លោក កឹម សុខា ត្រៀមកោះហៅប្រធានសាខាគយក្រុងព្រះសីហនុបំភ្លឺនៅរដ្ឋសភា
ថ្នាក់ដឹកនាំរដ្ឋសភាត្រៀមចាត់វិធានការក្តៅទៅលើអំពើពុករលួយ និងភាពមិនប្រក្រតីនៃការកិបកេងថវិកាជាតិ ផ្ដើមដោយថ្នាក់ដឹកនាំស្ថាប័នសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ។
មន្ត្រីសង្គមស៊ីវិលធ្វើការពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងអំពើ ពុករលួយ បានសាទរសកម្មភាពរបស់ថ្នាក់ដឹកនាំរដ្ឋសភាដើម្បីប្រឆាំងទប់ទល់អំពើ ពុករលួយ ឬភាពមិនប្រក្រតីនៅក្នុងស្ថាប័នគយកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ពេលនេះ។
លោក កឹម សុខា អនុប្រធានទី១ រដ្ឋសភាត្រៀមឲ្យមន្ត្រីគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ ឬគណៈកម្មការទី១០នៃរដ្ឋសភា កោះហៅប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ លោក គិន លី ឲ្យចូលខ្លួនទៅបំភ្លឺនៅចំពោះមុខរដ្ឋសភា ទាក់ទងនឹងអំពើពុករលួយ និងភាពមិនប្រក្រតីមួយចំនួនដែលកើតមាននៅក្នុងស្ថាប័ននេះកន្លង មក។
ទោះលោក កឹម សុខា មិនទាន់កំណត់ថ្ងៃនឹងចេញលិខិតកោះអញ្ជើញលោក គិន លី ឲ្យចូលខ្លួនទៅបំភ្លឺនៅរដ្ឋសភានៅថ្ងៃណាឲ្យពិតប្រាកដបែបណា ក្ដី ក៏ប៉ុន្តែលោកថា នឹងជំរុញឲ្យមន្ត្រីគណៈកម្មការជំនាញប្រឆាំងអំពើពុករលួយរដ្ឋសភាចុះ ពិនិត្យ និងអង្កេតពីភាពមិនប្រក្រតីដែលកើតមាននៅក្នុងស្ថាប័នគយខេត្ត ព្រះសីហនុ ឲ្យបានឆាប់៖ «សំឡេង»។
លោក កឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិផងនោះ អះអាងថា ទិសដៅទៅថ្ងៃអនាគត សកម្មភាពរបស់ស្ថាប័នរដ្ឋសភាក៏មានគម្រោងកោះហៅថ្នាក់ដឹកនាំស្ថាប័ន មួយចំនួនទៀតនៅខេត្តព្រះសីហនុ ដែលអាចជាប់ពាក់ព័ន្ធ ឬនៅពីក្រោយបទល្មើសនាំទំនិញគេចពន្ធ មានដូចជាម៉ូតូ ពិសេសប្រេងសាំងជាដើម នៅតាមលំហសមុទ្រ ខេត្តព្រះសីហនុ៖ «សំឡេង»។
វិធានការនេះទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិលធ្វើការងារ ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំង ឬលុបបំបាត់អំពើពុករលួយនៅកម្ពុជា ផ្ដើមដោយស្ថាប័នរដ្ឋសភាពេលនេះ។
លោក សន ជ័យ មន្ត្រីសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គម ប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា ចង់ឲ្យគណៈកម្មការជំនាញពាក់ព័ន្ធរដ្ឋសភា កោះហៅ លោក គិន លី ប្រធានសាខាគយកំពង់ផែខេត្តព្រះសីហនុ មកបំភ្លឺនៅរដ្ឋសភាឲ្យបានឆាប់ជុំវិញអំពើពុករលួយ និងភាពមិនប្រក្រតីជាច្រើនដែលបានកើតមានក្នុងស្ថាប័ននេះកន្លង មក។ បន្ថែមលើនេះ លោកក៏ចង់ឲ្យរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធមានវិធានការតាមផ្លូវច្បាប់ បើសិនបានឃើញកំហុសឆ្គងរបស់ប្រធានសាខាគយខេត្តព្រះសីហនុ យកទៅផ្ដន្ទាទោស ដូចរដ្ឋាភិបាលធ្លាប់អនុវត្តកន្លងមក៖ «សំឡេង»។
វិទ្យុអាស៊ីសេរី បានព្យាយាមតាមទូរស័ព្ទសុំការបំភ្លឺពីលោក គិន លី ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ជាច្រើនដង ប៉ុន្តែទូរស័ព្ទរបស់លោកជាប់រវល់រហូតនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ។
កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤ មន្ត្រីសាខាគយកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ចាប់បានភ្លុកដំរីចំនួនជាង ៣តោន ស្មើ ១០៨កញ្ចប់ ដែលឈ្មួញលួចនាំចូលមកពីប្រទេសម៉ាឡេស៊ី ចូលមកក្នុងប្រទេសកម្ពុជា តាមច្រកកំពង់ផែខេត្តព្រះសីហនុ។ ប៉ុន្តែរហូតមកដល់ពេលនេះ ភ្លុកដំរីទាំងនោះមិនដឹងថា មន្ត្រីយកទៅរក្សាទុកនៅទីណាទេ៕ ប្រភពៈ RFA