ជនប្រដាប់អាវុធ២នាក់ភ្ជង់ប្លន់ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយម្នាក់
រាជធានីភ្នំពេញ៖ ជនប្រដាប់អាវុធ២នាក់ ភ្ជង់ប្លន់ បុរសម្នាក់ធ្វើការនៅអង្គភាពប្រឆាំងអំពើពុករលួយ ខណៈកំពុងតែឈប់ទិញកាតទូរស័ព្ទ កាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅតាមមហាវិថីម៉ៅសេទុង ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅទីតាំងកើតហេតុ បានរៀបរាប់ប្រាប់សមត្ថកិច្ច ថា មុនពេលកើតហេតុ ជនរងគ្រោះដែលគេស្គាល់ថា ជាមន្ត្រីនៅអង្គភាពប្រឆាំងអំពើពុករលួយជិះម៉ូតូម៉ាក Lead ពណ៌ពងមាន់ អត់ស្លាកលេខមួយគ្រឿង លុះមកដល់ចំណុចខាងលើ ទូរស័ព្ទអស់លុយ ក៏ឈប់ទិញកាតទូរស័ព្ទ ស្រាប់តែមានជនសង្ស័យ ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លីជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកភ្ជង់ប្លន់យកលុយចំនួន៥០០ដុល្លារ អាមេរិក និងទូរស័ព្ទសាំសុង កាឡាក់ស៊ីអេសមួយគ្រឿង ចំណែកម៉ូតូចាស់ពេកចោរមិនបានប្លន់យកទៅទេ។
ក្រោយពេលកើតហេតុ ជនរងគ្រោះខាងលើ បានដាក់ពាក្យបណ្តឹង។