អ្នក​ទិញ​ផ្ទះ​បុរី ​៩៩៩ ​កំពុង​បារម្ភ

12/05/2014 0 Comments A+ a-


13_story2_0
ភ្នំពេញៈ សកម្មភាព​សាងសង់​នៅ​តាម​ការដ្ឋាន​បុរី ៩៩៩ មួយ​ចំនួន​នៅ​ភ្នំពេញ​មិន​សូវ​ជា​មាន​សកម្មភាព ហើយ​ការដ្ឋាន​ដែល​ជា​គម្រោង​ធំ​របស់​ក្រុមហ៊ុន​នៅ​ជិត​មន្ទីរពេទ្យ​រុស្ស៊ី​ កាលពី​ថ្ងៃ​ម្សិលមិញ ​ផ្អាក​ដំណើរការ​ទាំង​ស្រុង ខណៈ​អាជ្ញាធរ​កំពុង​តាម​ចាប់​ខ្លួន​ម្ចាស់​ក្រុមហ៊ុន គឺ​លោក ថោង សារ៉ាត់ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​។
មក​ដល់​ពេល​នេះ​អតិថិជន​ដែល​បាន​ទិញ​ផ្ទះ​នៅ​បុរី​​ ៩៩៩​ លើក​ឡើង​ពី​ការ​បារម្ភ​អំពី​ស្ថានភាព​របស់​ក្រុមហ៊ុន​មួយ​នេះ​។
លោក ថោង សារ៉ាត់ ដែល​ត្រូវ​នគរបាល​ក្រុង​ភ្នំពេញ​ចោទ​ថា ជា​ជន​មេខ្លោង​នៅ​ពី​ក្រោយ​អំពើ​ឃាតកម្ម​លើ ឧកញ៉ា អ៊ឹង ម៉េងជឺ កំពុង​រត់​គេច​ខ្លួន​។
អតិថិជន​ម្នាក់​ដែល​បាន​ទិញ​បន្ទប់​ខុនដូ​មួយ យូនីត នៅក្នុង​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​របស់​ក្រុមហ៊ុន​មានជ័យ​ ៩៩៩ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ ​៥៩២ ជិត​វិទ្យាល័យ​ឥន្ទ្រទេវី បាន​និយាយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា លោក​មាន​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​នៅពេល​លោក​បាន​ដឹង​ថា លោក ថោង សារ៉ាត់ ដែល​ជា​ប្រធាន​ក្រុមហ៊ុន​បុរី​ ៩៩៩ ត្រូវ​បាន​សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​។
លោក​បាន​បន្ត​ថា លោក​បាន​ទិញ​បន្ទប់​១​នៅក្នុង​គម្រោង​ខាង​លើ​ក្នុង​តម្លៃ​ជាង​ ៣០ ០០០​ ដុល្លារ​អាមេរិក​តាមរយៈ​ការ​បង់រំលស់ ដោយ​រហូត​មក​ដល់​ពេល​នេះ ​លោក​បាន​បង់​ប្រាក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ជាង​ ១០ ០០០​ ដុល្លារ​ហើយ។
លោក​បន្ត​ថា៖ «​ខ្ញុំ​កំពុង​ព្រួយបារម្ភ ព្រោះ​ខ្ញុំ​បាន​ឮ​គេ​ប្រាប់​ថា ចាប់​តាំងពី​ថ្ងៃត្រង់​មក ​(ថ្ងៃ​ព្រហស្បតិ៍) សកម្មភាព​របស់​កម្មករ​នៅ​ការដ្ឋាន​ខុនដូ​ដែល​ខ្ញុំ​បាន​ទិញ​មាន​ភាព​ស្ងប់ស្ងាត់​មិន​មាន​ធ្វើ​អ្វី​នោះ​ទេ ខណៈ​កាលពី​ព្រឹក​កម្មករ​ធ្វើការ​ធម្មតា»។ ខ្ញុំ​សង្ឃឹម​ថា ក្រុមហ៊ុន​នឹង​ធ្វើការ​សាងសង់​បញ្ចប់​គម្រោង​របស់​ខ្លួន​ទៅ​តាម​កិច្ចសន្យា​»។
អតិថិជន​រូប​នេះ​អះអាង​ថា ជា​រៀងរាល់​ចុង​ខែ​លោក​ត្រូវ​បង់ប្រាក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ជាង​ ៦០០​ ដុល្លារ ហើយ​សម្រាប់​ការ​បង់​ប្រាក់​ខែ​នេះ​លោក​មិន​ទាន់​ដឹង​ថា នឹង​ត្រូវ​ធ្វើ​ដូចម្តេច​នោះ​ទេ ដោយ​ត្រូវ​រង់ចាំ​មើល​ថា តើ​ការ​សាងសង់​របស់​ក្រុមហ៊ុន​នឹង​បន្ត ឬ​យ៉ាង​ណា​?
អ្នក​ទិញ​វីឡា​មួយ​រូប​ផ្សេង​ទៀត​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ ​រុស្ស៊ី​ ពី​ក្រុមហ៊ុន​នេះ​ដែល​កំពុង​​រស់នៅ​ទី​នោះ​ចាប់​តាំងពី​ខែ​ តុលា បាន​ឲ្យ​ដឹង​ថា អ្នកស្រី​កំពុង​រង់ចាំ​មើល​អ្វី​នឹង​កើតឡើង​។
អ្នកស្រី​ថ្លែង​ថា​៖ «​អតិថិជន​ភាគច្រើន​ដែល​បាន​ទិញ​វីឡា​នៅ​ទីនេះ​ជា​អ្នក​មាន​មុខមាត់ ខ្ញុំ​គិត​ថា នឹង​មិន​មាន​បញ្ហា​ជាមួយ​ពួកយើង​ទេ​។ ប៉ុន្តែ​យើង​នៅ​តែ​រង់ចាំ​មើល​ទន្ទឹម​នឹង​ម្ចាស់​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​»​។
ភ្នាក់ងារ​លក់​របស់​ក្រុមហ៊ុន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ ព្រហស្បតិ៍​ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​ជាធម្មតា និង​នៅ​តែ​ទទួល​ការ​បង់ប្រាក់​ពី​អតិថិជន​ជា​ប្រក្រតី​។ ប៉ុន្តែ​អ្នកស្រី​បន្ត​ថា មាន​អតិថិជន​ខ្លះ​ស្នើសុំ​ពន្យារពេល​បង់ប្រាក់​៖ «​បើ​អ្នក​ទិញ​មិន​បង់​ប្រាក់​ឲ្យ​ពួកយើង គម្រោង​សាងសង់​នេះ​នឹង​មាន​ដំណើរការ​យឺត​។ បញ្ហា ការ​ចាប់​ខ្លួន​គឺជា​រឿង​បុគ្គល វា​មិនមែន​ជា​បញ្ហា​របស់​ក្រុមហ៊ុន​នោះ​ទេ​»​។
លោក ប៉ូ អ៊ាវគង់ អគ្គនាយក​អចលនទ្រព្យ​អាស៊ី ជា​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​បាន​ជួប​ជាមួយ​អតិថិជន​របស់​បុរី​ ៩៩៩ លើក​ឡើង​ពី​ការ​បារម្ភ​ច្រើន​អំពី​បញ្ហា​ថ្មីៗ​នេះ​។
លោក​បន្ត​ថា​៖ «​នឹង​មាន​ផល​ប៉ះពាល់​លើ​ទំនុក​ចិត្ត​របស់​អតិថិជន»។
លោក​លើក​ឡើង​ថា ប៉ុន្តែ​អតិថិជន​មិន​គួរ​បារម្ភ​ទេ​បើ​ក្រុមហ៊ុន​នេះ​គោរព​តាម​ច្បាប់​ដែល​តម្រូវ​ឲ្យ​ដាក់​ប្រាក់​កក់​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ណា​មួយ​នោះ​។
ប្រកាស​ចេញ​កាលពី​ខែ​កក្កដា ឆ្នាំ​២០០៨ តម្រូវ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ត្រូវ​ដាក់​ប្រាក់​កក់​២​ភាគរយ​នៃ​ថវិកា​គម្រោង​របស់​ពួកគេ​នៅ​ធនាគារ​កណ្ដាល​។
មូលនិធិ​នេះ​មាន​បំណង​ដើម្បី​សង​ទៅ​ដល់​អ្នក​ទិញ​ប្រសិនបើ​គម្រោងការ​ដួលរលំ​។
បច្ចុប្បន្ន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​មានជ័យ ៩៩៩ កំពុង​ដាក់​លក់​លំនៅឋាន​ចំនួន​ ១២​ គម្រោង​នៅ​លើ​ទីផ្សារ ដោយ​គម្រោង​មួយ​ចំនួន​ជា​សំណង់​ផ្ទះ ល្វែង-វីឡា និង​មួយ​ចំនួន​ទៀត​ជា​អគារ​ស្នាក់នៅ​រួម​ខុនដូ​។ គម្រោង​ដែល​កំពុង​ដំណើរការ​សាងសង់​នា​ពេល​នេះ រួមមាន​ដូចជា ខុនដូ ស្ថិត​នៅ​តំបន់​ស្ទឹងមានជ័យ បឹងត្របែក និង​ទួលគោក​ជាដើម​៕PB

____________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍