លា​ឈប់​ពី​អាជីព​វិស្វករ​មក​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​រំពឹង​ថា​ អាច​រកប្រាក់​​ចំណេញ​បាន​៨​ពាន់​ដុល្លារ​​ក្នុង​មួយ​ខែ​

1/23/2015 0 Comments A+ a-

អតីត​វិស្វករ​សំណង់​វ័យ ​៣២​ឆ្នាំ​ដែល​បាន​បញ្ចប់​ការ​សិក្សា​​​ថ្នាក់​បរិញ្ញាបត្រ​​មក​ពី​ប្រទេស​វៀត​ណាម​បាន​​​​សម្រេច​ចិត្ត​បើក​​អាជីវកម្ម​ផ្ទាល់​ខ្លួន​ ដោយ​​មើល​ឃើញ​ពី​សក្ដានុពល​នៃ​តម្រូវ​ការ​របស់​អតិថិជន​មាន​ការ​កើន​ឡើង​​នៅ​ឆ្នាំ​២០១៥​ នេះ​។ ការ​បើក​អាជីវកម្ម​​​ដោយ​ចំណាយ​ដើម​ទុន​រាប់​ម៉ឺន​ដុល្លារ​នេះ ​លោក​​រំពឹង​ថា ​នឹង​​អាច​រក​ប្រាក់​ចំណេញ​​បាន​ ៨​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​​បន្ទាប់​ពី​រយៈ​ពេល​៦​ខែ​ដំបូង​នៃ​ការ​ដាក់​ឱ្យ​ដំណើរ​ការ​អាជីវកម្ម​​នេះ​​ ។

​លោក អ៊ុក ម៉ាឡែន ​បាន​ក្លាយ​ជា​​​​​ម្ចាស់​អាជីវកម្ម​មួយ​ដ៏​ថ្មី​​​សន្លាង​​​​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​បន្ទាប់​ពី​លក់​​​បោះ​បង់​​មួយ​រយៈនូវអាជីព​ជា​វិស្វករ​សំណង់​​ធ្វើ​ការ​នៅ​តាម​ក្រុម​ហ៊ុន​​ មក​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​​​​ដោយ​លោក​​មាន​សុទិដ្ឋិនិយម​ថា ​​អាជីវកម្ម​​ថ្មី​ដែល​លោក​ដាក់​ឈ្មោះ​ថា​ ArtCambo Advertising & Decoration​ ​អាច​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ជាង​ការងារ​​នៅ​តាម​ក្រុម​ហ៊ុន​ ។​

​​លោក​ អ៊ុក​ ម៉ាឡែន​ ​មាន​ស្រុក​កំណើត​​នៅ​​​ខេត្ត​កណ្ដាល​ ហើយ​បាន​ផ្លាស់​មក​នៅ​រាជ​ធានី​ភ្នំពេញ​បន្ទាប់​ពី​បាន​រៀប​​​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​២០១១​ ។​ ក្នុង​​វ័យ​សិក្សា ​លោក​​រៀន​នៅ​វិទ្យាល័យ​ជា​ ស៊ីម​ព្រែក​អញ្ចាញ​ ក្រោយ​​​​ពី​បញ្ចប់​សញ្ញាបត្រ​​មធ្យម​សិក្សា​ទុតិយភូមិ​​ លោក​បាន​ជាប់​អាហារូបករណ៍​​ទៅ​សិក្សា​​ថ្នាក់​បរិញ្ញាបត្រ​វិស្វករ​សំណង់​​​​នៅ​ប្រទេស​វៀតណាម ​​​រយៈ​ពេល​៦​ឆ្នាំ​​ ហើយ​បាន​បញ្ចប់​ដោយ​ជោគ​ជ័យ​​នៅ​ឆ្នាំ​២០០៩ ។ ​ ​

​ការងារ​ដំបូង​បង្អស់​របស់​លោក​គឺ​ធ្វើ​ជា​វិស្វករ​សំណង់​នៅ​​កំពង់ផែ​ក្រុង​ព្រះសីហនុ ​។ លោក​មាន​ប្រសាសន៍​ថា​៖​ «ផ្នែក​វិស្វករ​ ពេល​ខ្ញុំ​ចូល​ធ្វើ​ការ​ដំបូង​នៅ​កំពង់​សោម​បាន ​៣៥០​ដុល្លារ​អាមេរិក ដោយ​យើង​មាន​ការ​ផ្គត់​ផ្គង់​ផ្នែក​ចំណី​អាហារ​និង​ការ​ស្នាក់​នៅ​ៗកន្លែង​ការងារ »​ ។​ ធ្វើ​ការ​​នៅ​ទីនោះ​បាន​រយៈ​ពេល​៥​ ឆ្នាំ​ លោក​បាន​ផ្លាស់​មក​ធ្វើ​ការ​​នៅ​រាជ​ធានី​ភ្នំពេញ​វិញ​ដោយ​ទទួល​ប្រាក់​ខែ​​ទ្វេដង​។

ការ​សម្រេច​ចិត្ត​បើ​អាជីវកម្ម​ផ្ទាល់​​ខ្លួន​ទាក់​ទង​ទៅ​នឹង​ការ​ផ្ដល់​សេវា​ធ្វើ​ស្លាក​យីហោ​ បោះ​ពុម្ព​​ sticker, banner ​​ទាំង​ខ្នាត​ធំ​និង​តូច​ និង​ការ​តំឡើង​ដេគ័រ​នៅ​តាម​ផ្ទះ​ ហាង​ ក្លឹប​​ សណ្ឋាគារ​ជា​ដើម​នេះ​ ​បាន​​ចំណាយ​​ដើម​ទុន​រាប់​ម៉ឺន​ដុល្លារ​អាមេរិក ​ក៏​ព្រោះ​តែ​លោក​បាន​មើល​ឃើញ​ពី​តម្រូវ​ការ​អត្ថិភាព​របស់​អតិថិជន​នៅ​ពេល​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុង​ឆ្នាំ​២០១៥​នេះ​ ។ ​​

លោក​ ម៉ាឡែន​ មាន​ប្រសាសន៍​ដូច្នេះ​​ថា​៖«តាម​ពិត​ទៅ​យើង​ឃើញ​ឱកាស​! ប្រទេស​យើង​នៅ​ឆ្នាំ​២០១៥​ យើង​នឹង​ធ្វើ​សមាហរណកម្ម​បញ្ចូល​គ្នា​​ អញ្ចឹង​យើង​ឃើញ​មាន​ក្រុម​ហ៊ុន​បរទេស​មួយ​ចំនួន​មក​រក​ស៊ី​នៅ​ស្រុក​យើង​ហើយ​ក្រុម​ហ៊ុន​ទាំង​អស់​សូម្បី​តែ​រក​ស៊ី​តូច​តាច​ក៏​គេ​ត្រូវការ​ស្លាក​យី​ហោ ដើម្បី​ឱ្យ​គេ​ដឹង​ថា​ក្រុម​ហ៊ុន​ខ្លួន​ ឬ​ស្ថាប័ន​ខ្លួន​រក​ស៊ី​អី​ និង​ឈ្មោះ​អី ។ នៅ​ពេល​យើង​ធ្វើ​ហើយ​ភ្លាម​ វា​ទទួល​បាន​កម្រៃ​ភ្លាម​ៗ​ មិន​ចំណាយ​ពេល​យូរ​ » ។

​លោក​ម៉ាឡែន​មិន​មាន​បទ​ពិសោធន៍​ធ្វើ​អាជីវកម្ម​ពី​មុន​មក​ទេ ​ប៉ុន្តែ​នៅ​ក្នុង​ការ​បើក​អាជីវកម្ម​ដោយ​​ហ៊ាន​ប្រថុយ​ចំណាយ​ទុន​រាប់​ម៉ឺន​ដុល្លារ​នេះ ​​លោក​មិន​​​ភាព​ភ័យ​ខ្លាច​​ប្រឈម​ទៅ​នឹង​ភាព​​បរាជ័យ​ឡើយ ​ព្រោះ​ថា​លោក​បាន​មើល​ឃើញ​ពី​តម្រូវ​ការ​ជាក់​ច្បាស់ ​​ហើយ​​មាន​ជំនឿ​ជាក់​លើ​ខ្លួន​ឯង​ក្នុង​ការ​គ្រប់​គ្រង​អាជីវកម្ម​​ប្រភេទ​នេះ​។​ លោក​​ថ្លែង​ដូច្នេះ​ថា ៖«​ខ្ញុំ​មិន​ធ្លាប់​ទេ​ពី​មុន​មក​! ការ​បើក​អាជីវកម្ម​អ្វី​ដែល​សំខាន់​គឺ​មិន​ត្រូវ​មាន​ភ័យ​ខ្លាច​​ហើយ​ជឿ​ជាក់​លើក​ខ្លួន​ឯង​ ត្រូវ​ធ្វើ​យ៉ាង​ឱ្យ​អាជីវកម្ម​មាន​ភាព​រឹង​មាំ​ខ្លាំង​ឡើង ​»។ ​​​​

​អាជីវកម្ម​អាតខេមបូ ​(ArtCambo)​ មិន​ត្រឹម​តែ​មាន​តម្រូវ​​ផ្នែក​សេវាកម្ម​នេះ​តែ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្ដល់​ឱកាស​ការ​ងារ​សម្រាប់​អ្នក​មាន​ជំនាញ​ផ្នែក​កាន់​ម៉ាស៊ីន​​បោះ​ពុម្ព​ និង​ជាង​តុ​ទូ​ តំឡើង​ដេគ័រ​ថែម​ទៀត​​ផង​​ដោយ​បច្ចុប្បន្ន​នេះ​ArtCambo​ក៏​កំពុង​ត្រូវ​ការ​បុគ្គលិក​បន្ថែម​ផង​ដែរ​ ។

អាជីវកម្ម​អាត​ខេមបូ​ទើប​តែ​បើក​មិន​ទាន់​បាន​រយៈ​ពេល​២​ខែ​នៅ​​ឡើង​នោះ​ទេ​​ប៉ុន្តែ​អាច​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ ។​ លោក​ម៉ាឡែន​ថ្លែង​ដូច្នេះ​ថា​៖«នៅ​ខែ​ដំបូង​យើង​ចំណេញ​សុទ្ធ​បាន​៨​​រយ​ដុល្លារ​ជាង ហើយ​នៅ​ពាក់​កណ្ដាល​ខែមករា​ត្រឹម​ថ្ងៃ​ទី​២១​នេះ​ខ្ញុំ​បូក​ត្រួស​ៗ​ទៅ​វា​ចូល​១​ពាន់​​ដុល្លារ​ជាង​ដែរ​ ដូច្នេះ​បន្ទាប់​​ពី​ចប់​៦​ខែ​ដំបូង​សន្ទុះ​យើង​នៅ​ក្នុង​ខែ​ថ្មី​អាច​រក​ប្រាក់​ចំណេញ​បាន​៨​ពាន់​ដុល្លារ​អាមេរិក​​​ក្នុង​មួយ​ខែ​» ។​

​លោក​ អ៊ុក ម៉ាឡែន​ បញ្ជាក់​ថែម​ទៀត​ថា​ទោះ​បី​លោក​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​ក្ដី ប៉ុន្តែ​អាជីព​ជា​វិស្វករ​សំណង់​លោក​មិន​បោះ​បង់​ឡើយ​ នៅ​ពេល​មាន​តម្រូវ​ការ ​លោក​នៅ​បន្ត​អាជីព​នេះ​ដដែល៕​

អត្ថបទ៖ ចាន់ សុខ នាង​​​