សុភ័ណ្ឌ ឡារី ថតរូបនៅកោះត្រល់សម្រាប់ថ្ងៃរៀបការ
ភ្នំពេញ: ដោយចង់ឲ្យមហាជន និងភ្ញៀវកិត្តិយសបានឃើញពីទេសភាពដ៏កម្រនៅកោះខ្មែរដែលធ្លាក់ ក្រោមការគ្រប់គ្រងរបស់ប្រទេសជិតខាងនោះ តារាសម្តែងមហាជនឲ្យងារថា តារាបក្សសង្គ្រោះជាតិ លោក សុភ័ណ្ឌ ឡារី បាននាំគូដណ្តឹងសម្រស់មិនចាញ់តារាភាពយន្ត ទៅដើរកម្សាន្ត និងថតរូបនៅកោះត្រល់ទុកសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់លោក»។
តារាភាពយន្តមិនសូវសម្បូរការងារសិល្បៈក្នុងស្រុករូបនេះបាន ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «នៅមានតំបន់វប្បធម៌ដ៏អស្ចារ្យពីរទៀត ដែលខ្ញុំ និងគូដណ្តឹងត្រូវបណ្តើរគ្នាទៅថតរូបទុកធ្វើជានិមិត្តរូបថ្ងៃ អាពាហ៍ពិពាហ៍»។
តារាមានកំណើតពីទឹកដីខេត្តព្រៃវែងរូបនេះ បញ្ជាក់ដោយភាពម៉ឺងម៉ាត់ទៀតថា៖ «បន្ថែមលើរូបភាពដែលខ្ញុំបណ្តើរគូដណ្តឹងទៅថត និងសរសេរប្រាប់ជាសាធារណៈ រូបថតទាំងអស់ដែលថតនៅ (កោះត្រល់) ខ្ញុំថតទុកសម្រាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ពួកខ្ញុំនោះនៅមាន២ កន្លែងទៀត។ ទីមួយគឺនៅសៀមរាប ប្រាសាទអង្គរវត្ត និងទីពីរនៅតំបន់អារ៉ែង ដែលមុននេះរដ្ឋាភិបាលឲ្យចិនធ្វើទំនប់វារីអគ្គិសនី»។
ក្រៅពីរូបភាពនែបនិត្យជាច្រើនសន្លឹកភ្ជាប់នូវសារបង្កប់អត្ថន័យ ជាតិនិយម មហាជនភ្ញាក់ផ្អើលនឹងវត្តមានស្រីស្អាតជាគូដណ្ដឹងរបស់លោកដែរ ខណៈកន្លងមក សុភ័ណ្ឌ ឡារី មិនដែលព្រលយរឿងស្នេហា ឬថាជិតចូលរោងការជាមួយនារីណាម្នាក់នោះទេ។
បកស្រាយពីចម្ងល់នោះ តារាភាពយន្តដែលមានប្រជាប្រិយភាពខ្លាំងនៅក្រៅស្រុកជាជាងក្នុង ស្រុកលោក សុភ័ណ្ឌ ឡារី បានសារភាពថា៖ «នាងជាគូដណ្តឹងទើបនឹងភ្ជាប់ពាក្យកាលពីមួយខែមុននេះ។ នាងមិនមែនជាតារាទេ ជាកូនអ្នកនៅភ្នំពេញ»។
លោករៀបរាប់ត្រួសៗពីនារីម្ចាស់ចិត្តថា៖ «លីឌា ជាកូនអ្នកភ្នំពេញ តែមិនមែនជាតារាដូចខ្ញុំទេ។ ពួកយើងបានស្គាល់គ្នាជាងបីឆ្នាំហើយ តែទើបនឹងរៀបចំភ្ជាប់ពាក្យកាលពីមួយខែមុនហ្នឹង តែក៏មិននៅយូរដែរ។ ពួកយើងជិតដល់ថ្ងៃរៀបការហើយ»។
បញ្ជាក់ពីកាលបរិច្ឆេទថ្ងៃដឹកដៃកូនក្រមុំចូលរោងការក្រាបផ្ទឹម តាមប្រពៃណីនោះ តារាភាពយន្តដែលល្បីថាមានទឹកចិត្តមនុស្សធម៌ ដើរធ្វើអណ្តូងទឹក និងផ្ទះឲ្យជនចាស់ជរាជ្រកកោនក្រោយពីបញ្ចប់ការសម្តែងនៅប្រទេស មហាអំណាចសហរដ្ឋអាមេរិករូបនេះ បន្តថា៖ «ខ្ញុំនិងដឹកដៃគូដណ្តឹងចូលរោងការនៅថ្ងៃទី២៦ ខែបួន ខាងមុខ ដែលគ្រោងអញ្ជើញភ្ញៀវចូលរួមចំនួន៥០តុ ប៉ុន្តែភាគច្រើន ជាមន្ត្រីបក្សសង្គ្រោះជាតិ និងសកម្មជនបក្ស ដោយឡែកតារាៗមានចំនួនត្រឹម១០០នាក់ទេ»។
លោក សុភ័ណ្ឌ ឡារី និយាយថា៖ «យើងនឹងមានចាក់ស្លាយបង្ហាញពីរូបភាពដែលខ្ញុំនាំគូដណ្តឹងទៅថត រូប នៅកោះត្រល់ ប្រាសាទអង្គរវត្តនិងនៅតំបន់អារ៉ែង ហើយក៏មានក្រុមយុវជនពាក់អាវ បង្ហាញពីការការពារ ស្រឡាញ់ព្រៃធម្មជាតិខ្មែរដើរបង្ហាញឲ្យធ្វើដូចជាទស្សនីយភាព ពញ្ញាក់អារម្មណ៍ឲ្យកូនខ្មែរបានដឹងថែមទៀត»។
លោកបានបញ្ជាក់ពីចេតនានាំគូដណ្តឹងដើរថតរូបនៅតំបន់ចម្រូង ចម្រាសដើម្បីយកមកចាក់បង្ហាញនៅថ្ងៃរៀបការនោះថា មិនមែនដើម្បីវាយប្រហាររដ្ឋាភិបាល ឬកេងចំណេញនយោបាយខាងណាដែរ។
លោកបកស្រាយថា៖ «ខ្ញុំគ្រាន់តែស្រឡាញ់ទេសភាពទាំងនេះ និងចង់ឲ្យមហាជនដឹងថាកោះត្រល់ជាទឹកដីខ្មែរមានទេសភាពល្អប៉ុនណា ?»។
លោក សុភ័ណ្ឌ ឡារី និយាយថា៖ «មិនដែលមានតារាសិល្បៈណាចង់យករូបភាពបែបនេះទៅបង្ហាញក្នុងថ្ងៃ រៀបការទេ ក្រៅពីគេថតនៅកន្លែងដូចជា រមណីយដ្ឋានល្បីៗ និងនៅក្នុងសណ្ឋាគារលំដាប់ ទើបតែមានខ្ញុំមួយគត់សម្រាប់ខ្មែរ»៕ ប្រភពៈភ្នំពេញប៉ុស្តិ៍