តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ពេល​ដែល​បុរី​មួយ​ប្រកាស​ក្ស័យ​ធន?

12/12/2014 0 Comments A+ a-

គម្រោង​វិនិយោគ​នានា​នៅ​កម្ពុជា របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​រអាក់រអួល​ជា​ខ្លាំង បន្ទាប់​ពី​តុលាការ​បាន​ចោទ​អ្នក​គ្រប់គ្រង​រូប​នេះ ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ។ ព័ត៌មាន​នេះ បាន​ជំរុញ​ឲ្យ​ដំណើរ​ការ​សាងសង់​បុរី និង​សកម្មភាព​អាជីវកម្ម​របស់​ឧកញ៉ា ថោង សារ៉ាត់ បាត់​បង់​ការ​ទុក​ចិត្ត​ពី​អតិថិជន ហើយ​បញ្ហា​នេះ​អាច​ឈាន​ដល់​ការ​ក្ស័យ​ធន។
តើ​អតិថិជន​ត្រូវ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អ្នក​ណា​ខ្លះ ប្រសិន​បើ​បុរី​មួយ​ត្រូវ​ដួល​រលំ?
imagesការដ្ឋាន​សាងសង់​បុរី ៩៩៩ ឋិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១ ជិត​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ រូបថត​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៤
រចនាសម្ព័ន្ធ​គ្រប់គ្រង​នៅ​ក្នុង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ មួយ​ចំនួន ត្រូវ​ផ្លាស់ប្ដូរ​ទាំង​ស្រុង​នៅ​ពេល​ដែល​រូប​លោក​ត្រូវ​ប៉ូលិស​ចោទ​ប្រកាន់ ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ថៅកែ​ស៊ីម៉ង់​ពេជ្រ លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ។ ការ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​គ្រប់គ្រង​នោះ គឺ​មាន​តែ​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ជាច្រើន​ទៀត​របស់​ឧកញ៉ា ថោង សារ៉ាត់ គឺ​ក្រុមហ៊ុន​ផលិត​ប៉ាតេ ៩៩៩ ដែល​បាន​ផ្ទេរ​សិទ្ធិ​គ្រប់គ្រង​ទៅ​ឲ្យ​មនុស្ស​ជិតស្និទ្ធ​នឹង​រូប​លោក​ ចំនួន ៥​នាក់ ដើម្បី​គ្រប់គ្រង​សកម្មភាព​អាជីវកម្ម​ជំនួស។
ចំណែក​ក្រុមហ៊ុន​ផ្សេង​ទៀត​ដូចជា​បុរី ៩៩៩ ដែល​ជា​ការ​វិនិយោគ​ធំ​មួយ​របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ មិន​មាន​ការ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ឡើយ។ កត្តា​នេះ បាន​ធ្វើ​អោយ​សាធារណជន និង​អ្នក​ជំនាញ​អចលនទ្រព្យ​ព្រួយ​បារម្ភ​ថា សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន​បុរី ៩៩៩ នឹង​អាច​រាល​ដល់​វិស័យ​ធនាគារ អតិថិជន និង​សេដ្ឋកិច្ច​កម្ពុជា។ គេហទំព័រ​របស់​បុរី ៩៩៩ បាន​បង្ហាញ​ថា ការ​វិនិយោគ​របស់​ខ្លួន បាន​ទទួល​ប្រាក់​កម្ចី​ពី​ធនាគារ​វៀតណាម ឈ្មោះ ប៊ីអាយឌីស៊ី (BIDC) ប៉ុន្តែ​ធនាគារ​របស់​វៀតណាម និង​ក្រុមហ៊ុន​បុរី​នេះ មិន​បាន​បង្ហាញ​ទឹក​ប្រាក់​វិនិយោគ​ជាក់លាក់​ឡើយ។
អ្នក​គ្រប់គ្រង​សាខា​របស់​បុរី ៩៩៩ ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​អះអាង​ថា ទោះ​បី​ជា​លោក​ឧកញ៉ា​កំពុង​រត់​ភៀស​ខ្លួន​ក៏ដោយ តែ​សកម្មភាព​សាងសង់ និង​ការ​លក់​របស់​ខ្លួន​នៅ​មាន​សកម្មភាព​ដដែល។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​គ្រប់គ្រង​រូប​នោះ​ទួល​ស្គាល់​ថា បច្ចុប្បន្ន​មាន​អតិថិជន​ថ្មីៗ​ជាច្រើន​មាន​ការ​រារែក ក្នុង​ការ​ទិញ​បុរី ប៉ុន្តែ​អតិថិជន​ដែល​បាន​បង់​លុយ​ទិញ​បុរី​នោះ​រួច​ហើយ ពុំ​មាន​ការ​ព្រួយ​បារម្ភ​ឡើយ។
ម្យ៉ាង​វិញ​ទៀត ថ្នាក់​ដឹក​នាំ​នៃ​ក្រុមហ៊ុន​បុរី ៩៩៩ មិន​មាន​ផែនការ​ក្នុង​ការ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ និង​កាត់​បន្ថយ​គម្រោង​វិនិយោគ​ដែល​កំពុង​សាងសង់​នា​ពេល​បច្ចុប្បន្ន​នោះ​ ទេ។
អ្នក​វិភាគ​ផ្នែក​អចលនទ្រព្យ លោក កឹក ណារិន បាន​ឲ្យ​ដឹង​ថា ដំណើរ​ការ​នៃ​ការ​សាងសង់ ឬ​វិនិយោគ​បុរី​នីមួយៗ​នៅ​ប្រទេស​កម្ពុជា ត្រូវ​ឆ្លង​កាត់​ស្ថាប័ន​សំខាន់​បី គឺ​ក្រសួង​ដែនដី នគរូបនីយកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សាលា​រាជធានី​ភ្នំពេញ។ លោក​បញ្ជាក់​ទៀត​ថា ផល​ប៉ះពាល់​ដល់​អតិថិជន​ដែល​ទិញ​បុរី​នោះ គឺ​អាស្រ័យ​លើ​ប្រភព​ទុន​ដែល​ម្ចាស់​បុរី​នោះ​យក​ទៅ​វិនិយោគ។
ចំណែក​តំណាង​ក្រុមហ៊ុន​បុរី ៩៩៩ វិញ​បាន​អះអាង​ថា អតិថិជន​មិន​គួរ​បារម្ភ​ពេក​ទេ ព្រោះ​តាម​ផ្លូវ​ច្បាប់ គឺ​តម្រូវ​ឲ្យ​ម្ចាស់​វិនិយោគ​បុរី​តម្កល់​ប្រាក់ ២% នៅ​ធនាគារ​ជាតិ​កម្ពុជា ដើម្បី​សង​ជា​ប្រាក់​សំណង​នៅ​ពេល​បុរី​នោះ​មាន​បញ្ហា ឬ​ក្ស័យ​ធន។ បច្ចុប្បន្ន ក្រុមហ៊ុន​អភិវឌ្ឍ​បុរី ៩៩៩ មាន​គម្រោង​ចំនួន​១២ លើ​ការ​សាងសង់​ផ្ទះ​ល្វែង វីឡា និង​អគារ​ស្នាក់នៅ​បែប​ទំនើប ឬ​ហៅថា​ខុនដូ (Condo)។ គម្រោង​វិនិយោគ​របស់​ខ្លួន​នោះ គឺ​ស្ថិត​នៅ​តំបន់​សំខាន់​បី គឺ​ទី​មួយ តំបន់​ស្ទឹងមានជ័យ បឹងត្របែក និង​ក្នុង​ខណ្ឌ​ទួលគោក។
អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​នៅ​កម្ពុជា យល់​ឃើញ​ថា កាល​ណា​បុរី​មួយ​ប្រកាស​ក្ស័យ​ធន​ដោយ​ប្រការ​ណា​មួយ​នោះ គឺ​ត្រូវ​វិភាគ​លើ​ប្រភព​ទុន​នៃ​ការ​វិនិយោគ​បុរី​សំខាន់​បី គឺ​ទី​មួយ ប្រភព​ទុន​មក​ពី​ធនាគារ។ ទី​ពីរ ប្រភព​ទុន​មក​ពី​អតិថិជន និង​ទី​បី ប្រភព​ទុន​មក​ពី​ម្ចាស់​បុរី​ដោយ​ផ្ទាល់។
ទំនាក់ទំនង​នៃ​ការ​ដួល​រលំ​បុរី និង​ការ​ផ្ដល់​ឥណទាន​ធនាគារ​វិញ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា (Acleda Bank) លោក អ៊ិន ចាន់នី មាន​ប្រសាសន៍​ថា ធនាគារ​មិន​មាន​ការ​ចុះ​កិច្ចសន្យា​ណា​មួយ​រវាង​ម្ចាស់​គម្រោង​សាងសង់ ឬ​បុរី​ណា​មួយ​នោះ​ទេ។ ការ​ផ្ដល់​ប្រាក់​កម្ចី​កន្លង​មក គឺ​អាស្រ័យ​លើ​គម្រោង​សាងសង់​ដែល​ស្រប​ច្បាប់ និង​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​ផ្នែក​អចលនទ្រព្យ​មួយ​ចំនួន​ទៀត​អះអាង​ថា ហានិភ័យ​នៅ​ក្នុង​វិស័យ​វិនិយោគ​លំនៅឋាន​នៅ​តែ​មាន ដែល​អាច​ប៉ះពាល់​ដល់​អតិថិជន និង​វិស័យ​ធនាគារ។ ហានិភ័យ​នោះ គឺ​ការ​អនុវត្ត​ច្បាប់​សាងសង់​នៅ​មាន​កម្រិត​ទាប ជាពិសេស​ម្ចាស់​គម្រោង​តែង​តែ​ផ្ដល់​ជា​លាភ​សក្ការៈ​ដល់​មន្ត្រី​រដ្ឋាភិបាល ជា​ថ្នូរ​នឹង​ការ​សម្រួល​កិច្ចការ​សាងសង់។ ការ​សាងសង់​លឿន​ពេក ក៏​ប៉ះពាល់​ដល់​អតិថិជន នៅ​ពេល​សេដ្ឋកិច្ច​កម្ពុជា និង​ចំណូល​របស់​ម្ចាស់​វិនិយោគ​ជួប​វិបត្តិ។ បច្ចុប្បន្ន ការ​វិនិយោគ​បុរី​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន ៧៤​បុរី។
ម្យ៉ាង​វិញ​ទៀត គម្រោង​វិនិយោគ​បុរី​នីមួយៗ​ទទួល​ជោគជ័យ ឬ​បរាជ័យ គឺ​អាស្រ័យ​លើ​កត្តា​តម្លៃ ទីតាំង និង​កត្តា​អតិថិជន។ តែ​ភាព​ទុក​ចិត្ត​លើ​អតិថិជន​ចំពោះ​បុរី ៩៩៩ នៅ​ពេល​នេះ បាន​ធ្លាក់​ចុះ​ម្ដង​បន្តិចៗ នៅ​ពេល​គេ​បាន​ដឹង​ឮ​ថា ម្ចាស់​បុរី​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នោះ។ បច្ចុប្បន្ន អ្នក​គ្រប់គ្រង​បុរី​វិញ គឺ​បាន​ត្រឹម​តែ​ព្យាយាម​ពន្យល់​អតិថិជន​ឲ្យ​យល់​ដឹង​អំពី​ករណី​ដែល​កើត​ឡើង ​នោះ ថា​ជា​រឿង​បុគ្គល និង​បុគ្គល​ប៉ុណ្ណោះ ដោយ​មិន​មែន​កើត​ឡើង​ដោយសារ​តែ​ក្រុមហ៊ុន​នោះ​ទេ។
ចំណែក​អាជ្ញាធរ​ដែល​ជា​អ្នក​គ្រប់គ្រង​ការ​វិនិយោគ​បុរី​នៅ​កម្ពុជា វិញ មាន​លទ្ធភាព​តិចតួច​ប៉ុណ្ណោះ​ក្នុង​ការ​សង​សំណង​ទៅ​អតិថិជន ប្រសិន​បើ​បុរី​ណា​មួយ​ដួល​រលំ ឬ​ប្រកាស​ក្ស័យ​ធន ព្រោះ​ប្រាក់​តម្កល់​នៅ​ក្រសួង​សេដ្ឋកិច្ច ប្រមាណ ២% ក្នុង​គម្រោង​នីមួយៗ​នោះ មិន​អាច​ទូទាត់ ឬ​សង​ប្រាក់​ទៅ​អតិថិជន​បាន​គ្រប់​ចំនួន​ឡើយ។ ម្យ៉ាង​វិញ​ទៀត អតិថិជន​ដែល​ខ្ចី​ប្រាក់​ពី​ធនាគារ​វិញ ក៏​អះអាង​ថា អតិថិជន​ជា​អ្នក​ទទួល​ខុស​ត្រូវ​សង​ប្រាក់​ទៅ​ធនាគារ ប្រសិន​បើ​បុរី​ណា​មួយ​ដែល​ខ្លួន​ទិញ​នោះ​ខុស​ច្បាប់ ឬ​ក៏​បុរី​នោះ​ប្រកាស​ក្ស័យ​ធន៕ ប្រភពៈ RFA