម​ពិត​ជា​មនុស្ស​របស់​ជំរុំ​ទេវតា ហើយ​ទៅ​ហ្វ៊ុន​ស៊ិនប៉ិច ព្រោះ សង្ឃឹម​ដៃគូរ​រដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បាន​តំណែង ​។
​ដោយសារ​តែ​ជំងឺ​ជាតិ ជំងឺ​ប្រជាធិបតេយ្យ ជំងឺ​តួឯក ជំងឺ​នយោបាយ នឹង​ធ្វើ​ក្រុម​បណ្ឌិត​មួយក្រុម នឹង​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ថា​ជា​បណ្ឌិត​ដែល​មាន​ទឹកចិត្ត​ ស្នេហា​ជាតិ​ខុស កាលៈទេសៈ ព្រោះ​តែ​ចង់​ពិសោធន៍​គំនិត​នយោបាយ​យល់សប្តិ​របស់ខ្លួន​បាននាំគ្នា​លត់​ ជង្គង់ លើក​អំណាច​ដាក់​លើ​ជើងពាន​ឲ្យ​សម្តេច ហ៊ុន សែន ទាំង​ដៃ​ពីរ​។ ដំបូង​ខ្ញុំ​ចេះ​តែ​គិត​ថា​បណ្ឌិត​ប៉ុន្មាន​នាក់​នេះ គឺជា​ក្តី​សង្ឃឹម​របស់​ជាតិ​ហើយ ទីបំផុត​គំនិត​ខ្លី មិន​គួរឲ្យ​ជឿ​។
​ស្ថានភាព​នយោបាយ​៤​ឆ្នាំក្រោយ​នេះ សង្គ្រោះ​ជាតិ​កាន់តែ​ប្រឈមមុខ និង​រង​សម្ពាធ​កាន់តែ ធំ​ឡើងៗ​។ មើលទៅ​៧​កៅអី​ទៀត ដែល​គ្រប់​សម្រាប់​ទៅ​ដឹកនាំ​រដ្ឋាភិបាល គឺ​ដូច​ទៅ​សុំ​ភ្លើង ពី​យក្ស​អីចឹង​។ សំណួរ​សួរថា បើ​ឈប់​ឆ្លើយឆ្លង​អា​យ៉ៃ​ជាមួយ​ក្រុមព្រះ រឿង​រួបរួម តើ​បាន​ទេ​? បើ​ឈប់​ច្រៀង​មិនបាន តើ​ត្រូវធ្វើ​ម៉េច ដើម្បី​ដាក់​របង កុំឲ្យ​ក្រុមព្រះ​ចូល​ជំរុំ​ព្រះអាទិត្យ​កើត​? ចុះបើ​ទប់​មិន​ជាប់ ដាច់​របង​ចូល​មក តើ​រៀបចំ​ក្នុង​ជំរុំ​យ៉ាងម៉េច​? សង្គ្រាម​ផ្កា​រីក​ក្នុង​ជំរុំ​ព្រះ អាទិត្យ គឺ​ពិតជា​ញាក់សាច់ តើ​ត្រូវ​រៀប​ក្បួន​ទប់​យ៉ាងម៉េច​? បើ​មក​ហើយ ចុង​២០១៦ គឺ​នឹង ចេញ​ទៅ​វិញ តើ​អ្វី​ជា​ផ្លូវ​ក្រោយ​របស់​សង្គ្រោះ​ជាតិ​? ចុះបើ​ឆ្នាំ​២០១៨ ឈ្នះ​ហើយ គេ​មិន ប្រគល់​អំណាច​ឲ្យ តើ​ត្រូវធ្វើ​យ៉ាងម៉េច​?  រឿង​ទាំងអស់នេះ គឺ​សុទ្ធតែ​ត្រូវ​គិតគូរ រៀបចំ យ៉ាង​ល្អិតល្អន់ ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ទុកជាមុន​។ ការយក​អំណាច គឺជា​រឿង​សំខាន់ តែ​ការគ្រប់គ្រង​អំណាច គឺ​រិត​តែ​សំខាន់​។
​អាច​មាន​អ្នកអាន​លើកឡើងថា ចុះ​សម្តេច​ក្រុមព្រះ​អី ក៏​ពូកែ​ម្លេះ​? បើ​ពូកែ​យ៉ាង​ហ្នឹង ហេតុអ្វី ក៏​ត្រូវ​សម្តេច ហ៊ុន សែន វៃ​កម្ទេច ហ្វ៊ុនស៊ិនប៉ិច​ទៅ​ជា​៧-៨​ច​ម្រៀក​? ចម្លើយ គឺ​មិនមែន សម្តេចក្រុមព្រះ​ឆ្លាត​ដល់​ថ្នាក់​ហ្នឹង​នោះទេ តែ​គឺ​ខ្សែ​ញាក់​ចាប៉ីដងវែង​របស់​សម្តេច​ទេតើ​។ អាច មាន​អ្នក​ថា ចុះ​សម្តេច​នឹង​អី​ក៏​ពូកែ​ម្លេះ​? លេងសើច មិន​បាន​ទេ បើ​សម្តេច​មិន​ពូកែ​ទេនោះ ប្រហែលជា​មិន​អាចឈរជើង​លើ​សង្វៀន​នយោបាយ​ជាតិ​បាន​៣០​ឆ្នាំ​នោះ​ទេ​។ កុំ​ឆ្ងល់​។
​ក៏​មាន​អ្នក​លើកឡើងថា​លើក​នេះ​ សម្តេចក្រុមព្រះ មិន​ឲ្យ​សម្តេច ហ៊ុន សែន ប្រើ​ទៀត​ទេ គឺ ទ្រង់​ច្បាស់​ជា​ធ្វើ​ជា​អ្នកយាម​ទ្វារ​រាជវាំង​ម្នាក់​ដ៏​ក្លាហាន ទុក​កេរ្តិ៍ឈ្មោះ​ល្អ​រាប់ពាន់​ឆ្នាំ​មិន​ខាន​។ រឿង​វា​ទៅ​មិន​រួច​ទេ ពីព្រោះ​តាម​ចរិក​នយោបាយ​របស់​ព្រះអង្គ រួម​នឹង​ចំណុចខ្សោយ​យ៉ាងច្រើន នៅក្នុង​ដៃ​មេទ័ព​ជំរុំ​ទេវតា​ផង សម្តេច​ក្រុមព្រះ​មិន​ហ៊ាន​ទេ​។ ហើយ​សម្តេច ហ៊ុន សែន ក៏​មិន​ទុកឲ្យ​សម្តេច ក្រុមព្រះ ច្រៀង​អា​យ៉ៃ ចប់​តាម​សម្រួល​ដែរ​។ កុំ​ភ្លេច​ថា​ទ្វារ​គុក​ព្រៃ​ស ដែល សម្តេចក្រុមព្រះ ធ្លាប់តែ​កំប្លែង​នោះ ទ្វារ​នៅ​ចំហរ ចាំ​ទទួល​ទ្រង់​ដៃ​ពីរ​នៅ​ឡើយ​ទេតើ​។
តើ​សង្គ្រោះ​ជាតិ​បាន​៧​កៅអី​ថែម​ទេ​? ឬ​នៅ​រក្សា​៥៥​ដដែល​? ឬ​ធ្លាក់​សំឡេង​ក្រោម​៥៥? អ្នក​ដែល​ឆ្លើយ​សំណួរ​ដ៏​លំបាក​នេះ​បាន គឺមាន​តែ​មនុស្ស​ពីរ​នាក់​ប៉ុណ្ណោះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ និង​ជំរុំ​ព្រះអាទិត្យ​ខ្លួនឯង​តែប៉ុណ្ណោះ ថា​តើ​រាស្ត្រ​ខ្មែរ​នឹង​ផ្តល់​ឱកាស​ឲ្យ​សង្គ្រោះ​ជាតិ​ទេ​? តើ​បណ្ឌិត​ស្រុក​ខ្ញុំ​ឈប់​មាន​ជំងឺ​តួឯក ឬ​អត់​? តើ​យុវជន​ខ្មែរ​អាច​ចាស់ទុំ​ជាង​នេះ ឬទេ​?
​អា​យ៉ៃ​ឆ្លើយឆ្លង​នេះ​ប្រហែល​ជា​ស្តាប់​ មិនសូវ​ពិរោះ​ទេ ប្រសិនបើ​អ្នក​អាន​មិន​បាន​ស្តាប់​បទ​“​រាំវង់​នយោបាយ​”  “​ស្គរធំ​វាំង​ចាស់​” និង “​ល្ខោន​នយោបាយ​ដើមឆ្នាំ​”​ទេនោះ​។ តើ​វាសនា​មាតុភូមិ​មួយ​នេះ ពិតជា​ស្ថិតនៅក្រោម​កណ្តាប់ដៃ​បុរស​ខ្លាំង​១០០​ឆ្នាំ​មែនឬ​? ឬក៏​ឈាម​ខ្ញុំ​នេះ​បាន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​?  ប្រភពៈ VOD