កូនខ្មែរកាត់ចិនម្នាក់ រត់ឡើងលើអាគារ រួចលោតសម្លាប់ខ្លួន
រាជធានីភ្នំពេញ៖ បុរសជាកូនខ្មែរកាត់ចិនម្នាក់ ដែលគេសង្ស័យញៀនថ្នាំដល់កម្រិត បានលោតសម្លាប់ខ្លួនពីជាន់ទី១នៃអគារអធិការដ្ឋាននគរបាល ខណ្ឌពោធិសែនជ័យ ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យរងគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរទេ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៤ ចែធ្នូ ឆ្នាំ២០១៤ នៅអធិការដ្ឋាននគរបាលខណ្ឌស្ថិតក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនបង្កឲ្យមានភាពភ្ញាក់ផ្អើលនេះ ត្រូវបានគេស្គាល់ឈ្មោះ លី ជុន ភេទប្រុស អាយុ៣២ឆ្នាំ មិនប្រាប់ពីមុខរបរ និងទីលំនៅពិតប្រាកដ។
មន្ដ្រីនគរបាលខណ្ឌពោធិសែនជ័យម្នាក់ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនបង្កនោះ ជិះរ៉ឺម៉កកង់បីធ្វើដំណើរពីលិចមកកើត ខណៈពេលកំពុងជិះសុខៗនៅពេលមកដល់ចំណុចមុខអាគារនៃអធិការដ្ឋាននគរបាលខណ្ឌ ជនបង្កហេតុនេះ បានស្ទុះរត់ចេញពីក្នុងម៉ូតូរ៉ឺម៉ក រួចរត់សំដៅឡើងទៅលើអគារនោះ ព្រោះអគារនោះពុំមានរបងត្រឹមត្រូវគឺមានតែជណ្ដើរនៅជាប់នឹងចិញ្ចើមផ្លូវប៉ុណ្ណោះទើបធ្វើឲ្យជនបង្កហេតុងាយស្រួលរត់ឡើងទៅលើអគារ ហើយក៏លោតទម្លាក់ខ្លួនមកដីតែម្ដង។
បើតាមព័ត៌មានបញ្ជាក់ថា ការលោតមកនោះបានបណ្ដាលឲ្យត្រូវចំមន្ដ្រីនគរបាលម្នាក់ដែលឈរនៅក្បែរនោះរងរបួសបែកច្រមុះបន្ដិចដែរ។ ដោយសារតែបានប៉ះជាមួយមន្ត្រីនគរយ៉ាងនេះហើយទើបបានជាមិនបណ្ដាលឲ្យជនបង្កនោះមានរបួសធ្ងន់ធ្ងរ។
សមត្ថកិច្ចបានដាក់ការសង្ស័យថា បុរសកូនខ្មែរកាត់ចិននេះ ទំនងជាអាចញៀនថ្នាំដល់កម្រិត ដែលគេនិយមហៅថាបែកថ្នាំនោះ ហើយអ្វីដែលគេអះអាងថាជាជនបរទេសកាលពីមុនដំបូងនោះជាការមិនពិតទេ ព្រោះក្រោយមកនគរបាលបានហៅទៅសួរនាំគេនិយាយភាសាខ្មែរ បានល្អដូចកូនខ្មែរ ប៉ុន្តែគ្រាន់តែគេនិយាយមិនសូវដឹងខុសត្រូវ និងមិនច្បាស់លាស់ប្រៀបដូចជាអ្នកញៀនថ្នាំដល់កម្រិត៕
កូនខ្មែរកាត់ចិនម្នាក់រត់ឡើងលើអាគារ រួចលោតសម្លាប់ខ្លួន
អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ
ប្រភពពី Free Press Magazine