លោក ជួន សុវណ្ណ​៖ នគរបាល​បញ្ជូន​ជនបង្ក​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ទៅ​សាលាដំបូង បែរជា​តុលាការ​ដោះលែង​

1/30/2015 0 Comments A+ a-

ភ្នំពេញ: លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានស្នើ​ទៅ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​តឹងរឹង​មួយ​ជាបន្ទាន់ ពាក់ព័ន្ធ​ករណី​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ដោះលែង​ជនល្មើស​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​។​
​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​នៃ​ការប្រកាស​បង់ពន្ធ និង​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៤ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ ជាពិសេស​គ្រោះថ្នាក់​ចរាចរណ៍​នៅតែមាន​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​នៅ​រាជធានី​ភ្នំពេញ ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខែមករា ឆ្នាំ​២០១៥​នេះ បាន​កើតឡើង​ចំនួន ៥៨ លើក ស្លាប់ ៧ នាក់ របួស ៧៧ នាក់ ខូ​ត​ខាត​ម៉ូតូ ៧០ គ្រឿង និង​រថយន្ត ២០ គ្រឿង ដែល​ផ្តើមចេញពី​មូលហេតុ​ដូចជា បើក​ហួស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ​អាទិភាព បើកបរ​ក្នុងស្ថានភាព​ស្រវឹង និង​បញ្ហា​សុវត្ថិភាព​យានយន្ត ជាដើម​។​
​ដើម្បី​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍ អាចមាន​លទ្ធភាព​កាត់បន្ថយ​បាន ត្រូវបាន​លោក​ជួន សុវណ្ណ ស្នើសុំ​ឲ្យ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ធ្វើការ​អន្តរាគមន៍ ប្រកាស​ច្បាប់ ការអនុវត្ត​ច្បាប់ ទៅ​ជនបង្ក​របួស​ស្នាម។ នៅពេល​បច្ចុប្បន្ន នគរបាល​បានធ្វើ​ការងារ​ខិតខំ​ប្រឹង​ប្រែង​អស់​លទ្ធភាព មានន័យថា នៅពេល​យប់ នៅពេលដែល​សមត្ថកិច្ច​នគរបាល បាន​ឃាត់​ជនល្មើស ដែលមាន​ជាតិ​អាកុល​ហួស​ពី​កំណត់​ច្បាប់ នគរបាល​តែងតែ​បញ្ជូន​ជន​នោះ ទៅ​សាលាដំបូង​រាជធានី ដូចជា ករណី​ជាក់ស្តែង​ថ្មីៗ​នេះ គឺ​ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ បាន​បើក​បុក​ម៉ូតូ​កង់​បី បណ្តាល​ឲ្យ​របួសស្រាល​។ ថ្វីត្បិតតែ​របួស​នោះ​ស្រាល ប៉ុន្តែ​បទល្មើស​របស់​នារី​ជនជាតិ​ម៉ាឡេស៊ី​នោះ បំពាន​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ទី​១ បើកបរ​បង្ក​ឲ្យ​មាន​របួសស្នាម និង​បើក​រត់គេច មិន​ទទួលខុសត្រូវ ទី​២ នៅពេលដែល​សមត្ថកិច្ច​នគរបាល ចាប់​ឃាត់ខ្លួន​បាន​ហើយ ដែល​ស្ត្រី​នោះ ស្ថិតក្នុង​ស្ថានភាព​ស្រវឹង មិន​ឲ្យ​សមត្ថកិច្ច​នគរបាល​វា​ស់​ជាតិ​អាកុល ទី​៣ នារី​ជនជាតិ​ម៉ាឡេស៊ី​នោះ បើកបរ​រថយន្ត គ្មាន​ប័ណ្ណបើកបរ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​
​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា “​នៅពេលដែល​សមត្ថកិច្ច​នគរបាល បាន​បញ្ជូន​នារី​ជនជាតិ​ម៉ាឡេស៊ី​នោះ ទៅ​តុលាការ ដើម្បី​វិនិច្ឆ័យ​តាមច្បាប់ បែរជា​តុលាការ​ដោះលែង​”​។
​លោក បាន​បន្តថា សំណុំរឿង​មិន​ប្រក្រតី ក្នុងការ​ដោះលែង ដែល​សមត្ថកិច្ច​នគរ​បាល​បាន​បញ្ជូនទៅ​តុលាការ ករណី​មាន​មនុស្ស​ស្លាប់ របួស នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​មានចែង​ក្នុង​ច្បាប់ រហូតមកដល់​ពេលនេះ ក្នុង​ឆ្នាំ​២០១៤ គឺ​តុលាការ​ដោះលែង​មិន​ប្រក្រតី ២៣ ករណី​។ គាត់ ថា ក្នុងស្ថានភាព​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ប្រសិនបើ​យើង​មិន​បន្តឹង​អនុវត្ត​ការងារ​ចរាចរ ហើយ​នៅតែ​បណ្តែតបណ្តោយ ឲ្យ​ជនល្មើស​រួចខ្លួន​ចំពោះមុខ​ច្បាប់ ពោលគឺ​ជន​នោះ​មិន​រាងចាល​ទេ​។ ជនល្មើស​បើក​បុក​រនាំង​ដែក សមត្ថកិច្ច​នគរបាល​ចាប់​បញ្ជូនទៅ​តុលាការ តែ​ត្រូវបាន តុលាការ​ដោះលែង​បាត់​។ យើង​សំណូមពរ​ហើយ សំណូមពរ​ទៀត សំណូមពរ​យ៉ាងទទូច​ថា គឺ​សុំ​ឲ្យ​មានការ​ជម្រះក្តី នៅពេល​ជម្រះក្តី​ពេលណា ត្រូវដាក់​ពន្ធនាគារ ឧទាហរណ៍​ថា ត្រូវ​ដាក់ទោស ៦ ខែ តែ​ទោស​នោះ​ត្រូវ​ព្យួរ អីចឹង​ជន​នោះ​មានទោស​ហើយ ដល់ពេល​នោះ មនុស្ស​នោះ ត្រូវ​ជាប់ទោស ពីបទ បើកបរ​មិន​គោរព​ច្បាប់ បើកបរ​ក្នុងស្ថានភាព​ស្រវឹង ឬ​បើកបរ​បង្ក​គ្រោះ​ដល់​អ្នកដទៃ ហើយ​រត់គេច ពី​ការទទួលខុសត្រូវ ឬ​បើកបរ​គ្មាន​ច្បាប់​។​
​លោក​បាន​បញ្ជាក់ថា “​បើ​នៅ​ស្រុក​គេ ការបើកបរ​អត់​ប័ណ្ណបើកបរ មានទោស​ស្មើនឹង​ទោសឧក្រិដ្ឋ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​”​។​
“​នេះ​ជា​បញ្ហា​ប្រឈម​ខ្លាំងណាស់ ក្នុងការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ខណៈពេលដែល​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០១៤ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២.១៩៥ នាក់ ដោយ​មិន​រាប់បញ្ចូល​ចំនួន​អ្នកស្លាប់ នៅ​មន្ទីរពេទ្យ និង​នៅតាម​ផ្ទះ​”៕ ប្រភពៈCEN
police_cenpolice_cen1