ពលរដ្ឋខេត្តសៀមរាបរិះគន់អាជ្ញាធរដែលអនុញ្ញាតឲ្យក្លឹបហ៊ីបហបដំណើរការឡើងវិញ
ក្លឹបឌីស្កូ ហ៊ីប ហប (Hip Hop) ដែលមានទីតាំងនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានចាប់ផ្ដើមបើកទទួលភ្ញៀវជារូបភាពក្លាស៊ីក (Classic) ឡើងវិញ នៅក្រោយពេលដែលក្លឹបនេះមានអគ្គិភ័យស្លាប់មនុស្ស ៥នាក់ និងរបួស ២នាក់ ជាងមួយសប្ដាហ៍ក្រោយមក។
ការបើកឲ្យដំណើរការឡើងវិញ ក្លាស៊ីក ហ៊ីប ហប នេះ មហាជនខ្លះរិះគន់ថា ជាអំពើមិនគួរគប្បីខាងផ្នែកមនុស្សធម៌ សម្រាប់គ្រួសារដែលមានសាច់ញាតិស្លាប់ទេ។
ប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តសៀមរាប សម្ដែងការមិនពេញចិត្តចំពោះថៅកែដែលបើកក្លឹបក្លាស៊ីក ហ៊ីប ហប ធ្វើអាជីវកម្មជាថ្មីឡើងវិញយ៉ាងឆាប់រហ័ស នៅជាប់ជញ្ជាំងគ្នានឹងក្លឹបដែលទើបតែឆេះនោះ។
ការមិនសប្បាយចិត្ត បានកើតឡើងបន្ទាប់ពីក្លឹប ហ៊ីប ហប ដែលជាប់ជញ្ជាំងគ្នានោះ ត្រូវអគ្គិភ័យឆាបឆេះពីសរាំ (ឆាករាំ) បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ ជាង ១សប្ដាហ៍កន្លងមកនេះ ដោយសមត្ថកិច្ចហាក់មិនទាន់ទាំងបានធ្វើការស៊ើបអង្កេតឲ្យសមស្របតាមនីតិវិធីច្បាប់ ព្រមទាំងដោះស្រាយបញ្ហាសំណងនានាចំពោះអ្នករងគ្រោះនៅឡើយផងនោះ។
បុរសម្នាក់រស់នៅភូមិតាផុល សង្កាត់ស្វាយដង្គំ ក្នុងចំណោមអ្នកខេត្តសៀមរាប មួយចំនួនទៀត មានប្រសាសន៍ដោយសុំមិនបញ្ចេញឈ្មោះកាលពីរសៀលថ្ងៃច័ន្ទ ទី៨ ខែធ្នូ ថា គាត់មិនពេញចិត្តចំពោះឥរិយាបថរបស់ថៅកែក្លឹប ហ៊ីប ហប ដែលបានបើកក្លាស៊ីក ហ៊ីប ហប មួយ ដើម្បីដំណើរការស៊ីផឹកឡើងវិញយ៉ាងឆាប់រហ័សដូច្នេះទេ។ បុរសដដែលបញ្ជាក់ថា ក្លឹប ហ៊ីប ហប មួយនេះទើបតែមានគ្រោះអគ្គិភ័យ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ ហេតុអ្វីបានជាថៅកែហាក់មិនមានចិត្តក្ដុកក្ដួលជាមួយអ្នកដែលរងគ្រោះទាំងនោះ?៖ «គឺអត់ទាន់បានមួយអាទិត្យផង ក្លឹប ហ៊ីប ហប ហ្នឹងបើក។ ខ្ញុំយល់ថា ជាការប្រមាថដល់ជនរងគ្រោះខ្លាំងណាស់»។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀតមានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា បន្ទាប់ពីក្លឹប ហ៊ីប ហប ឆេះបានជាងមួយអាទិត្យ គឺគាត់ឃើញក្លឹបនោះដើរចែកក្រដាសផ្សាយពាណិជ្ជកម្មបើកដំណើរការឡើងវិញ។ គាត់យល់ថា ទង្វើនេះហាក់មិនមានចិត្តចូលរួមសោកស្ដាយចំពោះមនុស្សដែលស្លាប់ និងរងរបួសនៅក្នុងក្លឹបនោះឡើយ។
កាលពីរំលងអាធ្រាត្រថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា អគ្គិភ័យបានឆាបឆេះពីសរាំនៃក្លឹប ហ៊ីប ហប បណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន ៥នាក់ស្លាប់ ព្រមទាំងស្ត្រី ២នាក់ផ្សេងទៀតរងរបួសធ្ងន់។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកគ្រប់គ្រងក្លឹប ហ៊ីប ហប ដើម្បីសុំប្រតិកម្មជុំវិញការរិះគន់របស់ប្រជាពលរដ្ឋបានថាយ៉ាងណានៅឡើយ។
ចាប់តាំងតែពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៣ ខែធ្នូ ក្លឹប ហ៊ីប ហប បានបោះខិត្តប័ណ្ណឃោសនាចែកចាយដល់សាធារណៈ ឲ្យចូលទៅកម្សាន្តនៅកន្លែងរបស់ខ្លួនឡើងវិញ។
អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង មានប្រសាសន៍ថា នៅទីតាំងនោះ គឺមានកន្លែងពីរផ្សេងគ្នា គឺទី១ ក្លឹប ហ៊ីប ហប ដែលភ្លើងឆេះ និងទី២ ក្លាស៊ីក ហ៊ីប ហប ដែលនៅជាប់ជញ្ជាំងគ្នា។ លោក ឃឹម ប៊ុនសុង បញ្ជាក់ថា អាជ្ញាធរមិនអនុញ្ញាតឲ្យថៅកែបើកក្លឹប ហ៊ីប ហប ដែលឆេះនោះធ្វើអាជីវកម្មវិញទេ ក៏ប៉ុន្តែចំពោះ ក្លាស៊ីក ហ៊ីប ហប គឺមិនអាចហាមឃាត់បានឡើយ៖«អ្នកដែលនិយាយថាក្លឹបកម្សាន្តដែលឆេះ ហើយបើកវិញនោះ គឺអត់មានទេ មានតែ ក្លាស៊ីក ហ៊ីប ហប»។
កាលពីថ្ងៃទី១ ខែធ្នូ កន្លងទៅ សាលាក្រុងសៀមរាប បានចេញលិខិតជូនដំណឹងឲ្យម្ចាស់ក្លឹប ហ៊ីប ហប ផ្អាកធ្វើអាជីវកម្មជាបណ្ដោះអាសន្ន ដោយយោងទៅលើបញ្ហាភ្លើងឆេះក្លឹប បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើន ហើយប្រជាពលរដ្ឋមិនទាន់ស្ងប់អារម្មណ៍។ បើទោះបីជាមានសេចក្តីជូនដំណឹងយ៉ាងនេះក៏ដោយ ក៏ម្ចាស់ក្លឹប ហ៊ីប ហប នៅតែបន្តធ្វើអាជីវកម្មកម្សាន្តរបស់ខ្លួននៅឡើយ៕