មេទាហាន​អាមេរិក​ចាញ់​ល្បិច​​​ស្រី​ស្អាត​​ចិន បញ្ចេញ​ឯកសារ​សម្ងាត់​ប្រាប់​គេ​ខ្ទេច! ឥឡូវ​កំពុង​ជាប់ពន្ធនាគារ

1/31/2015 0 Comments A+ a-


លោក​ Bishop និង​គេហដ្ឋាន​ដែល​លោក​ស្នាក់​នៅ (FBI ចុះ​ទៅ​ឆែក​ឆេរ រកឃើញ​ឯកសារ​សម្ងាត់​ដែល​លោក​លាក់​ទុក)ប្រភព៖​ washingtontimes.com
អតីត​បុគ្គលិក​ជាប់​កិច្ចសន្យា (contractor) របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៨៧ ខែ (ជាង ៧ ឆ្នាំ) និង​បី​ឆ្នាំ​ទៀតត្រូវ​​ព្យួរ​ ពី​បទ​បញ្ជូន​ព័ត៌មាន​សម្ងាត់​ទៅ​ឲ្យ​ស្រី​ស្នេហ៍​របស់​លោក ជា​ជន​ជាតិ​ចិន អាយុ​២៧ ឆ្នាំ​។ ខាងក្រោម​នេះ​ជា​ដំណើរ​ដើម​ទង និង​ធាតុ​ផ្សំ​នៃ​បទ​ល្មើស ដែល​នាំ​ឲ្យ​តុលាការ​ចាប់​ពិរុទ្ធ​បាន។ នេះ​មិន​មែន​ជា​ព័ត៌មាន​ទាន់​ហេតុការណ៍​ទេ ប៉ុន្តែ​ជា​បទ​យកការណ៍​។

លោក​បឹនចាមឹនបាយសូប (Benjamin Bishop) អាយុ ៥៩ ឆ្នាំ បាន​ធ្វើ​ការ​នៅ​ក្នុង​អង្គភាព​ចារកម្ម​ប្រចាំ​រដ្ឋ​ហាវ៉ៃ (Hawaii)។ ​យោង​តាម​បទ​ចោទ​ប្រកាន់ លោក​បាន​បញ្ជូន​ទៅ​ឲ្យ​សង្សារ​របស់​លោក នូវ​ព័ត៌មាន​សម្ងាត់​អំពី​កម្មវិធី​អាវុធ​បរមាណូ​របស់​សហរដ្ឋ​អាមេរិក ក៏​ដូច​ជា​ផែនការណ៍​យុទ្ធសាស្ត្រ​សង្គ្រាម​។ ​លោក Bishop បាន​សារភាព​ទទួល​ពិរុទ្ធ ហើយ​បាន​ឲ្យ​ដឹង​ថា​លោក​បាន​បញ្ជូន​ឯកសារ​សម្ងាត់​ផ្សេងៗ ទៅ​ឲ្យ​សង្សារ​ដែល​ជា​ជនជាតិ​ចិន​នោះ​មែន។ លោក​និង​នាង​ មាន​ទំនាក់ទំនង​គ្នា​ស៊ីជម្រៅ (អាច​បាន​ខ្លួន បាន​ប្រាណ​គ្នា)។


​លោក Bishop បាន​ស្គាល់​គ្នា​ដំបូង​នៅ​ក្នុង​សន្និសីទ​មួយ​ស្ដីពី​វិស័យ​យោធា​អន្តរជាតិ។ ចាប់ពី​ពេល​នោះ​មក អ្នក​ទាំង​ពីរ​បាន​រក្សា​ទំនាក់​ទំនង​នេះ​ជិតស្និទ្ធ​ ឈាន​ដល់​ក្លាយ​ជា​សង្សារ​នឹង​គ្នា។ នាង​ម្នាក់​នោះ​បាន​ទទូច​សុំ​ព័ត៌មាន​សម្ងាត់​ផ្នែក​យោធា​របស់​រដ្ឋាភិបាល​អាមេរិក រហូត​ដល់​លោក​យល់​ព្រម ហើយ​បាន​បញ្ជូន​ឯកសារ​នានា​តាម​អ៊ីមែល (e-mail)។ យោង​តាម​ពាក្យ​បណ្ដឹង​នោះ នាង​ដែល​ជា​គូស្នេហ៍​លោក Bishop មិន​មែន​មាន​វត្តមាន​នៅ​ក្នុង​អង្គ​សន្និសីទ​នោះ​ដោយ​​ចៃដន្យ​នោះ​ទេ ប្រាកដ​ជា​ត្រូវ​គេ​រៀប​ចំ​ទុក​មុន ដើម្បី​ឲ្យ​អ្នក​ទាំង​ពីរ​បាន​ជួប​ប្រសព្វ​គ្នា ហើយ​បន្ត​ទំនាក់​ទំនង​គ្នា​ជា​បន្ត​ទៀត។

​នៅ​ពេល​ដែល​សកម្មភាព​បែប​នេះ​ត្រូវ​បែក​ការណ៍ លោក​ Bishop ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ២០១៣ នៅ​ឯ​បញ្ជាការដ្ឋាន​របស់​កងទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក នៃ​រដ្ឋ​ហាវ៉ៃ (Hawaii) ហើយ​រំលង​បាន​ប៉ុន្មាន​ថ្ងៃ លោក​ត្រូវ​បាន​នាំ​ឡើង​តុលាការ។ សង្សារ​របស់​លោក​ដែល​ជា​ជនជាតិ​ចិន មិន​ត្រូវ​បាន​តុលាការ​ប្រកាស​សមាសភាព ឬ​អត្តសញ្ញាណ​ទេ គ្រាន់​តែ​គេ​ដឹង​ថា​នាង​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក និង​កាន់​ទិដ្ឋាការ (visa) ជា​និស្សិត​ទៅ​រៀន​នៅ​សហរដ្ឋ​អាមេរិក។


​សូម​បញ្ជាក់​ថា​លោក Bishop ជា​មន្ត្រី​ជាប់​កិច្ចសន្យា​ស៊ីវិល។ ក្រៅ​ពី​នេះ លោក​​ក៏​ធ្លាប់​មាន​ឋានន្តរសក្ដិ​ជា​វរសេនិយ​ទោ ក្នុង​ជួរ​កងទ័ព​ជើង​ទឹក ហើយ​បច្ចុប្បន្ន បាន​ចូល​និវត្ត។ មកទល់​នឹង​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា​មូលហេតុ​អ្វី​បាន​ជា​និស្សិត​ចិន ដែល​ត្រូវ​ជា​សង្សារ​របស់​លោក Bishop ចង់​បាន​ឯកសារ​ពាក់ព័ន្ធ​នឹង​វិស័យ​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក យក​ទៅ​ធ្វើ​អ្វី? ឬ​មួយ​ក៏​នាង​ជា​ភ្នាក់ងារ​ចារកម្ម ដែល​រដ្ឋាភិបាល​ចិន​បញ្ជូន​ឲ្យ​ស៊ើបការណ៍? ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក​ជឿ​ថា​លោក Bishop បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់។ ដោយឡែក ចំពោះ​សង្សារ​របស់​លោក គឺ​ក្រសួង​មិន​បាន​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ ថា​បាន​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​នោះ​ទេ។ ពាក្យ​បណ្ដឹង​ដែល​ប្ដឹង​លោក Bishop គ្រាន់​តែ​គូស​បង្ហាញ​ថា «ទង្វើ​របស់​នារី​ម្នាក់​នោះ ​គឺ​ចូល​លក្ខណៈ​ចារកម្ម​ហើយ»៕

សង្សារ​លោក​ Bishop ដែល​ហៅ​ក្រៅ​ថា​នាង​លីលី (Lily)
សង្សារ​លោក​ Bishop ដែល​ហៅ​ក្រៅ​ថា​នាង​លីលី (Lily)

ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ dailymail.co.uk - cbsnews.com