ប្រធានសុរិយោដីស្រុកនៅពោធិ៍សាត់ប្រតិកម្មនឹងការចោទថាឃុបឃិតចេញប្លង់កម្មសិទ្ធិដីធ្លី
ប្រធានសុរិយោដី និងភូមិបាលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប្រតិកម្មចំពោះតំណាងពលរដ្ឋ សង្គមស៊ីវិល និងអ្នកសារព័ត៌មាន ដែលរិះគន់រូបលោកទាក់ទងនឹងការចេញប្លង់កម្មសិទ្ធិដីធ្លីនៅភូម ក្សេត្របូរី កន្លងទៅ។
លោកចាត់ទុកអ្នករិះគន់ទាំងនោះថា ជាអ្នកដើរបង្ករឿងហេតុ ធ្វើការខុសតួនាទី និងរំខានការងាររកស៊ី ឬការឈូសឆាយដីចម្ការសម្រាប់បង្កបង្កើនផលរបស់អ្នកភូមិ។ ចំណែកមន្ត្រីសង្គមស៊ីវិលវិញអះអាងថា ខ្លួនមានការអង្កេតយ៉ាងត្រឹមត្រូវថា ការចេញប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លីនៅតំបន់នោះ ពិតជាមានករណីខ្លះគួរឲ្យសង្ស័យពិតមែន។
ប្រតិកម្មនេះ គឺបន្ទាប់ពីក្រុមអ្នកយកព័ត៌មាន មន្ត្រីសមាគមអាដហុក (Adhoc) និងតំណាងពលរដ្ឋនៅភូមិក្សេត្របូរី រកឃើញពីភាពមិនប្រក្រតីរបស់អាជ្ញាធរ និងប្រធានសុរិយោដីស្រុក ហើយកំពុងដើរប្រមូលស្នាមមេដៃ ដើម្បីដាក់ជូនអាជ្ញាធរខេត្តពោធិ៍សាត់ សុំអន្តរាគមន៍បញ្ឈប់សកម្មភាពឈូសឆាយដីព្រៃ និងស្នើឲ្យវាស់វែងដីស្រែចម្ការរបស់អ្នកភូមិក្សេត្របូរី មួយចំនួនដែលមិនទាន់បានវាស់វែង។
ប្រធានសុរិយោដី និងភូមិបាលស្រុកភ្នំក្រវាញ លោក ព្រាប សុផាត មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ មានពលរដ្ឋម្ចាស់ដី និងម្ចាស់គ្រឿងចក្រប្រហែល ៥០នាក់ នាំគ្នាតវ៉ានៅសាលាស្រុកភ្នំក្រវាញ និងសុំឲ្យអាជ្ញាធរពិនិត្យមើលលើសកម្មភាពអ្នកដែលតែងតែដើរអុកឡុក ឬរំខានសួររកប្លង់កម្មសិទ្ធិដីធ្លី នៅពេលពួកគាត់ឈូសឆាយដីដាំដំណាំ។ លោកបង្ហើបថា នៅភូមិក្សេត្របូរី មានមេខ្លោងម្នាក់ឈ្មោះ សុង ណាត់ ដែលតែងតែបង្កបញ្ហា ហើយថ្មីៗនេះមានសកម្មភាពដើររំខានជាញឹកញាប់ ដែលធ្វើឲ្យម្ចាស់ដីខ្លះភ័យខ្លាច ឬផ្អាកការឈូសឆាយលើដីដាំដំណាំរបស់ខ្លួន៖ «រឿងហ្នឹងរឿងគាត់ ខុសច្បាប់តួនាទីរបស់គាត់ មិនត្រូវទៅធ្វើអ៊ីចឹងទេ។ អាចថាក្រុមគាត់ហ្នឹងឃុបឃិតជាមួយពួកបំផុសបំផុល ហើយដើរអុកឡុកប្រជាជន ខ្ញុំគិតថាអ៊ីចឹង»។
លោកបញ្ជាក់ថា ការប្ដឹង ឬចោទប្រកាន់លើរូបលោកក្នុងករណីនេះ គឺដូចប្ដឹងជំទាស់ទៅនឹងគណៈកម្មការចុះវាស់វែងក្រុមនិស្សិតរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជំនាញបរិស្ថានដែរ។ លោកថា ប្រសិនបើមានពលរដ្ឋមួយក្រុមប្ដឹងសុំមោឃភាពប្លង់កម្មសិទ្ធិដែលបាន ចេញរួចហើយ ច្បាស់ជាមានពលរដ្ឋមួយក្រុមទៀត ឬម្ចាស់ដីមានប័ណ្ណកម្មសិទ្ធិហើយនោះ នឹងតវ៉ាមិនសុខចិត្តឡើយ។
ឆ្លើយតបបញ្ហានេះ តំណាងពលរដ្ឋភូមិក្សេត្របូរី ឃុំសន្ទ្រែ លោក សុង ណាត់ ថ្លែងបែបមាំថា រូបលោកមិនខ្លាចការគំរាមកំហែងអ្វីឡើយ ពីព្រោះអ្វីដែលលោកកំពុងធ្វើ គឺដើម្បីរក្សាដីព្រៃ និងទាមទារផលប្រយោជន៍រួមរបស់ពលរដ្ឋ។ លោកថា ក្រុមអ្នកភូមិកំពុងដំណើរការប្រមូលស្នាមមេដៃ ចំណែកនៅតំបន់លោករស់នៅ យ៉ាងហោចក៏បានជាង ៣០នាក់ដែរ ដើម្បីដាក់ជូនអាជ្ញាធរខេត្ត៖ «បាទ! ប្ដឹងហ្នឹងបើនិយាយទៅប្ដឹងសុរិយោដី (លោក ព្រាប សុផាត) ដើម្បីការពារព្រៃឈើផង ហើយណាមួយមិនយុត្តិធម៌ត្រង់ដីព្រៃមិនវាស់ឲ្យអ្នកភូមិទេ ដីមិនអាស្រ័យផល តែដល់ពេលអស់លោកឈូសដីព្រៃសុទ្ធ»។
ចំណែកមន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុធា ថ្លែងថា លោកបានចុះអង្កេតករណីនេះផ្ទាល់ឃើញថា ទីតាំងដែលកំពុងឈូសឆាយនោះ គឺជាប្រភេទដីព្រៃសុទ្ធ ហើយមានប្លង់កម្មសិទ្ធិឯកជន។ លោកថា សង្គមស៊ីវិលមានតួនាទីចុះប្រមូលព័ត៌មានឲ្យបានមូលលើករណីអ្វីមួយ ដើម្បីធ្វើសំណើទៅអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធ ជួយដោះស្រាយ៖ «យើង មិនដើរទៅបំភិតបំភ័យមិនឲ្យគ្រឿងចក្រនោះឈូសឆាយ ឬមួយយ៉ាងម៉េចទេ យើងអត់មានសិទ្ធិទេ។ ហើយបើគ្រឿងចក្រទាំងអស់ត្រឹមត្រូវអត់ឈូសឆាយដីព្រៃទេ គឺជាវាលដីស្រែទេ វាអត់មានអីត្រូវឈូសឆាយ ព្រោះអីទទួលបានប័ណ្ណកម្មសិទ្ធិហើយ»។
លោកបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ លោកបានស្នើផ្ទាល់មាត់ទៅអភិបាលស្រុកភ្នំក្រវាញ ដើម្បីបង្កើតក្រុមការងារមួយ ចុះពិនិត្យមើលទីតាំងដីដែលកំពុងឈូសឆាយនោះ ប៉ុន្តែត្រូវបានលោកអភិបាលស្រុកបដិសេធភ្លាមៗ។ ការអះអាងរបស់មន្ត្រីសង្គមស៊ីវិលរូបនេះ ស្រដៀងទៅនឹងការអះអាងរបស់ក្រុមពលរដ្ឋដែរ ដែលថា អាជ្ញាធរ ឬមន្ត្រីសុរិយោដី អាចឃុបឃិតគ្នាចេញប្លង់ដីមិនត្រឹមត្រូវ៕ ប្រភពៈ RFA