កម្ពុជាវៀតណាមឯកភាពអនុវត្តសន្ធិសញ្ញាព្រំដែននិងការពារអាណិកជន
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចរយៈពេលពីរថ្ងៃ នៅកម្ពុជារបស់ប្រធានាធិបតីវៀតណាម លោក ជ្រឿង តឹងសាង (Truong Tan Sang ) ទីក្រុងភ្នំពេញនិងហាណូយបានបញ្ជាក់ជាថ្មីអំពីការឯកភាព ជាមួយគ្នាក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពនូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយស្តីពីបញ្ហាព្រំដែន។ ភាគីទាំងពីរក៏បានឯកភាពការពារអាណិកជនរៀងខ្លួនដែលរស់នៅ ក្នុងប្រទេសនីមួយៗផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា មួយដែលមាន១១ចំណុច កម្ពុជានិងវៀតណាមបានឯកភាពនិងបញ្ជាក់សាជាថ្មីអំពីបញ្ហាជាច្រើន ក្នុងនោះ ភាគីទាំងពីរអះអាងថានឹងអនុវត្តឲ្យមានប្រសិទ្ធភាពនូវបណ្តា សន្ធិសញ្ញានិងកិច្ចព្រមព្រៀងស្តីពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
កម្ពុជានិងវៀតណាមក៏បានប្តេជ្ញាបញ្ចប់ការងារខណ្ឌសីមានិង ការបោះបង្គោលព្រំដែនឲ្យបានឆាប់ដើម្បីកសាងខ្សែបន្ទាត់ព្រំដែន សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទីក្រុងភ្នំពេញនិងហាណូយក៏បានឯកភាពបង្កលក្ខណៈងាយស្រួលប្រកបដោយ យុត្តិធម៌ដល់អាណិកជនវៀតណាមដែលកំពុងរស់នៅលើទឹកដីកម្ពុជានិង អាណិកជនកម្ពុជាដែលកំពុងរស់នៅលើទឹកដីវៀតណាម។ ក្រៅពីនោះ ភាគីទាងពីរក៏បានឯកភាពជំរុញពាណិជ្ជកម្មរវាងគ្នាឲ្យបានដល់ ៥០០០ លានដុល្លារក្នុងឆ្នាំ ២០១៥ ។
គួរកត់សម្គាល់ថា សន្ធិសញ្ញានិងកិច្ចព្រមព្រៀងស្តីពីបញ្ហាព្រំដែននិងបញ្ហាអាណិកជន វៀតណាមដែលរស់នៅលើទឹកដីកម្ពុជាគឺជាបញ្ហាដែលមេដឹកនាំវៀតណាមតែង យកចិត្តទុកដាក់យ៉ាងខ្លាំង ហើយតែងបានរម្លឹកជានិច្ចនៅរាល់ពេលមានទស្សនកិច្ចរបស់មេដឹកនាំ វៀតណាមមកកម្ពុជាឬក៏ទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាទៅកាន់ប្រទេស វៀតណាម។ ប្រធានបទដដែលនេះក៏ត្រូវបានលោក ជ្រឿង តឹងសាន ប្រធានាធិបតីវៀតណាមបានលើកឡើងជាថ្មីទៀតនៅក្នុងជំនួបជាមួយមេដឹកនាំ ខ្មែរ ។
លោក ជ្រឿង តឹងសាង បានមកដល់ភ្នំពេញកាលពីព្រឹកថ្ងៃអង្គារទី២៣ធ្នូក្នុងដំណើរ ទស្សនកិច្ចជាផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅកម្ពុជា។ ទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ក្នុងអំឡុងទស្សនកិច្ចនេះ ប្រមុខរដ្ឋក្រុងហាណូយបានចូលបង្គំគាល់ព្រះមហាក្សត្រ និងបានជួបជាមួយលោកជា ស៊ីម ប្រធានព្រទ្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងសម្តេចព្រះសង្ឃរាជខ្មែរទាំងងពីរគណៈផងដែរ៕ ប្រភពៈ RFI