លោក ឈាង វុន ព្រមានដេញជនបរទេសដែលការពារបរិស្ថានតំបន់អារ៉ែងចេញពីកម្ពុជា
ប្រធានគណៈកម្មការជំនាញរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា ចង់បណ្ដេញអ្នកការពារបរិស្ថានតំបន់អារ៉ែង ចេញពីប្រទេសកម្ពុជា។ ការបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយនាព្រឹកថ្ងៃទី១១ ខែធ្នូ ដើម្បីព្រមានជនបរទេសម្នាក់ ដែលតែងតែធ្វើបាតុកម្មតវ៉ាប្រឆាំងចំពោះការសាងសង់ទំនប់ វារីអគ្គិសនីនៅជាយអារ៉ែង។
ប្រធានគណៈកម្មការកិច្ចការបរទេស ឃោសនាការ វប្បធម៌ និងព័ត៌មានរដ្ឋសភា ចាត់ទុកសកម្មភាពរបស់ជនជាតិអេស្ប៉ាញ ដែលចេញមុខការពារបរិស្ថាននៅតំបន់អារ៉ែង ថាជាការលូកលាន់កកូរកកាយកិច្ចការនយោបាយនៅកម្ពុជា។ លោក ឈាង វុន ថ្លែងនេះទំនងជាសំដៅប្រធានអង្គការចលនាមាតាធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson)។ លោកមានប្រសាសន៍ថា តំណាងរាស្ត្រភាគច្រើននៅក្នុងសភាបារម្ភយ៉ាងខ្លាំង ព្រោះតែការបំផុសប្រជាពលរដ្ឋឲ្យងើបតវ៉ាការពារបរិស្ថាននេះ ព្រោះវាជារំលោភលើបូរណភាពទឹកដីនៃប្រទេសកម្ពុជា។ លោកបញ្ជាក់ថា គណបក្សកាន់អំណាចបានចាត់តាំងសមត្ថកិច្ចមួយចំនួនរួចហើយ ដើម្បីឲ្យតាមដានគ្រប់សកម្មភាពជនបរទេសម្នាក់នោះ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅពេលណាដែលបុគ្គលនោះធ្វើខុស។
ឆ្លើយតបនឹងការលើកឡើងបែបនេះ ប្រធានអង្គការចលនាមាតាធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន លើកឡើងថា លោកមិនបារម្ភចំពោះការចាប់ខ្លួន ឬការបណ្ដេញចេញពីប្រទេសកម្ពុជា ឡើយ បើទោះបីជាមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា គំរាមលោកម្តងជាពីរដងក្តី។ លោកបន្តថា ការងារដែលអង្គការមាតាធម្មជាតិ បានធ្វើ គឺដើម្បីការពារបរិស្ថានធម្មជាតិឲ្យគង់វង្ស ដើម្បីទុកឲ្យកូនចៅខ្មែរជំនាន់ក្រោយប៉ុណ្ណោះ ហើយលោកក៏មិនមានបំណងយកប្រទេសកម្ពុជា ទៅលក់ឲ្យបរទេសនោះដែរ។
ចំណែកឯមន្ត្រីជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត វិញមានប្រសាសន៍ថា វាជារឿងគួរឲ្យអាម៉ាស់បំផុត ដែលអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មានបំណងដេញអ្នកការពារបរិស្ថានចេញពីប្រទេសបែបនេះ។ លោកបញ្ជាក់ថា រដ្ឋាភិបាលគួរណាស់តែលើកទឹកចិត្តអ្នកការពារបរិស្ថាន និងអ្នកការពារសិទ្ធិមនុស្ស ឲ្យខិតខំធ្វើការងារបន្តទៀត ដើម្បីប្រយោជន៍ប្រជាពលរដ្ឋខ្មែរ។
គម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីតំបន់អារ៉ែង មានតម្លៃ ៤០០លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលកម្ពុជា បានផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុនចិន ឈ្មោះ ស៊ីណូហាយដ្រូ (Sinohydro Corporation)។ គម្រោងសាងសង់នោះ នឹងប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ១.៣០០គ្រួសារ និងផ្ទៃដីប្រមាណ ២ម៉ឺនហិកតារ ប៉ុន្តែគម្រោងនេះស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ។
កន្លងទៅ ជនបរទេសជាច្រើនបានមកបើកអង្គការធ្វើកិច្ចការមនុស្សធម៌នៅកម្ពុជា។ អ្នកទាំងនោះជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ អង្គការស្នាមញញឹមនៃកុមារ និងប្រធានអង្គការចលនាមាតាធម្មជាតិ។ ក្រៅពីនេះ ជនបរទេសមួយចំនួនទៀតក៏មកបើកអាជីវកម្មរកស៊ី និងរស់នៅកម្ពុជា ដែរ តែពួកគេមិនចេញមុខការពារបរិស្ថាន ឬធ្វើកិច្ចការមនុស្សធម៌នោះទេ។ អ្នកទាំងនោះភាគច្រើនមានមន្ត្រីរដ្ឋាភិបាលជាខ្នងបង្អែក ដោយពួកគេរកស៊ីមុខរបរកាប់ឈើ ដីសម្បទានសេដ្ឋកិច្ច បើកបនល្បែង ជាដើម ហើយអ្នកមានខ្លះបានងារជាឧកញ៉ា និងតំណែងជាឯកឧត្តមទៀតផង៕ ប្រភពៈ RFAប្រធានគណៈកម្មការជំនាញរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា ចង់បណ្ដេញអ្នកការពារបរិស្ថានតំបន់អារ៉ែង ចេញពីប្រទេសកម្ពុជា។ ការបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយនាព្រឹកថ្ងៃទី១១ ខែធ្នូ ដើម្បីព្រមានជនបរទេសម្នាក់ ដែលតែងតែធ្វើបាតុកម្មតវ៉ាប្រឆាំងចំពោះការសាងសង់ទំនប់ វារីអគ្គិសនីនៅជាយអារ៉ែង។
ប្រធានគណៈកម្មការកិច្ចការបរទេស ឃោសនាការ វប្បធម៌ និងព័ត៌មានរដ្ឋសភា ចាត់ទុកសកម្មភាពរបស់ជនជាតិអេស្ប៉ាញ ដែលចេញមុខការពារបរិស្ថាននៅតំបន់អារ៉ែង ថាជាការលូកលាន់កកូរកកាយកិច្ចការនយោបាយនៅកម្ពុជា។ លោក ឈាង វុន ថ្លែងនេះទំនងជាសំដៅប្រធានអង្គការចលនាមាតាធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson)។ លោកមានប្រសាសន៍ថា តំណាងរាស្ត្រភាគច្រើននៅក្នុងសភាបារម្ភយ៉ាងខ្លាំង ព្រោះតែការបំផុសប្រជាពលរដ្ឋឲ្យងើបតវ៉ាការពារបរិស្ថាននេះ ព្រោះវាជារំលោភលើបូរណភាពទឹកដីនៃប្រទេសកម្ពុជា។ លោកបញ្ជាក់ថា គណបក្សកាន់អំណាចបានចាត់តាំងសមត្ថកិច្ចមួយចំនួនរួចហើយ ដើម្បីឲ្យតាមដានគ្រប់សកម្មភាពជនបរទេសម្នាក់នោះ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅពេលណាដែលបុគ្គលនោះធ្វើខុស។
ឆ្លើយតបនឹងការលើកឡើងបែបនេះ ប្រធានអង្គការចលនាមាតាធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន លើកឡើងថា លោកមិនបារម្ភចំពោះការចាប់ខ្លួន ឬការបណ្ដេញចេញពីប្រទេសកម្ពុជា ឡើយ បើទោះបីជាមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា គំរាមលោកម្តងជាពីរដងក្តី។ លោកបន្តថា ការងារដែលអង្គការមាតាធម្មជាតិ បានធ្វើ គឺដើម្បីការពារបរិស្ថានធម្មជាតិឲ្យគង់វង្ស ដើម្បីទុកឲ្យកូនចៅខ្មែរជំនាន់ក្រោយប៉ុណ្ណោះ ហើយលោកក៏មិនមានបំណងយកប្រទេសកម្ពុជា ទៅលក់ឲ្យបរទេសនោះដែរ។
ចំណែកឯមន្ត្រីជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត វិញមានប្រសាសន៍ថា វាជារឿងគួរឲ្យអាម៉ាស់បំផុត ដែលអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មានបំណងដេញអ្នកការពារបរិស្ថានចេញពីប្រទេសបែបនេះ។ លោកបញ្ជាក់ថា រដ្ឋាភិបាលគួរណាស់តែលើកទឹកចិត្តអ្នកការពារបរិស្ថាន និងអ្នកការពារសិទ្ធិមនុស្ស ឲ្យខិតខំធ្វើការងារបន្តទៀត ដើម្បីប្រយោជន៍ប្រជាពលរដ្ឋខ្មែរ។
គម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីតំបន់អារ៉ែង មានតម្លៃ ៤០០លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលកម្ពុជា បានផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុនចិន ឈ្មោះ ស៊ីណូហាយដ្រូ (Sinohydro Corporation)។ គម្រោងសាងសង់នោះ នឹងប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ១.៣០០គ្រួសារ និងផ្ទៃដីប្រមាណ ២ម៉ឺនហិកតារ ប៉ុន្តែគម្រោងនេះស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ។
កន្លងទៅ ជនបរទេសជាច្រើនបានមកបើកអង្គការធ្វើកិច្ចការមនុស្សធម៌នៅកម្ពុជា។ អ្នកទាំងនោះជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ អង្គការស្នាមញញឹមនៃកុមារ និងប្រធានអង្គការចលនាមាតាធម្មជាតិ។ ក្រៅពីនេះ ជនបរទេសមួយចំនួនទៀតក៏មកបើកអាជីវកម្មរកស៊ី និងរស់នៅកម្ពុជា ដែរ តែពួកគេមិនចេញមុខការពារបរិស្ថាន ឬធ្វើកិច្ចការមនុស្សធម៌នោះទេ។ អ្នកទាំងនោះភាគច្រើនមានមន្ត្រីរដ្ឋាភិបាលជាខ្នងបង្អែក ដោយពួកគេរកស៊ីមុខរបរកាប់ឈើ ដីសម្បទានសេដ្ឋកិច្ច បើកបនល្បែង ជាដើម ហើយអ្នកមានខ្លះបានងារជាឧកញ៉ា និងតំណែងជាឯកឧត្តមទៀតផង៕ ប្រភពៈ RFA