នគរបាលអន្តរជាតិអាំងទែប៉ូលចូលរួមក្នុងការតាមចាប់ខ្លួនលោក ថោង សារ៉ាត់
មន្ត្រីក្រសួងមហាផ្ទៃបានឲ្យកាលពីម្សិលមិញ ថា លោក ថោង សារ៉ាត់ មន្ត្រីក្រសួងការពារជាតិដែលគេតាម ចាប់ខ្លួនពីបទរៀបចំការធ្វើឃាតពាណិជ្ជករសំខាន់ ម្នាក់ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ទំនងជា បានរត់គេចខ្លួនចេញពីប្រទេសកម្ពុជាបាត់ទៅហើយ ដោយធ្វើឲ្យនគរបាលអំពាវនាវដល់នគរបាលអន្តរ ជាតិអាំងទែប៉ូលឲ្យជួយតាមចាប់ខ្លួនមន្ត្រី ក្រសួងការពារជាតិរូបនេះ។
ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ នាយរងខុទ្ទកាល័យក្រសួង ការពារជាតិជាប់ចោទពីបទបញ្ជាអង្គរក្សបួននាក់ របស់លោកឲ្យទៅធ្វើឃាតលោកឧកញ៉ា អឹុង ម៉េងជឺ ប្រធាន ក្រុមហ៊ុន Shimmex Group ដែលត្រូវគេបាញ់សម្លាប់នៅខាងក្រៅហាងលក់ ផ្លែឈើមួយកន្លែងក្នុងខណ្ឌចំការមន រាជធានី ភ្នំពេញកាលពីថ្ងៃទី២២ ខែវិច្ឆិកា។
កាលពីថ្ងៃសុក្រសាលាដំបូងរាជធានីភ្នំពេញបាន ចោទប្រកាន់អង្គរក្សចំនួនបួននាក់របស់លោក ថោង សារ៉ាត់ ពីបទប្រព្រឹត្តអំពើមនុស្សឃាត ហើយបាន ឃុំខ្លួនពួកគេជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃ ស។
អំឡុងការឆ្មក់ចូលភូមិគ្រឹះចំនួនបីរបស់លោក ថោង សារ៉ាត់ ក្នុងខណ្ឌមានជ័យកាលពីថ្ងៃ ទី៣ ខែធ្នូ នគរបាលបានចាប់ខ្លួនឪពុកម្តាយ របស់លោក ប៉ុន្តែ មិនអាចចាប់ខ្លួនឧត្តមសេនីយ៍ទោ រូបនេះ។ បន្ទាប់មក ឪពុកម្តាយរបស់លោក ថោង សារ៉ាត់ ដែលមកពី ប្រទេសវៀតណាម ត្រូវបានចោទប្រកាន់ពីបទរក្សា អាវុធដោយខុសច្បាប់ ហើយត្រូវបានបញ្ជូនទៅពន្ធ នាគារព្រៃស។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមាន ប្រសាសន៍កាលពីម្សិលមិញថា “យើងកំពុងតែស្វែងរក ថោង សារ៉ាត់។ គាត់បានលាក់ខ្លួនបាត់ហើយ គាត់ទំនងជា មិនស្ថិតនៅក្នុងប្រទេសនោះទេ”។
ឧត្តមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងថា ទីកន្លែងជាក់ លាក់របស់ឧត្តមសេនីយ៍ទោរូបនេះ ដែលក៏ជាឧកញ៉ា ម្នាក់ ហើយគ្រួសាររបស់លោកមានជំនួញធំៗមួយចំនួន នោះកំពុងស្ថិតក្នុងភាពអាថ៌កំបាំង។ លោកបានមានប្រសាសន៍បន្ថែមថា “ប្រហែលនៅប្រទេសថៃ វៀតណាម ឬក៏ឡាវក៏ថាបាន តើយើងអាចដឹង តាមរបៀបណាទៅ?”។
លោក ឆៃ សីុណារិទ្ធ ប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ នៅក្រសួងមហាផ្ទៃបានលើកឡើង ថា នគរបាលបានជ្រើសរើសការិយាល័យនគរបាលអន្តរជាតិ អាំងទែប៉ូលនៅប្រទេសកម្ពុជាឲ្យជួយក្នុងករណីនេះ ។ ឧត្តមសេនីយ៍ឯក ឆៃ សីុណារិទ្ធ បានមានប្រសាសន៍ថា “យើងកំពុង ធ្វើការជាមួយការិយាល័យនគរបាលអន្តរជាតិអាំង ទែប៉ូលរបស់យើង។ នៅពេលយើងស្នើឲ្យពួកគេ ជួយ ពួកគេត្រូវតែសើុបអង្កេតករណីនេះ”។ លោកបានមានប្រសាសន៍បន្ថែមថា “ប្រសិនបើគាត់ [ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់] គ្មានទោសពៃរ៍នោះទេ គាត់គួរតែចេញមកតទល់នៅ ក្នុងតុលាការ”។
លោក លឹម សុខារស្មី នាយកស្តីទីការិយាល័យនគរបាល អន្តរជាតិអាំងទែប៉ូលនៅកម្ពុជាបានបញ្ជាក់ថា នគរ បាលរាជធានីដែលកំពុងដឹកនាំការសើុបអង្កេតបាន ទាក់ទងមកការិយាល័យរបស់លោក។ លោកបានមានប្រសាសន៍ ថា “យើងកំពុងតែសហការជាមួយនគរបាលរាជធានីនៅ ក្នុងសំណុំរឿងនេះ”៕ ប្រភពៈ ខេមបូឌា ដេលី