កក្រើកមួយរាត្រី សមាជិកគ្រួសារជនសង្ស័យ១៤នាក់ត្រូវឃាត់ខ្លួន ក្នុងរឿងសម្លាប់លោកអឹងម៉េងជឺ!!!!
ឧកញ៉ា ថោង សារ៉ាត់ សម្ងំនៅភ្នំពេញនៅឡើយ, ឆែកផ្ទះរកឃើញអាវុធ៨ដើម, សមត្ថកិច្ចត្រៀមធ្វើសន្និសីទសារព័ត៌មាន, ឧត្ដមសេនីយ៍ល្បីៗបដិសេធមិនអត្ថាធិប្បាយ, ឪពុកម្ដាយថាកូនប្រុសរត់គេចសិន ឯគាត់មិនទៅណាទាំងអស់, ពលរដ្ឋសាទរប្រតិបត្តិការរបស់ប៉ូលិស
ករណីឧកញ៉ា ថោង សារ៉ាត់ ក្លាយជាព្រឹត្តិការណ៍រសើបថ្មីមួយ ហើយការព័ទ្ធឃាត់ខ្លួនឪពុកម្ដាយឧកញ៉ារូបនេះកាលពីរាត្រីថ្ងៃពុធម្សិលមិញ បានក្លាយជាប្រធានបទជជែកថ្មីល្បីពេញប្រទេស។
សមត្ថកិច្ចត្រៀមធ្វើសន្និសីទសារព័ត៌មាន ឧត្ដមសេនីយ៍ល្បីៗបដិសេធមិនអត្ថាធិប្បាយ
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ឧត្ដមសេនីយ៍ គាត ច័ន្ទថារិទ្ធ ប្រាប់ Sabay នៅប៉ុន្មាននាទីមុននេះថា សមត្ថកិច្ចកំពុងប្រមូលឯកសារឲ្យបានគ្រប់គ្រាន់ រួចហើយនឹងធ្វើសន្និសីទកាសែត។
«ការតាមប្រមាញ់ចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ កំពុងប្រព្រឹត្តិទៅ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់ដឹងពីថាឧកញ៉ារូបនេះនៅទីណានៅឡើយ។ ខ្ញុំសុំមិនទាន់ផ្ដល់ព័ត៌មានលម្អិតទេ សុំរង់ចាំធ្វើសន្និសីទកាសែតតែម្តងទៅប្អូន!»។
«ការតាមប្រមាញ់ចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ កំពុងប្រព្រឹត្តិទៅ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់ដឹងពីថាឧកញ៉ារូបនេះនៅទីណានៅឡើយ។ ខ្ញុំសុំមិនទាន់ផ្ដល់ព័ត៌មានលម្អិតទេ សុំរង់ចាំធ្វើសន្និសីទកាសែតតែម្តងទៅប្អូន!»។
ជាមួយគ្នានោះឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្ដាលយុត្តិធម៌នៃក្រសួងមហាផ្ទៃដែលមានបទពិសោធន៍ចាស់ទុំលើសំណុំរឿងធំៗជាច្រើនបានប្រាប់ Sabay នៅម៉ោង៩ព្រឹកនេះ ថា លោកមិនបានលូកដៃក្នុងសំណុំរឿងនេះទេ ហើយថា លោកមិនទាន់មានយោបល់ជាឯកជន ឬទស្សនៈណាមួយលើការវិវឌ្ឍថ្មីនេះនៅឡើយ។
«យើងជូនទៅខាងក្រុងឲ្យគាត់ធ្វើការនៅឡើយប្អូន!»
«យើងជូនទៅខាងក្រុងឲ្យគាត់ធ្វើការនៅឡើយប្អូន!»
ឆែកឆេររកឃើញអាវុធ៨ដើម
គេហទំព័រសាលារាជធានីអះអាងថា សមត្ថកិច្ចរកឃើញអាវុធ៣ដើមនៅផ្ទះឧកញ៉ា ថោង សារ៉ាត់ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញក្នុងប្រតិបត្តិការឆែកឆេរម៉ោង ២២ និង៤០នាទីយប់ថ្ងៃពុធម្សិលមិញ ដែលនាំទៅដល់ការចាប់ឃាត់ខ្លួនអង្គរក្ស៤នាក់ និងឪពុកម្ដាយឧកញ៉ា ថោង សារ៉ាត់ ព្រមទាំងសមាជិកគ្រួសារដទៃទៀតសរុប១៤នាក់។
អាវុធ៣ដើមផ្សេងទៀតបានរុករកឃើញនៅគេហដ្ឋានទីពីររបស់គ្រួសារនេះ ហើយ២ដើមចុងក្រោយរកឃើញក្នុងរថយន្ត ធ្វើឲ្យចំនួនអាវុធសរុបឡើងដល់៨ដើម។
«យើងឃាត់ខ្លួនឪពុកម្ដាយគាត់ពីបទសមគំនិតលាក់បាំងឃាតក និងអ្នកពាក់ព័ន្ធ» ឧត្តមសេនីយ៍ គាត ច័ន្ទថារិទ្ធ បន្ថែម។
ប្រភពសង្ស័យ ថាឧកញ៉ា ថោង សារ៉ាត់ សម្ងំនៅភ្នំពេញនៅឡើយ
ប្រភពមិនផ្លូវការពីក្រសួងមហាផ្ទៃប្រាប់ Sabay នៅមុននេះបន្តិចថា ជនសង្ស័យគឺលោកឧកញ៉ា ថោង សារ៉ាត់ ទំនងជាត្រូវបានឃាត់ខ្លួនម្ដងរួចមកហើយដំណាលជាមួយក្រុមអង្គរក្សរបស់លោក ប៉ុន្តែត្រូវដោះលែងវិញដោយសារថាសមត្ថកិច្ចមិនទាន់មានភស្តុតាងគ្រប់គ្រាន់។
មន្ត្រីប៉ូលិសច្រកទ្វារអន្តរជាតិភ្នំពេញម្នាក់ទៀតក៏ បញ្ចេញយោបល់ផ្ទាល់មកកាន់ Sabay នៅព្រឹកនេះ ថាករណីគេចខ្លួនរបស់ឧកញ៉ា ថោង សារ៉ាត់ ទំនងជាពិបាកចាកចេញផុតពីប្រទេសណាស់ ព្រោះថាចាប់តាំងពីជនរងគ្រោះត្រូវបានសម្លាប់ភ្លាមៗប៉ូលិសមានតម្រុយជាច្រើនទៅហើយ គ្រាន់តែមិនអាចបញ្ចេញឲ្យសាធារណជនដឹង។
«បើគាត់ទៅតាមច្រករបៀង ប្រហែលជាអាចថាទៅរួច អញ្ចឹងបើថាវៀតណាម ថៃអីប្រហែលជាអាចតែខ្ញុំយល់ថា គាត់ទៅណាមិនទាន់ឆ្ងាយទេ! អាចនៅភ្នំពេញនេះ!»
«បើគាត់ទៅតាមច្រករបៀង ប្រហែលជាអាចថាទៅរួច អញ្ចឹងបើថាវៀតណាម ថៃអីប្រហែលជាអាចតែខ្ញុំយល់ថា គាត់ទៅណាមិនទាន់ឆ្ងាយទេ! អាចនៅភ្នំពេញនេះ!»
ប្រភពមួយផ្សេងប្រាប់ Sabay ថា ការចាប់ខ្លួនឧកញ៉ា ថោង សារ៉ាត់ ត្រូវគេរំពឹងថានឹងបានសម្រេចក្នុង២៤ម៉ោងថ្ងៃព្រហស្បតិ៍នេះ។ «ប៉ូលិសកំពុងប្រតិបត្តិការ! អាចនិយាយថា គេមានទីកន្លែងនិងតម្រុយហើយ!»
ឪពុកម្ដាយថាកូនប្រុសរត់គេចសិន ឯគាត់មិនទៅណាទាំងអស់
នៅមុនពេលដែលឪពុកម្ដាយក្រុមគ្រួសារឧកញ៉ា ថោង សារ៉ាត់ ១៤នាក់សរុបទាំងឈ្នួលបម្រើសុទ្ធតែត្រូវបានឃាត់ខ្លួនសាកសួរនៅស្នងការ អ្នកស្រី កែវ សារី ដែលអះអាងថាត្រូវជាម្តាយ និង លោក ថោង ចំរើន ត្រូវជាឪពុក បានចេញមុខមកការពារជំនួសកូនដោយប្រើសន្និសីទសារព័ត៌មានមួយកាលពីរសៀលម្សិលមិញ។
អ្នកទាំងពីរលើកឡើងថា ការចាប់ខ្លួនអង្គរក្សរបស់គ្រួសារនេះគឺមិនត្រឹមត្រូវទៅតាមនីតិវិធីដោយមិនមានដីកាបង្គាប់ពីតុលាការ ហើយថាសកម្មភាពនេះធ្វើឲ្យប៉ះពាល់យ៉ាងដំណំដល់កិត្តិយស និងមុខរបរគ្រួសារ។
«ការរកស៊ីរបស់ខ្ញុំគឺមិនដែលមានទំនាក់ទំនងអីនឹងឧកញ៉ា អ៊ឹង ម៉េងជឺ ទាល់តែសោះ ហេតុអ្វីនគរបាលចាប់អង្គរក្ស និងឧកញ៉ា ថោង សារ៉ាត់? យើងខ្ញុំនឹងប្តឹងលោកស្នងការ ជួន សុវណ្ណ ទៅតុលាការទាំង៣ថ្នាក់ ទៅក្រសួងមហាផ្ទៃ ព្រឹទ្ធសភា រដ្ឋសភា និងខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រី»។
«ការរកស៊ីរបស់ខ្ញុំគឺមិនដែលមានទំនាក់ទំនងអីនឹងឧកញ៉ា អ៊ឹង ម៉េងជឺ ទាល់តែសោះ ហេតុអ្វីនគរបាលចាប់អង្គរក្ស និងឧកញ៉ា ថោង សារ៉ាត់? យើងខ្ញុំនឹងប្តឹងលោកស្នងការ ជួន សុវណ្ណ ទៅតុលាការទាំង៣ថ្នាក់ ទៅក្រសួងមហាផ្ទៃ ព្រឹទ្ធសភា រដ្ឋសភា និងខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រី»។
គាត់ថាកូនប្រុសរបស់គាត់បានគេចខ្លួនមួយរយៈដើម្បីការពារសន្តិសុខផ្ទាល់ខ្លួន ហើយថាបើតុលាការកោះអញ្ជើញស្របទៅតាមនីតិវិធីច្បាប់ កូនប្រុសរបស់គាត់នឹងបង្ហាញខ្លួន ដោយមានមេធាវីទៅជាមួយ។
ប៉ុន្តែព័ត៌មានចុងក្រោយដែល Sabay បានទទួលនៅម៉ោង៩និង៤០នាទីព្រឹកនេះ គឺគ្រួសារឧកញ៉ា ថោង សារ៉ាត់ ១៤នាក់រួមទាំងឈ្នួលបម្រើផង ត្រូវបានឃាត់ខ្លួនសាកសួរនៅស្នងការមិនទាន់ចេញរួចនៅឡើយ។
ប៉ុន្តែព័ត៌មានចុងក្រោយដែល Sabay បានទទួលនៅម៉ោង៩និង៤០នាទីព្រឹកនេះ គឺគ្រួសារឧកញ៉ា ថោង សារ៉ាត់ ១៤នាក់រួមទាំងឈ្នួលបម្រើផង ត្រូវបានឃាត់ខ្លួនសាកសួរនៅស្នងការមិនទាន់ចេញរួចនៅឡើយ។
កាលពីយប់មិញលោក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ត្រូវបានស្រង់សម្ដីដោយ VOA មកថា សមត្ថកិច្ចបានរកឃើញចម្លើយវិជ្ជមានមួយចំនួននៅក្នុងការសាកសួរជនសង្ស័យ។ លោកថា ពិតជាមានការសារភាពពីករណីជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ហើយថាការសាកសួរកំពុងបន្តប្រព្រឹត្តទៅ។
ទិដ្ឋភាពច្បាប់
ក្រមព្រហ្មទណ្ឌថ្មីរបស់ប្រទេសកម្ពុជា បានកំណត់បទឃាតកម្មគិតទុកជាមុនថាជាបទឧក្រិដ្ឋដែលអាចផ្ដន្ទាទោសដាក់ពន្ធនាគារលើសពី៥ឆ្នាំ ឬដាក់ពន្ធនាគារអស់មួយជីវិត។
ត្រូវចាត់ទុកជាអ្នកផ្តើមគំនិតក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈិម ចំពោះបុគ្គលណាដែល ១-ជំរុញឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះ តាមការណែនាំ ឬ ការបញ្ជា។ ២-បង្កឲ្យមានបទឧក្រិដ្ឋ ឬ បទមជ្ឈិមនោះ ដោយផ្តល់អំណោយ ដោយការសន្យា ឬ ការគំរាមកំហែង ការញុះញង់ ការលួងលោម ឬក៏ដោយការរំលោភអាជ្ញា ឬអំណាចរបស់ខ្លួន។ អ្នកផ្ដើមគំនិតនឹងអាចត្រូវផ្ដន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬបទមជ្ឈិមត្រូវបានសម្រេច ឬបានប៉ុនប៉ង។
ត្រូវចាត់ទុកជាអ្នកសមគំនិតក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈិម ចំពោះបុគ្គលណាដែលជួយសម្រួលដោយចេតនាដល់ការប៉ុនប៉ង ឬការសម្រេចបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះដោយផ្តល់ជំនួយ ឬការឧបត្ថម្ភរបស់ខ្លួន។ អ្នកសមគំនិតនឹងអាចត្រូវផ្ដន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬបទមជ្ឈិមត្រូវបានសម្រេច ឬបានប៉ុនប៉ង។ អ្នកសមគំនិតនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវផ្ដន្ទាទោសដូចគ្នានឹងចារីដែរ។
ទំនាស់ក្ដីក្ដាំងទាក់ទងនឹងឧកញ៉ា អ៊ឹង ម៉េងជឺ
ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានគេដឹងថា មុនពេលត្រូវបាញ់ស្លាប់លោកបានទទួលដីកាកោះហៅឲ្យចូលបំភ្លឺលើសំណុំរឿងក្តីព្រហ្មទណ្ឌថ្ងៃទី៨ ខែធ្នូ សប្ដាហ៍ក្រោយនេះដែលដើមបណ្តឹងក៏ជាឧកញ៉ាម្នាក់ដែរ។ នេះជាសំណុំរឿងទំនាស់ដីធ្លីប្រមាណ ១០ ហិចតា នៅតំបន់បឹងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ក្នុងតម្លៃរាប់រយលានដុល្លារអាមេរិក។
ជនរងគ្រោះក៏មានពាក់ព័ន្ធនឹងបណ្តឹងច្បាប់មួយចំនួនទៀតដែរ។ នៅថ្ងៃសុក្រសប្ដាហ៍មុន ក្រុមគ្រួសារជនរងគ្រោះត្រូវបានគេបរិយាយពីការភៀសខ្លួនទៅក្រៅប្រទេសដោយហេតុផលសុវត្ថិភាព។
ពលរដ្ឋសាទរប្រតិបត្តិការរបស់ប៉ូលិសហើយបន្តតាមដានដោយចិត្តទុកដាក់
បណ្ដាញសង្គមនៅព្រឹកនេះបង្ហាញជំហរយកចិត្តទុកដាក់ថែមឡើងរបស់ពលរដ្ឋទៅលើប្រតិបត្តិការថ្មីរបស់ប៉ូលិសលើសំណុំរឿងធ្វើឃាតកណ្តាលក្រុងភ្នំពេញនេះ។
«ខ្ញុំយល់ថាប៉ូលិសខ្មែរមានជំនាញជាងមុន ហើយខ្ញុំជឿថាគេមានភស្តុតាងក្នុងដៃច្រើនហើយបានជាហ៊ានប្រាប់យើងថាអ្នកណា ព្រោះខាងជនសង្ស័យក៏មិនមែនតូចដែរ ។ យើងចាំមើលសិនទៅ!» សុខ ករុណា និស្សិតវ័យ២៣ឆ្នាំ ប្រាប់ Sabay។
«នេះជាសំណុំរឿងដែលខ្ញុំយកចិត្តទុកដាក់បំផុត! ខ្ញុំសុំតែយុត្តិធម៌! ហើយកុំឲ្យមានល្បិចស្វាលាបមាត់ពពែ!» អ៊ុំ សុភារិទ្ធ អាយុ២៦ឆ្នំា។
«ខ្ញុំមិនទាន់ជឿអ្វីៗទេរង់ចាំសាលក្រម និងការបញ្ជាក់ពីឫសគល់នៃឃាតកម្ម ទើបខ្ញុំអស់ចិត្ត! គ្រប់យ៉ាងគួរតែមានហេតុ និងមានផលរបស់វា» សេន ទីចិន្តា អាយុ២៥ឆ្នាំ។
ស្នងការរងបញ្ជាក់ប្រាប់ Sabay
លោក ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញ បានប្រាប់គេហទំព័រ Sabay នៅម៉ោង១០ព្រឹកនេះតាមទូរស័ព្ទថា គ្រប់យ៉ាងគឺជាកិច្ចការជំនាញ ដូច្នេះសមត្ថកិច្ចកំពុងបំពេញភារកិច្ចក្នុងសិទ្ធិលាក់ការណ៍សិន។
«បញ្ចប់ការងារសមត្ថកិច្ច នឹងឆ្លើយតបគ្រប់យ៉ាងប្អូនខាង Sabay» លោកឆ្លើយតបបែបនេះ នៅពេល Sabay បានដាក់ជាសំណួរថា ជាង ១០ ម៉ោង តាំងពីយប់ថ្ងៃទី ៣ ខែ ធ្នូ សមត្ថកិច្ចបានឡោមព័ទ្ធផ្ទះរបស់លោក ឧកញ៉ា ថោង សារ៉ាត់ តើរហូតមកទល់នឹងពេលនេះមានតម្រុយអ្វីខ្លះហើយឬនៅ? ហើយមហាជនជាច្រើនបានដាក់ចម្ងល់ថា តើជម្លោះរវាងឧកញ៉ា អ៊ឹង ម៉េងជឺ និង ឧកញ៉ា ថោង សារ៉ាត់ ធ្ងន់ធ្ងរកម្រិតណា បានឈានដល់ការបាញ់ប្រហារឆៅៗនៅតាមដងផ្លូវ?
លោកឆ្លើយតបទៀតថា ចំពោះការឃាត់ខ្លួនឪពុកម្ដាយ និងសន្តិសុខនៅបុរី ៩៩ គឺសមត្ថកិច្ចបានឃាត់ខ្លួនមែន ការឃាត់ខ្លួននេះ ដោយសារតែកាលពីម្សិលមិញសមត្ថកិច្ចឆែកឆេរបានរកឃើញកាំភ្លើង និងហៅសន្តិសុខមកសាកសួរជុំវិញករណីនេះ បន្ទាប់ពីការសាកសួរចប់ សមត្ថកិច្ចនឹងដោះលែងវិញហើយ។
សារព័ត៌មានក្នុងស្រុករាយការណ៍ម្សិលមិញដោយស្រង់សម្ដីស្នងការរងរាជធានីភ្នំពេញ លោក ជួន ណារិន មកថា ឧកញ៉ា ថោង សារ៉ាត់ ប្រធានក្រុមហ៊ុនបូរី៩៩៩ និង ជាថៅកែសាច់ប៉ាតេមានជ័យ៩៩៩ ស្ថិតនៅពីក្រោយឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ។ ប្រភពផ្សេងទៀតអះអាងថា អង្គរក្សឧកញ៉ា ថោង សារ៉ាត់ ចំនួន ២នាក់ ក្នុងចំណោម៣នាក់ដែលត្រូវបានឃាត់សាកសួរបានផ្ដិតមេដៃសារភាព៕
អត្ថបទ៖ Sabay