គ្រួសារ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន ឃុន សៀរ សុំ​ជួប​ឧកញ៉ា​ផ្ទាល់

12/05/2014 0 Comments A+ a-


20141205_03
ភ្នំពេញៈ ជន​ជាប់​ចោទ​ស្ថិត​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ពីរ​នាក់ ជា​ឪពុក​និង​កូន​ស្រី រង​បណ្តឹង​ពី​ក្រុម​ហ៊ុន ឃុន សៀរ ទាក់​ទង​នឹង​ជម្លោះ​ផ្ទះ​សម្បែង ត្រូវ​បាន​នាំ​មក​កាន់​តុលាការ​សាកសួរ​បន្ថែម ហើយ​ទាម​ទារ​សុំ​ជួប​ត​ទល់​ជាមួយ​ឧកញ៉ា ឃុន សៀរ ជា​ម្ចាស់​ពាក្យ​បណ្តឹង​ដែល​បាន​អវត្ត​មាន​កាល​ពី​ម្សិល​មិញ។
លោក ជូង ជូងី មេធាវី​លោក លី ស៊្រាខេង និង​កូន​ស្រី លី ស៊ាវមិញ បាន​ឲ្យ​ដឹង​ថា ចៅ​ក្រម​ស៊ើប​សួរ លោក លី លីបម៉េង បាន​កោះ​ហៅ​ភាគី​បណ្តឹង​ទាំង​សង​ខាង មក​សាកសួរ​តទល់​មុខ​គ្នា នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​ដើម​បណ្តឹង​ជា​ឧកញ៉ា ឃុន សៀរ និង​ចុង​ចោទ​ជា​កូន​ក្តី​លោក ប៉ុន្តែ​មិន​បាន​ឃើញ​ឧកញ៉ា​រូប​នោះ​មក​ទេ ដោយ​លេច​វត្តមាន​លោក មេធាវី ណាច ទ្រី មក​ជំនួស។
លោក​ថា៖ «កូន​ក្តី​ខ្ញុំ​ទាមទារ​ឲ្យ​ដើម​បណ្តឹង​លោក​ឧកញ៉ា ឃុន សៀរ មក​តទល់​នៅ​តុលាការ ព្រោះ​គាត់​ជា​ដើម​បណ្តឹង​លើ​រឿង​ក្តី​នេះ។ ខ្ញុំ​បាន​បដិសេធ​លើ​ដំណើរ​ការ​នៃ​នីតិវិធី​មួយ​នេះ»។
លោក លី លីបម៉េង ចៅ​ក្រម​ស៊ើប​សួរ​មិន​បាន​និយាយ​ពី​នីតិវិធី​ហៅ​ដើម​បណ្តឹង​ផ្ទាល់​មក​សាក​សួរ​ទេ។
លោក​ថ្លែង​ថា លោក​បាន​កោះ​ហៅ​ភាគី​ទាំង​ពីរ​មក​សាក​សួរ​តទល់​គ្នា លើ​បទ​ចោទ​ប្រើ​ហិង្សា​លើ​អ្នក​កាន់​កាប់​អចលន​វត្ថុ​ដោយ​ស្រប​ច្បាប់ តាម​មាត្រា ២៥៣ នៃ​ច្បាប់​ភូមិ​បាល ហើយ​ឧកញ៉ា ឃុន សៀរ បាន​ទាមទារ​សំណង ៥០០០ ដុល្លារ​ក្នុង​បណ្តឹង។ លោក​និយាយ​ថា៖ «យើង​នៅ​មិន​ទាន់​បញ្ចប់​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ»។
លោក លី ស្រ៊ាខេង និង​កូន​ស្រី លី ស៊ាវមិញ ត្រូវ​ចាប់​ខ្លួន​នៅ​ថ្ងៃ ទី១៨ ខែ​វិច្ឆិកា ជា​ក្រុម​គ្រួសារ​ដែល​ធ្លាប់​រង​ការ​បោះ​ពស់​ចូល​ផ្ទះ ប៉ង​ដុត​ផ្ទះ បំពុល​សត្វ និង​រង​ការ​ប្រើ​ហិង្សា​ពី​សំណាក់ ក្រុម​យុវជន​មិន​ស្គាល់ មុខ​ដែល​ពួក​គេ​គិត​ថា ជា​ការ​ប៉ុន​ប៉ង​ឲ្យ​ពួក​គេ​ចេញ​ពី​ដី​ដែល​រស់​នៅ​ជាង ៣០ ឆ្នាំ​មក​ហើយ។
ម្តាយ​និង​កូន​ប្រុស បាន​កំពុង​រស់​នៅ​គេច​ខ្លួន​ពី​ការ​តាម​ចាប់​តាំង​ពី​ពេល​ចាប់​ប្តី​និង​កូន​ស្រី​មក ហើយ​ក្រុម​គ្រួសារ​នេះ​បាន​ដាក់​តម្លៃ​លក់​ផ្ទះ​ពួក​គេ​នៅ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក ដែល​ក្រុមហ៊ុន ឃុន សៀរ ចង់​បាន​ក្នុង​តម្លៃ ២៥ ម៉ឺន​ដុល្លារ ប៉ុន្តែ​ក្រុម​ហ៊ុន ហ៊ាន​ឲ្យ​ត្រឹម​ក្រោម ១០ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។
អ្នក​ស្រី លោ តេរេសា ជា​ក្មួយ​ស្រី​លោក លី ស៊្រាខេង ដែល​បាន​មក​តុលាការ​ម្សិល​មិញ បាន​និយាយ​ប្រាប់​អ្នក​កាសែត​ថា មិន​ដែល​មាន​ជំនួប​ផ្ទាល់​មាត់ ជាមួយ​លោក ឧកញ៉ា ឃុន សៀរ ជាមួយ​ក្រុម​គ្រួសារ​នេះ​ឡើយ ហើយ​មាន​តែ​កូន​ចៅ​របស់​ឧកញ៉ា ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​នេះ មិន​ដឹង​ថា តើ​ក្រុម​ហ៊ុន​នឹង​ផ្តល់​តម្លៃ​ប៉ុន្មាន​ដល់​ផ្ទះ​ពួក​គេ ប៉ុន្តែ​មាន​ឧកញ៉ា​ម្នាក់​ផ្សេង​ទៀត ឈ្មោះ ប៉ែន លឹម បាន​ឲ្យ​កូន​ចៅ​ទៅ​ជួប​លោក ស៊្រា ខេង នៅ​ពន្ធនាគារ​ដោយ​សន្យា​ផ្តល់​ដី ៥០ ហិកតា និង​លុយ ៥ ម៉ឺន​ដុល្លារ​ដល់​គ្រួសារ​នេះ។
អ្នក​ស្រី​ថា៖ «តើ​ឲ្យ​ពួក​គាត់​យក​ដី​ហ្នឹង​ធ្វើ​អី បើ​នៅ​ដល់​កំពង់ធំ គាត់​មិន​យក​ទេ ហើយ​មិន​មែន​ឧកញ៉ា ឃុន សៀរ ចេញ​មុខ​ផ្ទាល់​ទៀត។ យើង​សុំ​តែ​ដោះ​លែង​ដើម្បី​ឲ្យ​គាត់​បាន​ជួប​គ្រួសារ។ ផ្ទះ​គាត់​រស់​នៅ​តាំង​ពីកូន​មិន​ទាន់​កើត ឥឡូវ​កូន​ទាំង​ពីរ​ធំ​ហើយ។ ផ្ទះ​ហ្នឹង​ថ្លៃ​ជាង ១ លាន​ដុល្លារ តែ​គាត់​សុំ​តែ ២៥ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ»។
តំណាង​ក្រុម​ហ៊ុន​លោក យឹម លាង មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ កាល​ពី​ម្សិល​មិញ។ លោក​មេធាវី ជូង ជូងី ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ ទី២៨ វិច្ឆិកា លោក​បាន​ដាក់​ពាក្យ​ស្នើ​ឲ្យ​តុលាការ​ពិចារណា​លើ​ករណី​សុំ​នៅ​ក្រៅ​ឃុំ​របស់​កូន​ក្តី​ទាំង​ពីរ​នាក់​របស់​ខ្លួន៕