រដ្ឋសភាគ្រោងកោះហៅលោក ខៀវ កាញារីទ្ធ សាកសួរពីការផ្សព្វផ្សាយគ្រឿងស្រវឹង​

12/12/2014 0 Comments A+ a-

មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋសភា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ឲ្យដឹងថា​គណៈកម្មការ​ទី​៥​នៃ​រដ្ឋសភា​នឹង​កោះហៅ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មក​សាកសួរ​ទាក់ទង​នឹង​ការ​ដែល​បណ្តាញ​ទូរទស្សន៍ និង​វិទ្យុ​នៅតែ​បន្ត​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ។​
​ក្នុង​សន្និសីទ​ព័ត៌មាន​ប្រចាំខែ​នៅ​វិមាន​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​ធ្នូ​នេះ ប្រធាន​គណៈកម្មការ​កិច្ចការបរទេស លោក ឈាង វុន ថ្លែងថា​លោក​នឹង​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន មក​សាកសួរ​ពាក់ព័ន្ធ​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ដោយ​លោក​នឹង​ស្នើ​ឲ្យ​លោក ខៀវ កាញារីទ្ធ ពិចារណា​ឡើងវិញ​ក្នុង​ការបើកឲ្យ​មាន​ការផ្ស​ព្វ​ផ្សាយ​គ្រឿង​ស្រវឹង​ជាច្រើន ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែបនេះ ។ លោក​ថា «​អស្ចារ្យ​ផ្សាយ​ស្រា​បៀរ ខ្ញុំ​អង្គុយ​១០​នាទី​នៅមុខ​ទូរទស្សន៍​មួយ ផ្សាយ​ស្រា​ហ្នឹង​មិនតិចជាង​៨​នាទី​ទេ កម្មវិធី​១០​នាទី ផ្សាយ​ស្រា​ប្រហែល​៨​នាទី ខ្ញុំ​អង្គុយ​វាស់ ស្រា​ហ្នឹង​៨​នាទី ធ្ងន់ធ្ងរ​មែនទែន ខ្ញុំ​យល់​ហើយ​នេះ​ជា​ចំណូល​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ប៉ុន្តែ​ចំណូល​របស់​យើង​ឲ្យ​គិត​ពី​សេចក្តីស្លាប់​រប​ស់​អ្នក​ផ្សេង​» ។​
beer_advertise_tv_141103-2014-11-03-2014-12-11​ទោះជា​យ៉ាងណា លោក​មិន​ទាន់​កំណត់​ពេលវេលា​ជា​ក់ណា​មួយ​ក្នុង​ការកោះហៅ​នេះ​នៅឡើយ​ទេ ។ ប៉ុន្តែលោក​ស្នើឲ្យ​ស្ថានីយ​ទូរទស្សន៍​កាត់ប​ន្ថ​យ​ការផ្សព្វផ្សាយ​គ្រឿង​ ស្រវឹង ហើយ​ប្រជាពលរដ្ឋ​រួម​គ្នា​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង ។​
​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង យល់ថា​ជា​រឿង​ល្អ​ដែល​មន្ត្រី​នៃ​រដ្ឋសភា ចេះ​បារម្ភ​ពី​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ និង​ជា​ការ​ពញ្ញាក់​ស្មារតី​ថា រដ្ឋសភា​កំពុង​ឃ្លាំ​មើល​ពី​ការអនុវត្ត​ច្បាប់ ។ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​គួរតែ​មិនឲ្យ​មាន​ការផ្សាយ​គ្រឿង​ស្រវឹង​តែ​ម្តង​។ លោក​បញ្ជាក់ថា «​ការផ្សាយ​ហ្នឹង ជា​ពិសេស​យើង​ឃើញ សកម្មភាព​ផឹកស៊ី​នៅ​ប្រទេស​ផ្សេងៗ​គេ​មិន​ដែល​ផ្សាយ​ទេ ប៉ុន្តែ​ប្រទេស​កម្ពុជា​យើង​ផ្សាយ​ពេញ​ទឹក​ពេញ​ដី ។ ហើយ​ម្យ៉ាងវិញទៀត រូបភាព​នៃ​ការផ្សាយ​ទៀតសោត មិន​ត្រឹមតែ​ដើម្បី​លើកទឹកចិត្ត​ផឹក​ស្រា​ទេ ប៉ុន្តែ​ហាក់បីដូចជា​លើក​កំពស់​គ្រឿង​ស្រវឹង​ខ្ពស់​ហួសហេតុ រហូតដល់​មាន​កាន់​ដប​ស្រា​ហោះ​កាត់​វិមាន​ឯករាជ្យ​ទៅទៀត​» ។​
​លោក យង់ គិមអេង បន្ថែម​ថា​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សង្គម ដែល​ធ្វើឲ្យ​យុវវ័យ​សេព​គ្រឿង​ស្រវឹង និង​ជា​ចំណែក​មួយ​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ ។
VOD មិនអាច​ទាក់ទង​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បាន​នៅឡើយ​ទេ ។​
​ប៉ុន្តែ​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃ​ទី​១ ខែតុលា ណែនាំ​ថា​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៥ នៅ​រាល់​ម៉ោង​៦​ដល់​ម៉ោង​៨​យប់ គឺ​ពុំ​អនុញ្ញាត​ឲ្យ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ជាដាច់ខាត ទោះជា​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នោះ​ភ្ជាប់​ជាមួយ​កម្មវិធី ព័ត៌មាន ការប្រគុំ​តន្ត្រី ការប្រកួត​កីឡា ការកម្សាន្ត​បទ​ចម្រៀង​ខារ៉ាអូខេ ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ផលិត ឬ​ចែកចាយ​គ្រឿង​ស្រវឹង​ក៏ដោយ ។
ចំណែក​សេចក្តីព្រាងច្បាប់​ថ្មី ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ដែល​រដ្ឋសភា​អនុម័ត នា​ពេល​ថ្មីៗ​បាន​ដំឡើង​ការពិន័យ​ជា​ប្រាក់​ចាប់ពី​៨០០ ០០០​រៀល ដល់​៤ ០០០ ០០០​រៀល សម្រាប់​អ្នកបើកបរ​ដែល​មាន​ជាតិ​ស្រវឹង ៕​ ប្រភពៈ VOD