ពលរដ្ឋចោទមន្ត្រីនៅខេត្តព្រះសីហនុថាឃុបឃិតធ្វើប្លង់កម្មសិទ្ធិជាន់លើដីលំនៅឋាន
មន្ត្រីសិទ្ធិមនុស្ស និងពលរដ្ឋរងគ្រោះ បានចាត់ទុកសកម្មភាពចេញប័ណ្ណកម្មសិទ្ធិរំលោភដីលំនៅឋាន ផ្ដើមដោយមន្ត្រីក្រសួង និងមន្ទីរពាក់ព័ន្ធមួយចំនួននាខេត្តព្រះសីហនុ ថាអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងស្នើដល់ប្រមុខដឹកនាំរដ្ឋាភិបាល ជួយមានវិធានការជាបន្ទាន់។
ក្នុងទឹកមុខក្រៀមក្រំ និងផ្ទៃមុខជ្រីវជ្រួញ ស្ត្រី ប៉ាក់ ស៊ីណា តំណាងពលរដ្ឋមានទំនាស់ដីធ្លី ១៥គ្រួសារ នៅក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានលើកដៃសំពះអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយបញ្ជូនមន្ត្រីឯករាជ្យចុះស៊ើបអង្កេត ផ្តល់យុត្តិធម៌ចំពោះសកម្មភាពឃុបឃិតគ្នាចេញប័ណ្ណកម្មសិទ្ធិដីធ្លី រំលោភយកដីលំនៅឋានកំពុងរស់នៅសព្វថ្ងៃ។ ពលរដ្ឋចោទប្រកាន់ថា ក្រុមអ្នកដែលឃុបឃិតគ្នានោះ គឺផ្ដើមដោយមន្ត្រីក្រសួងសុរិយោដី និងស្ថាប័នពាក់ព័ន្ធមួយចំនួននាខេត្តព្រះសីហនុ។
លោកស្រីបន្តថា ក្នុងចំណោមពលរដ្ឋទាំង ១៥គ្រួសារ ដែលមករស់នៅក្បែរតំបន់អាងចម្រោះទឹកស្អាតនាខេត្តព្រះសីហនុ គឺមានពលរដ្ឋខ្លះបានមកតាំងទីលំនៅលើដីនេះ តាំងពីឆ្នាំ១៩៨៧ មកម្ល៉េះ ហើយអាជ្ញាធរមូលដ្ឋានដឹងឮ ឬទទួលស្គាល់ជាបន្តបន្ទាប់ រហូតដល់មានសកម្មភាពចុះវាស់វែងដីធ្លីត្រៀមផ្តល់ប្លង់កម្មសិទ្ធិជូនថែមទៀតកន្លងមក។ ប៉ុន្តែ នៅពេលតម្លៃដីធ្លីកើនខ្ពស់ និងមានការប្ដឹងទាស់ពីឈ្មួញមានទ្រព្យធន ហើយជាប់សែស្រឡាយមន្ត្រីមានអំណាច ទំនាស់ដីធ្លីនេះក៏បានកើតមានជាបន្តបន្ទាប់ ដោយឈ្មួញបានប្រើគ្រប់រូបភាព ដើម្បីរំលោភយកដីធ្លីពួកគាត់បន្តរហូតមកដល់ពេលនេះ៖ «ខ្ញុំចង់ជម្រាបទៅ លោក ង៉ាន់ វណ្ណា និងឯកឧត្តម ទេព ធន នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ព្រមទាំងឯកឧត្តម សេង ថានី សូមជម្រាបជូនគាត់ថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងនេះ មិនមែនមានតែអស់លោកប៉ុន្មាននាក់ ឬក្រសួងដែនដី ហ្នឹងទេ គឺនៅមានក្រសួងនានាទៀតនៅជុំវិញរាជរដ្ឋាភិបាលលោក។ ដូច្នេះ ស្នើឲ្យក្រុមការងារ លោក ង៉ាន់ វណ្ណា ផ្អាកការងារលុបប្លង់លេខ ៣២២៨ ទុកសិន ដើម្បីបើកការស៊ើបអង្កេត និងរកដំណោះស្រាយពីក្រសួងពាក់ព័ន្ធជាមុន»។
តំណាងពលរដ្ឋរូបនេះបន្តថា បុគ្គលឈ្មោះ ង៉ាន់ វណ្ណា ដែលក្រសួង ឬមន្ត្រីពាក់ព័ន្ធខេត្តព្រះសីហនុ រួមគ្នាចេញប្លង់កម្មសិទ្ធិដីធ្លីជូនដោយរំលោភដីលំនៅឋានពួកគាត់កំពុងរស់នៅ នាភូមិ៥ សង្កាត់៤ នាខេត្តព្រះសីហនុ នេះ គឺទីតាំងដីរបស់គាត់ស្ថិតនៅជាប់ខាងក្រោយ។ ចំណែកដីធ្លីរបស់ប្រជាពលរដ្ឋពួកគាត់ទាំង ១៥គ្រួសារ មានព្រំ ឬទីតាំងជាប់ថ្នល់ក្រាលកៅស៊ូ។ ប៉ុន្តែចំណែកដី លោក ង៉ាន់ វណ្ណា មិនជាប់ថ្នល់កៅស៊ូទេ។
បន្ថែមលើនេះ លោកស្រី លី គីមហ្គេច ជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋមានទំនាស់ដីធ្លីទាំង ១៥គ្រួសារ នាខេត្តព្រះសីហនុ ក៏បានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលើកឡើងពីការធ្វើកំណែទម្រង់ស៊ីជម្រៅនៅក្នុងរដ្ឋាភិបាលអាណត្តិទី៥ ស្នើឲ្យជួយបញ្ឈប់រាល់សកម្មភាពឃុបឃិតរំលោភយកដីប្រជាពលរដ្ឋតទៅទៀត។
ជាងនេះ លោកស្រីស្នើឲ្យប្រមុខដឹកនាំបញ្ជូនមន្ត្រីចុះស៊ើបអង្កេតលើករណីមន្ត្រីក្រសួង ឬស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ ឃុបឃិតចេញប្លង់កម្មសិទ្ធិជូនបុគ្គលឈ្មោះ ង៉ាន់ វណ្ណា ដែលគ្មានវត្តមានក្នុងមូលដ្ឋាន រំលោភយកដីលំនៅឋានពលរដ្ឋចំនួន ១៥គ្រួសារដោយអនុគ្រោះ៖ «ខ្ញុំទាមទារយកដីខ្ញុំវិញ ព្រោះដីខ្ញុំ គឺមិនបានរករបស់គេ ឬលួចគេទេ។ ខែមុននេះអាជ្ញាធរបានកោះហៅពលរដ្ឋមានទំនាស់ដីធ្លីទាំង ១៥គ្រួសារ ទៅប្រជុំនៅសាលាក្រុងព្រះសីហនុ ដោយអាជ្ញាធរលើកឡើងពីការដោះស្រាយគោលនយោបាយជូនពលរដ្ឋ។ ប៉ុន្តែពលរដ្ឋប្រតិកម្មតបថា ដោះស្រាយគោលនយោបាយអ្វី? ហើយអាជ្ញាធរថា បើគេឲ្យប៉ុន្មានក៏យកទៅ។ ប៉ុន្តែពលរដ្ឋថា ខ្ញុំអត់ឲ្យអ្នកណាមកដោះស្រាយគោលនយោបាយលើដីខ្ញុំទេ ហើយខ្ញុំក៏មិនសម្របសម្រួលជាមួយបងប្អូនណាទេ ហើយដីនេះក៏មិនលក់ដែរ គឺទុកសង់លំនៅឋានរស់នៅ។ ហើយពលរដ្ឋក៏មិនបានទៅយកដីអ្នកណាដែរ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក ង៉ាន់ វណ្ណា ដែលពលរដ្ឋចោទថា បានធ្វើប្លង់កម្មសិទ្ធិដីធ្លីរំលោភយកដីលំនៅឋានចំនួន ១៥គ្រួសារបានទេនៅថ្ងៃពុធ ទី១៧ ខែធ្នូ។ ប៉ុន្តែ លោក ហ៊ុន ភី ប្រធានមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានទទួលស្គាល់ថា ពិតជាបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬកម្មសិទ្ធិដីធ្លីជូន លោក ង៉ាន់ វណ្ណា មានទីតាំងនៅភូមិ៥ សង្កាត់៤ ខេត្តព្រះសីហនុ និងមានផ្ទៃដីសរុបជាង ៦ម៉ឺន ៤ពាន់ម៉ែត្រការ៉េ កាលពីខែសីហា ឆ្នាំ២០១៤។ ប៉ុន្តែលោកថា ការចេញប័ណ្ណនេះ គឺមន្ទីរអនុវត្តទៅតាមសេចក្តីសម្រេចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បង្គាប់បញ្ជាតែប៉ុណ្ណោះ។
លោកត្អូញត្អែរថា ការចេញវិញ្ញាបនបត្រកម្មសិទ្ធិដីធ្លីជូន លោក ង៉ាន់ វណ្ណា ដែលពលរដ្ឋទាំង ១៥គ្រួសារចោទថា រំលោភលើដីពួកគាត់កំពុងរស់នៅនាសង្កាត់លេខ៤ ខេត្តព្រះសីហនុ នេះ បើមន្ទីរមិនចេញប័ណ្ណឲ្យឈ្មោះ ង៉ាន់ វណ្ណា ក៏ខុស និងចេញប័ណ្ណឲ្យក៏ខុស ព្រោះករណីនេះមានសេចក្តីសម្រេច និងកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី៖ «ការងារនេះបើចង់ដឹងច្បាស់ ទាល់តែទំនាក់ទំនងទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម ទើបដឹងច្បាស់ ព្រោះក្រសួងជាអ្នកចាត់ចែងរឿងហ្នឹងឲ្យមកថ្នាក់ក្រោមចេញ ឬធ្វើប្លង់នេះ។ ហើយថាករណីនេះ បើមន្ទីរមិនធ្វើក៏ខុស ឬធ្វើក៏ខុសដែរ ព្រោះក្រសួងបានចេញសេចក្តីសម្រេចមកមន្ទីរ ឬថ្នាក់ក្រោមឲ្យអនុវត្តការងារនេះ»។
ទាក់ទិនបញ្ហានេះ អភិបាលក្រុងព្រះសីហនុ លោក ជិន សារិន មិនធ្វើអត្ថាធិប្បាយជុំវិញទំនាស់ដីធ្លី ឬការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជាន់លើដីសង់លំនៅឋានរបស់ប្រជាពលរដ្ឋនេះទេ។ ប៉ុន្តែស្នើឲ្យវិទ្យុអាស៊ីសេរី សួរទៅ លោក លី វណ្ណដា មានតួនាទីជាអភិបាលរងក្រុងជំនួសវិញ ព្រោះជាអ្នកទទួលខុសត្រូវក្នុងកិច្ចការងារនេះ៖ «សូមទូរស័ព្ទទៅអភិបាលរងខ្ញុំ ដែលទទួលបន្ទុកការងារហ្នឹង គឺលោក លី វណ្ណដា»។
យ៉ាងនេះក្តី លោក លី វណ្ណដា អភិបាលរងក្រុងព្រះសីហនុ ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយបញ្ហាទំនាស់ដីធ្លី ផ្ដើមពីការចេញប័ណ្ណកម្មសិទ្ធិដីធ្លីរំលោភលើដីលំនៅឋានពលរដ្ឋទាំង ១៥គ្រួសារនេះដែរ ដោយរុញឲ្យសួរទៅ លោក ជិន សារិន ជាអភិបាលក្រុងវិញទើបដឹងរឿងនេះជាងលោក៖ «ដីទំនាស់ ១៥គ្រួសារហ្នឹង សូមបងទូរស័ព្ទទៅឯកឧត្តមអភិបាលក្រុង លោក ជិន សារិន ទើបដឹងច្បាស់»។
ការឆ្លើយបញ្ហាដាក់គ្នារវាងលោកអភិបាល និងអភិបាលរងក្រុងព្រះសីហនុ ត្រូវមន្ត្រីសង្គមស៊ីវិលមួយចំនួន ធ្វើការងារពាក់ព័ន្ធដីធ្លីក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ មានមន្ទិលសង្ស័យថា អាចមានភាពមិនប្រក្រតី ឬអំពើពុករលួយកើតមានក្នុងសកម្មភាពចេញប័ណ្ណកម្មសិទ្ធិដីធ្លីនាមូលដ្ឋាននេះ។
ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ីអិនរ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម មានប្រសាសន៍ថា លោកនឹងអង្កេត ឬក៏ជួយប្រឹក្សាផ្លូវច្បាប់ជូនប្រជាពលរដ្ឋរងគ្រោះពីការឃុបឃិតចេញប័ណ្ណកម្មសិទ្ធិដីធ្លី រំលោភដីលំនៅឋានពលរដ្ឋទាំង ១៥គ្រួសារនោះ ក្រោយពេលទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋរងគ្រោះ។ លោករិះគន់ថា សង្គមកម្ពុជា បច្ចុប្បន្ន ដរាបណាមានសកម្មភាពឃុបឃិតជាលក្ខណៈប្រព័ន្ធរវាងមន្ត្រីតាមក្រសួង ឬស្ថាប័នមួយចំនួនដូចរាល់ថ្ងៃនេះ គឺទំនាស់ដីធ្លីនឹងបន្តកើតមាននៅទូទាំងប្រទេស។ ហើយអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី មិនអាចដោះស្រាយបញ្ចប់ជម្លោះនេះ ដើម្បីផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋបានទេ។
លោក សុខ សុខុម ដែលបានចុះពិនិត្យផ្ទាល់ដល់ទីតាំងលំនៅឋានពលរដ្ឋកាលពីព្រឹកថ្ងៃពុធ ទី១៧ ខែធ្នូ យល់ថា ការចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ក្រសួង ឬមន្ទីរពាក់ព័ន្ធខេត្តព្រះសីហនុ ជូនបុគ្គលឈ្មោះ ង៉ាន់ វណ្ណា ជាន់លើដីលំនៅឋានប្រជាពលរដ្ឋទាំង ១៥គ្រួសារ គឺមានភាពមិនប្រក្រតី និងអាចមានបញ្ហាពុករលួយរវាងឈ្មួញ និងមន្ត្រីនៅតាមក្រសួង ឬស្ថាប័នពាក់ព័ន្ធមួយចំនួននាខេត្តព្រះសីហនុ៖«ករណីទំនាស់ដីធ្លីទាំង ១៥គ្រួសារ បើយោងទៅតាមឯកសារកាន់កាប់របស់ប្រជាពលរដ្ឋ ឬសិទ្ធិ ៥យ៉ាងនៃច្បាប់ភូមិបាល គឺពួកគាត់បានបំពេញទាំងស្រុងរួចហើយ ហើយយោងទៅលើឯកសារកាន់កាប់របស់ពួកគាត់ គឺបានទទួលស្គាល់ដោយអាជ្ញាធរ និងជំនាញដែនដីទៀតផង។ ដូច្នេះ បញ្ហាបច្ចុប្បន្នបើយោងទៅលើឯកសារនានា ទំនាស់នេះ គឺកើតឡើងដោយសារតែបុគ្គលម្នាក់បានធ្វើប័ណ្ណកម្មសិទ្ធិទៅលើដីពួកគាត់ទាំង ១៥គ្រួសារ»។
លោកថា បញ្ហាឃុបឃិតចេញប័ណ្ណកម្មសិទ្ធិមិនប្រក្រតី ផ្ដើមដោយមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងស្ថាប័នពាក់ព័ន្ធខ្លះនាខេត្តព្រះសីហនុ គឺមិនមែនជារឿងថ្មីទេ។ បញ្ហានេះធ្លាប់កើតមានជាហូរហែនៅខេត្តជាប់មាត់សមុទ្រមួយនេះ មានដូចជា ករណីផ្តល់ប្លង់កម្មសិទ្ធិដីធ្លីនៅតំបន់ដីចំណីផ្ទៃបឹងព្រែកទប់ ដែលជាបឹងស្តុកទឹកស្អាតសម្រាប់ប្រើប្រាស់ទូទាំងខេត្តព្រះសីហនុ និងទីកន្លែងផ្សេងៗទៀត។ ហើយភាពមិនប្រក្រតីទាំងនេះ បានកើតមានយូរឆ្នាំមកហើយ ពិសេសនៅក្នុងអាណត្តិអតីតអភិបាលខេត្តព្រះសីហនុ លោក ស្បោង សារ៉ាត ដឹកនាំមកម្ល៉េះ។ ប៉ុន្តែបច្ចុប្បន្ននេះ លោក សុខ សុខុម មានជំនឿថា អភិបាលខេត្តថ្មី លោក ឈិត សុខុន មិនដើរតាមគន្លងចាស់របស់ លោក ស្បោង សារ៉ាត ទៀតទេ។
យ៉ាងនេះក្តី លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ មិនលើកទូរស័ព្ទឆ្លើយបំភ្លឺជុំវិញការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជាន់គ្នានេះទេ កាលពីថ្ងៃទី១៧ ខែធ្នូ។ ប៉ុន្តែកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ លោក ឈិត សុខុន បានចុះហត្ថលេខាឯកភាពតាមសំណើសុំគោលការណ៍លុបក្បាលដីលេខ២៣១៩ ចោល និងកែតម្រូវក្បាលដីលេខ២៤០២ ឲ្យជាប់ផ្លូវឡើងវិញ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមសំណើរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ទៅតាមការសម្រេចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម។
សេចក្តីសម្រេចនេះ ប្រជាពលរដ្ឋរងគ្រោះទាំង ១៥គ្រួសារ ចាត់ទុកថាជារឿងអយុត្តិធម៌ថ្មីមួយទៀតសម្រាប់ពួកគាត់នៅក្នុងអាណត្តិដឹកនាំរបស់ លោក ឈិត សុខុន ជាអភិបាលខេត្តព្រះសីហនុ បន្តវេនពី លោក ស្បោង សារ៉ាត ជាអតីតជាអភិបាលខេត្តដែលរំលោភលើដីលំនៅឋានពួកគាត់កំពុងរស់នៅ។
ជាងនេះ ក្រុមប្រជាពលរដ្ឋអះអាងថា កង្វល់នៃការចេញប័ណ្ណកម្មសិទ្ធិរំលោភយកដីលំនៅឋាន ផ្ដើមដោយក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួននាខេត្តព្រះសីហនុ ពួកគាត់ធ្លាប់បានដាក់ពាក្យបណ្ដឹងជូនស្ថាប័នកំពូលៗនៃរាជរដ្ឋាភិបាល មានរដ្ឋសភា និងអង្គភាពប្រឆាំងអំពើពុករលួយ ជាដើម ដើម្បីស្នើជួយរកដំណោះស្រាយ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានចម្លើយឆ្លើយតបបែបណានៅឡើយទេ។
ទាក់ទិនបញ្ហាទំនាស់ដីធ្លីនេះដែរ លោក កឹម សុខា អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់បានអះអាងថា ចាប់ពីដើមឆ្នាំ២០១៥ តទៅ លោកនឹងជំរុញឲ្យគណៈកម្មការជំនាញក្នុងរដ្ឋសភា លើកយកបញ្ហាទំនាស់ដីធ្លីនៅតាមសហគមន៍នានាទូទាំងប្រទេស ក្នុងនោះក៏មានខេត្តព្រះសីហនុ មួយដែរ យកមកដោះស្រាយស្វែងរកយុត្តិធម៌ជូនពលរដ្ឋ។ ក្នុងនោះក៏មានគម្រោងកោះហៅមន្ត្រីពាក់ព័ន្ធនៅតាមក្រសួង ឬស្ថាប័នពាក់ព័ន្ធមួយចំនួន មកឆ្លើយបំភ្លឺជុំវិញបញ្ហាទំនាស់ដីធ្លីនៅតាមសហគមន៍នីមួយៗ ដើម្បីរកឲ្យឃើញការពិត និងឈានដល់ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកប្រព្រឹត្តិកំហុសឆ្គងនាថ្ងៃអនាគត៕