ឧស្សាហ៍ច្រឡំដៃទុករបស់មែនទេ មកប្រើ Nut Smart Tracker តូចច្រឡឹងនេះនឹងជួយអ្នកបាន
នៅពេលលោកអ្នកច្រឡំដៃទុកទូរស័ព្ទ ដើម្បីរកឆាប់ឃើញ គឺមានភាពងាយស្រួលទេ គឺគ្រាន់តែខលទៅអាចដឹងហើយ។ ចុះប្រសិន ច្រឡំដៃទុកកាបូបលុយ ឬកូនសោវិញនោះ តើត្រូវធ្វើដូចម្ដេច? ជាមួយឧបករណ៍រាងជាកូនបន្ទះតូចបួនជ្រុង Nut Smart Tracker នេះ នឹងសម្រួលដល់ការស្វែងរករបស់បាត់ជូនអ្នកបានយ៉ាងងាយស្រួល និងរហ័សបំផុត។
ជារឿងធម្មតាទេ មនុស្សមួយចំនួន អាចមានការភ្លេចភ្លាំង និងច្រឡំដៃទុកដាក់របស់របរ ដោយសារតែពួកគេមានកិច្ចការមមាញឹកច្រើនពេក។ ប្រការនេះមិនត្រឹមតែអាចធ្វើឲ្យលោកអ្នកខាតពេលដោយសារ ត្រូវប្រញាប់រករបស់ដែលបាត់នោះមកវិញទេ តែគឺអាចធ្វើឲ្យប៉ះពាល់អារម្មណ៍ កើតអារម្មណ៍មួម៉ៅក៏ថាបាន។ ដូច្នេះប្លាក ឬស្លាកឆ្លាតវៃ Nut Smart Tracker នឹងជួយស្វែងរករបស់បាត់យ៉ាងងាយស្រួលជូនលោកអ្នកបាន។
Nut Smart Tracker ដែលមានរាងជាកូនបន្ទះតូចបួនជ្រុងនេះជាផលិតផលរបស់ក្រុមហ៊ុនទូរស័ព្ទចិន Zeaplus។ លោកអ្នកអាចប្រើ Nut Smart Tag នេះធ្វើជាបន្តោងសោយ៉ាងស្រស់ស្អាត ឬទុកដាក់នៅក្នុងរបស់របរតូចៗដូចជា កាបូបលុយ ឬរបស់ផ្សេងៗដែលសំខាន់ ដើម្បីងាយស្រួលស្វែងរកនៅពេលច្រឡំដៃទុកបាន។ ដើម្បីប្រើ Nut Smart Tracker បានលោកអ្នកត្រូវការទាញយក (download) កម្មវិធី (app) ដែលមានឈ្មោះ “Nut” ពី Application Store មកលើស្មាតហ្វូន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយឧបករណ៍ឆ្លាតវៃនេះបាន។
Nut Smart Tracker អាចប្រើបានជាមួយ iPhone និងឧបករណ៍ iDevice ដទៃទៀត និងស្មាតហ្វូន Android ក្នុងរយៈចំងាយ ៥០ម៉ែត្រ ភ្ជាប់តាម Bluetooth ដើម្បីខលតាមកម្មវិធី (app) នៅលើទូរស័ព្ទងាយស្រួលរកតាមសំឡេងរោទ៍នៅលើឧបករណ៍ ហើយអាចកាន់ថ្មបានរយៈពេល ៣ខែ។ តម្លៃដាក់លក់នៅលើគេហទំព័រផ្លូវការក្រុមហ៊ុន Zeaplus គឺ ១១,៩៩ដុល្លារអាមេរិក បើនៅលើគេហទំព័រ Amazon គឺតម្លៃ ១៤,៥៩ដុល្លារ៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ zeaplus