អគ្គិសនីកម្ពុជាអំពាវនាវឲ្យអាជ្ញាធរសហការ ពេលស្ថាប័ននេះចុះតបណ្តាញជូនកម្មករនៅចុងខែនេះ
មន្ត្រី ជំនាញទទួលបន្ទុកផ្នែកអគ្គិសនីកម្ពុជាអំពាវនាវទៅអាជ្ញាធរដែនដី ឲ្យជួយសហការជាមួយក្រុមបច្ចេកទេសអគ្គិសនីកម្ពុជា(EDC) ដើម្បីអនុវត្តការតបណ្តាញអគ្គិសនីចំនួន៣ខណ្ឌ និង៤សង្កាត់ ជូនកម្មករ កម្មការិនី ដោយចុះជួបម្ចាស់ផ្ទះជួល ឬបន្ទប់ជួលនៅចុងខែមករានេះ ។
ខណ្ឌនិង សង្កាត់ទំាងនោះរួមមានសង្កាត់ដង្កោក្នុងខណ្ឌដង្កោ សង្កាត់ចាក់អង្រែលើ និងចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យ និងសង្កាត់ទួលសង្កែក្នុងខណ្ឌឬស្សីកែវ ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជាលោក កែវ រតនៈ ថ្លែងក្នុងវីឌីអូឃ្លីប ដែលវីអូឌីទទួលបាននៅលើហ្វេសប៊ុកសាលារាជធានីភ្នំពេញនៅថ្ងៃសុក្រនេះឲ្យដឹង ថា ជំហានដំបូងអគ្គិសនីកម្ពុជាចាប់ផ្តើមតបណ្តាញអគ្គិសនីជូនកម្មករ កម្មការិនីនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ខាងមុខ ដោយមានក្រុមការងារបច្ចេកទេសចុះទៅជួបជាមួយម្ចាស់ផ្ទះជួល និងបន្ទប់ជួលផ្ទាល់ ។ លោកថា មូលហេតុដែលអគ្គិសនីកម្ពុជាជ្រើសរើសយក៤សង្កាត់ ក្នុងខណ្ឌទាំង៣ នៅរាជធានីភ្នំពេញ ដោយសារនៅតំបន់នោះមានកម្មករ កម្មការិនីជួលផ្ទះច្រើនជាងគេ ។
លោកថា«ការជ្រើស រើសសង្កាត់ទាំងអស់នេះ គឺសំដៅទៅលើអាទិភាពលើការធ្វើកិច្ចការជាបន្ទាន់ ដោយផ្នែកលើមូលដ្ឋានសម្ភារដែលមានស្រាប់ គឺសំដៅលើទីតាំង ដែលកម្មករ-កម្មការិនីជួល ផ្ទះ/បន្ទប់នៅ មានចំនួនច្រើនជាងគេ ។ ដូច្នេះអាទិភាពការងារនេះនឹងត្រូវឈានទៅមុខមួយជំហានក្នុងសប្តាហ៍ ក្រោយនេះ គឺថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០១៥» ។
លោក កែវ រតនៈ ឲ្យដឹងទៀតថា ក្រុមបច្ចេកទេសដែលចុះទៅជួបម្ចាស់ផ្ទះជួល បន្ទប់ជួល ដើម្បីតបណ្តាញអគ្គិសនីជូនកម្មករ កម្មការិនីនោះ គឺធ្វើជារៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង៨.៣០ព្រឹក ដល់ម៉ោង១២.០០ថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង២.៣០ដល់ម៉ោង៤ល្ងាច ។
កាលពីថ្ងៃ២១ខែមករានេះ អគ្គសនីកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានថា ក្នុងករណីដែលអ្នកជួលផ្ទះ ឬជួលបន្ទប់ពុំមានការប្រើប្រាស់អគ្គិសនី (សូន្យគីឡូវ៉ាត់ម៉ោងក្នុងមួយខែ) អគ្គិសនីកម្ពុជា នឹងផ្តល់ជម្រើស២ ដល់ម្ចាស់ផ្ទះជួល ឬបន្ទប់ជួល។ ទី១ ត្រូវបង់ប្រាក់៣ពាន់រៀលក្នុង១ខែ សម្រាប់ថ្លៃសេវាកម្មថែទាំនាឡិការស្ទង់ ដោយអគ្គិនីកម្ពុជាមិនបាច់ដកប្រព័ន្ធនាឡិការស្ទង់នោះចេញពី ផ្ទះជួល ឬបន្ទប់ជួលនោះឡើយ និងទី២ម្ចាស់ផ្ទះជួល ឬបន្ទប់ជួល ត្រូវរាយការណ៍ផ្ទាល់ទៅអគ្គិសនីកម្ពុជា ដើម្បីមកបញ្ឈប់ប្រព័ន្ធនាឡិការស្ទង់ពីផ្ទះជួល ឬបន្ទប់ជួល ។ ក្នុងករណីដែលមានអ្នកជួលថ្មី អគ្គិសនីកម្ពុជានឹងដាក់ប្រព័ន្ធនាឡិកាស្ទង់នេះឡើងវិញ ដោយអនុវត្តតាមគោលការណ៍អាជ្ញាធរអគ្គិសនីកម្ពុជាដែលមានជាធរមាន ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ទៀតថា នៅពេលឈប់ជួល អ្នកជួលផ្ទះ ឬបន្ទប់ នឹងអាចដកប្រាក់កក់៣០៥០០រៀលបានយ៉ាងរហ័សបន្ទាប់ពីបានធ្វើការ ទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីនៅខែចុងក្រោយរួចរាល់ ។ ក៏ប៉ន្តែ ក្នុងករណីដែលអ្នកជួលផ្ទះ ឬជួលបន្ទប់មិនបានមកដកប្រាក់នេះ បន្ទាប់ពីឈប់ជួលផ្ទះ ឬបន្ទប់ក្នុងរយៈពេល២ខែ ប្រាក់កក់ទាំងនោះនឹងត្រូវទុកជាអសារបង់ និងកាត់ចូលជាថវិការដ្ឋ ។
ដោយឡែក ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ គាំទ្រទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ ដោយលោកអះអាងថា ការបញ្ចុះថ្លៃភ្លើងនឹងរួមចំណែកក្នុងការកាត់បន្ថយការចំណាយ របស់កម្មករ។ តែលោកបារម្ភពីប្រសិទ្ធិភាពក្នុងការចុះអនុវត្តការងាររបស់មន្រ្តី អគ្គិសនីកម្ពុជា ដែលអាចទារថ្លៃទឹកតែពីកម្មករ «អ៊ីចឹងបើធ្វើ អាហ្នឹងបានវាប្រសើរ ប៉ុន្តែខ្ញុំមិនដឹងថាធ្វើយ៉ាងម៉េច …កម្មករគាត់មិនមានឯកសារច្បាស់លាស់ និងការស្នាក់នៅមិនមានលំនឹង មួយទៀត តើម្ចាស់ផ្ទះអាចផ្តល់សិទ្ធិហ្នឹងទេ។ មួយទៀតនៅពេលដែលគាត់ស្នាក់នៅ ឬតភ្ជាប់ហ្នឹង តើសេវាហ្នឹងប្រាកដជាសេវាជួយគាត់មែន ឬទារទឹកតែពីគាត់ទៀត» ។
គួរបញ្ជាក់ថា ក្នុងរាជធានីភ្នំពេញ អាជ្ញាធរអគ្គិសនីកម្ពុជាបានកំណត់តម្លៃអគ្គិសនីជា៣បែប គឺបើប្រើប្រាស់មិនលើសពី៥០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ ត្រូវចំណាយ៦១០រៀលក្នុងមួយគីឡូ ប្រើប្រាស់ចាប់ពី៥១ទៅ២០០គីឡូវ៉ាត់ម៉ោង ត្រូវយកតម្លៃ៧២០រៀលក្នុងមួយគីឡូ និងលើសពី២០០គីឡូវ៉ាត់ម៉ោង ត្រូវយកតម្លៃ៨២០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ៕ប្រភពៈ VOD