ជនភៀសខ្លួនម៉ុងតាញ៉ា១៣នាក់កំពុងលាក់ខ្លួនក្នុងព្រៃប្រឈមមុខនឹងជំងឺនិងអត់អាហារ
ក្រុមជនភៀសខ្លួនមួយក្រុមក្នុងចំណោមបីក្រុមអះអាងថា ពួកគេកំពុងមានជំងឺ និងដាច់អាហារ។ ការអះអាងនេះធ្វើឡើងខណៈក្រុមការងារឧត្ដមស្នងការអង្គការសហប្រជាជាតិពីរក្រុម គឺក្រុមទទួលបន្ទុកសិទ្ធិមនុស្ស និងក្រុមទទួលបន្ទុកជនភៀសខ្លួន កំពុងស្វែងរកកិច្ចសហការពីអាជ្ញាធរខេត្តដើម្បីសង្គ្រោះជនភៀសខ្លួនវៀតណាម លាក់ខ្លួនក្នុងព្រៃក្នុងខេត្តរតនគិរី។
ក្រុមម៉ុងតាញ៉ា មួយក្រុមមានគ្នា ៤នាក់ នៅថ្ងៃទី១៨ ខែធ្នូ អំពាវនាវឲ្យក្រុមការងារឧត្ដមស្នងការអង្គការសហប្រជាជាតិរួសរាន់សង្គ្រោះពួកគេចេញពីព្រៃ បើពុំនោះទេ ពួកគេនឹងប្រឈមមុខទៅនឹងគ្រោះថ្នាក់ដោយជំងឺយាយី និងដាច់ស្បៀងអាហារ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីពួកគេទាំង ៤នាក់ ឋិតក្នុងចំណោមអ្នកភៀសខ្លួនវៀតណាម ពីរក្រុមទៀតមានគ្នាសរុប ១៣នាក់ បានភៀសខ្លួនចេញពីខេត្តយ៉ាឡាយ ភាគកណ្ដាលប្រទេសវៀតណាម ជិតពីរខែកន្លងទៅនេះ។ ពួកគេសម្ងំលាក់ខ្លួនក្នុងព្រៃមិនហ៊ានបង្ហាញខ្លួនឲ្យអាជ្ញាធរខេត្តរតនគិរី ឃើញដោយសារខ្លាចសមត្ថកិច្ចចាប់បញ្ជូនពួកគេទៅឲ្យអាជ្ញាធរវៀតណាមវិញ។
បុរសម្នាក់ក្នុងចំណោមគ្នា ៤នាក់រៀបរាប់ថា អ្នកភូមិខ្មែរដែលទំនុកបម្រុងស្បៀងសម្រាប់ពួកគេមិនបានផ្ដល់បាយច្រើនថ្ងៃមកហើយ ដូច្នេះពួកគេគ្មានបាយហូប និងទឹកផឹកគ្រប់គ្រាន់។ ដោយឡែកទៀត ការលាក់ខ្លួនក្នុងព្រៃគ្មានមុងកន្ទេលធ្វើឲ្យពួកគេកើតមានជំងឺរាកមួល និងជំងឺគ្រុនចាញ់បន្តបន្ទាប់គ្នា៖ «ពួកខ្ញុំត្រូវការអង្គការសហប្រជាជាតិ ខ្ញុំនៅទីនេះយូរហើយ ជិតពីរខែហើយ ឈឺគ្រុនចាញ់ក៏មាន ឈឺពោះក៏មាន។ ខ្លាចប៉ូលិសឈឺ។ ច្រើនណាស់ក្នុងព្រៃ»។
ក្រុមការងារអង្គការសហប្រជាជាតិ បានចុះទៅខេត្តរតនគិរី លើកទី២ កាលពីថ្ងៃសុក្រសប្ដាហ៍មុនដើម្បីស្វែងក្រុមម៉ុងតាញ៉ា ទាំង ១៣នាក់នោះហើយគ្រោងនាំយកទៅរាជធានីភ្នំពេញ ដើម្បីធ្វើកិច្ចសម្ភាសន៍ផ្តល់ឋានៈជាជនភៀសខ្លួន។ ក្រុមនេះបានពន្យារពេលចុះទៅជួបក្រុមម៉ុងតាញ៉ា ដោយសារមានសំណើពីអាជ្ញាធរខេត្តឲ្យរកលិខិតអនុញ្ញាតពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រហូតមកទល់នឹងថ្ងៃទី១៨ ខែធ្នូ ក្រុមការងារអង្គការសហប្រជាជាតិមិនទាន់មានលទ្ធភាពចុះទៅសង្គ្រោះជនភៀសខ្លួនទាំងនោះនៅឡើយ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (Adhoc) ខេត្តរតនគិរី លោក ឆាយធី កត់សំគាល់ថា នេះគឺជាការទទួលខុសត្រូវរបស់ស្ថាប័នអន្តរជាតិទាំងពីរ រួមទាំងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ដែលជាម្ចាស់ហត្ថលេខីលើកតិកាសញ្ញាអន្តរជាតិស្ដីពីជនភៀសខ្លួន។
លោកបន្តថា សុវត្ថិភាពជនភៀសខ្លួនវៀតណាម ទាំងនោះឋិតក្នុងការគំរាមកំហែងប្រសិនពួកគេបន្តរស់នៅកន្លែងលាក់ខ្លួនយូរថ្ងៃទៀត៖ «ឥឡូវគាត់សម្រេចចិត្តមួយប្រសិនបើមានវត្តមានអង្គការ យូ.អិន និងមន្ត្រីអាជ្ញាធរគាត់នឹងចេញពីព្រៃមកជួបគឺគាត់មិនទ្រាំនៅព្រៃតទៅទៀតទេ»។
អ្នកភូមិខ្មែរមួយរូបដែលបានទំនុកបម្រុងជនភៀសខ្លួនវៀតណាម កំពុងមានក្តីបារម្ភ ខណៈដែលក្រុមអង្គការសហប្រជាជាតិ មិនមានលទ្ធភាពសង្គ្រោះជនភៀសខ្លួនបាន។ អ្នកភូមិរូបនេះបន្តថា ប៉ូលិសនៅតែបន្តស្វែងរកជម្រកលាក់ខ្លួនពួកម៉ុងតាញ៉ា រាល់ថ្ងៃ៖«គេចេះតែទៅរកប៉ូលិសប៉េអឹមគេ។ ខ្ញុំចេះតែអំពាវនាវឲ្យអន្តរជាតិជួយពួកគាត់ចេញពីព្រៃផង នៅក្នុងព្រៃគ្រុនចាញ់ ផ្ដាសាយខែរងា»។
នៅថ្ងៃទី១៨ ខែធ្នូ ប្រជាពលរដ្ឋសហគមន៍ឲ្យដឹងថា គេឃើញរថយន្តក្រុមការងារអង្គការសហប្រជាជាតិធ្វើដំណើរទៅឃុំសេដា ក៏ប៉ុន្តែមិនមានជនភៀសខ្លួនណាម្នាក់បង្ហាញខ្លួននោះឡើយ។ អ្នកភូមិនិយាយថា កងប៉ូលិសមូលដ្ឋានបានតាមឃ្លាំមើលសកម្មភាពក្រុមការងារអង្គការសហប្រជាជាតិដែលបានទៅដល់តំបន់នោះ។
យ៉ាងនេះក្តីអ្នកនាំពាក្យនិងជាអភិបាលរងខេត្តរតនគិរី លោក លី វិន នៅថ្ងៃទី១៨ ខែធ្នូ មានប្រសាសន៍បញ្ជាក់ថា រហូតមកទល់ពេលនេះអាជ្ញាធរខេត្តមិនទាន់ដឹងវត្តមាន និងកន្លែងលាក់ខ្លួនជនជាតិវៀតណាម ទាំងនោះនៅឯណាទេ៕
ប្រភពពី វិទ្យុអាស៊ីសេរី