នាយក​រដ្ឋមន្រ្ដី​អូស្រ្ដាលី​ទទួល​ស្គាល់​កំហុស​មិន​បាន​ពិគ្រោះ​យោបល់​ជា​មួយ​រដ្ឋមន្រ្ដី​ដទៃ​

1/31/2015 0 Comments A+ a-

រដ្ឋមន្រ្ដី និង​តំណាង​រាស្រ្ដ​ជា​ច្រើន​ក្នុង​ជួរ​រដ្ឋាភិបាល​អូស្រ្ដាលី​កំពុង​តែ​ នាំគ្នា​ប្រឹង​និយាយ​សម្រាល​ចំពោះ​បញ្ហា​ធ្ងន់​មួយ​ដែល​ជា​ផល​នៃ​ការ​សម្រេច ​ចិត្ដ​របស់​នាយក​រដ្ឋមន្រ្ដី​អូស្រ្ដាលី​ក្នុង​ការ​ផ្ដល់​គោរមងារ​ Knighthood ទៅ​ឲ្យ​ព្រះ​អង្គ​ម្ចាស់ Philip ដែល​ជា​ព្រះ​ស្វាមី​របស់​ព្រះមហាក្សត្រិយានី​អង់គ្លេស​។
លោក​នាយក​រដ្ឋមន្រ្ដី Tony Abbott បាន​ធ្វើ​ឲ្យ​តំណាង​រាស្រ្ដ​គណបក្ស​របស់​លោក​ជា​ច្រើន​ខឹង​ក្រោធ​ខ្លាំង​ដោយ​សារ​លោក​មិន​បាន​ធ្វើការ​ពិគ្រោះ​យោបល់​អំពី​រឿង​នេះ​ជា​មួយ​នឹង​ពួក​គេ។
tony-abott-121-720x547នាយក​រដ្ឋមន្រ្ដី​អូស្រ្ដាលី​ទទួល​ស្គាល់​កំហុស​មិន​បាន​ពិគ្រោះ​យោបល់​ជា​មួយ​រដ្ឋមន្រ្ដី​ដទៃ​ (Credit: Getty Images)
ការ​សម្រេច​ចិត្ដ​តែ​ម្នាក់​ឯង​របស់​លោក​ Tony Abbott បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំង​ពី​បណ្ដា​ពួក​អភិរក្ស​និយម និង​មិត្ដ​ភក្ដិ​របស់​នាយក​រដ្ឋមន្រ្ដី។
លោក Andrew Bolt ដែល​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ជា​មិត្ដ​ល្អ​ដែល​តែង​តែ​ចូល​ចិត្ដ​នាយក​រដ្ឋមន្រ្ដី​នោះ ក៏​ពេល​ឥឡូវ​នេះ​បាន​លើក​ឡើង​ថា ការ​សម្រេច​ចិត្ដ​របស់​នាយក​រដ្ឋមន្រ្ដី​លើ​រឿង​នេះ គឺជា​ភាព​ឆ្កួត​លីលា​មួយ​ ហើយ​អាច​ជា​កត្ដា​នាំ​ឲ្យ​លោក Tony Abbott បាត់បង់​តួនាទី​ដឹកនាំ។
លោក​នាយក​រដ្ឋមន្រ្ដី​បាន​ទទួល​ស្គាល់​កំហុស​ ហើយ​ក៏​ព្រម​ទទួល​យក​នូវ​ការ​រិះគន់​ពី​សហការី​តំណាង​រាស្រ្ដ​ដទៃ​ទៀត​ក្នុង​ជួរ​រដ្ឋាភិបាល​ដែរ។ លោក​បាន​សន្យា​ថា នឹង​ធ្វើ​ការ​ពិគ្រោះ​យោបល់​ឲ្យ​បាន​ច្រើន​ជាង​មុន​លើ​កិច្ចការ​ផ្សេងៗ។
កាល​ពី​ម្សិលមិញ​រដ្ឋមន្រ្ដី​ក្រសួង​អប់រំ រួម​ជា​មួយ​នឹង​រដ្ឋមន្រ្ដី​ក្រសួង​កសិកម្ម​អូស្រ្ដាលី​បាន​និយាយ​ថា រឿង​នេះ​កន្លង​ផុត​ហើយ​ដូច្នេះ​មិន​គួរ​នាំគ្នា​ទុក​រឿង​នេះ​ក្នុង​ចិត្ដ​ទៀត​ទេ។
រដ្ឋមន្រ្ដី​ទាំង​ពីរ​រូប​នេះ​បាន​សំដែង​ឲ្យ​ឃើញ​នូវ​ទំនុក​ចិត្ដ​របស់​ខ្លួន​ទៅ​លើ​ការ​ដឹកនាំ​របស់​នាយក​រដ្ឋមន្រ្ដី​ពួក​គេ​ ហើយ​ថា​រឿង​នេះ​នឹង​មិន​ជា​កត្ដា​ប៉ះ​ពាល់​ដល់​ប្រជា​ប្រិយភាព​របស់​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​ឡើយ៕ប្រភពៈ Radioaustralia