កុំចង់កុហក ឧបករណ៍ Kokoro Scanner អាចដឹងថាអ្នកកុហកឬអត់?
ប្រសិនបើមានអ្នកណាម្នាក់និយាយកុហក តើអ្នកដឹងដោយរបៀបណា? អ្នកប្រហែលធ្វើការប៉ាន់ស្មានទៅតាមសកម្មភាពឬភស្តុតាងផ្សេងៗ។ ប៉ុន្តែពេលនេះមានឧបករណ៍វ័យឆ្លាតមួយដែលអាចជួយអ្នកអោយដឹងបានថាអ្នកណាម្នាក់កំពុងតែកុហកអ្នក។
Kokoro Scanner គឺជាឧបករណ៍តាមដានការកុហកមួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតឧបករណ៍ក្មេងលេងមួយឈ្មោះថា Takara Tomy ដែលមានទីតាំងក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ ឧបករណ៍នេះបានបង្កើតឡើងសម្រាប់ហ្គេមកម្សាន្តមួយឈ្មោះថា “Truth or Dare”។ វាជាឧបករណ៍សម្រាប់ពាក់នឹងថ្ងាស ដែលអាចប្ដូរពណ៌ទៅតាមចង្វាក់បេះដូងដើម្បីបង្ហាញថាតើអ្នកដែលពាក់ឆ្លើយពិតឬមិនពិត។
នៅពេលដែលយើងយកវាទៅពាក់ នោះវានិងធ្វើការត្រួតពិនិត្យទៅជីពចរដោយប្រើកាំរស្មីអ៊ីនហ្វ្រា( Infrared ray ) ដើម្បីស្ទាបស្ទង់ ហើយបន្ទាប់ពីសួរសំនួររួច វានិងធ្វើការប្រៀបធៀបទៅលើការប្រែប្រួលនៃចង្វាក់បេះដូងដើម្បីបង្ហាញពណ៌ទៅតាមការឆ្លើយតបរបស់អ្នកពាក់ថាតើ និយាយពិតឬកុហក ។
ប្រសិនបើវាបង្ហាញពណ៌បៃតងគឺមានន័យថាអ្នកពាក់គឺមានដំណើរជីពចរធម្មតាគឺគេនិយាយការពិត បើចេញពណ៌លឿងវិញបង្ហាញថាពួកគេអាចនិយាយកុហក តែបើបង្ហាញពណ៌ក្រហមវិញមានន័យថាពួកគេពិតជានិយាយកុហក។ លើសពីនេះ វាក៏ធ្វើការវាស់ប្រតិកម្មផ្សេងទៀតដូចជាប្រតិកម្មស្បែក ចលនាជីពចរ សំពាធឈាម និង ដង្ហើម ខណៈ ពេលដែលសួរសំនួរ។ ឧបករណ៍តាមដានការកុហកKokoro Scannerនេះគឺមានដាក់លក់ក្នុងតម្លៃ ៤៥ ដុល្លារដោយភ្ជាប់មកជាមួយ១៥សំនួរជាស្រេចទៅលើប្រធានបទផ្សេងៗគ្នា៕