សាច់ញាតិ៣នាក់និងភរិយាទី១ របស់ ថោង សារ៉ាត់ បាននិងកំពុងរត់គេចខ្លួន

12/08/2014 0 Comments A+ a-

រាជ​ធានី​ភ្នំពេញ​៖​​​ មន្រ្តីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ បានទម្លាយនៅព្រឹក ថ្ងៃអាទិត្យ ទី០៧ ខែធ្នូនេះប្រាប់ឲ្យដឹងថា អ្នកស្រី ឌួង ថាវរី ដែលជាភរិយាទី១ របស់ជនជាប់ចោទ ឧកញ៉ា ថោង សារ៉ាត់ និងសាច់ញាតិ៣ នាក់ផ្សេងទៀត បាននិងកំពុងរត់គេចខ្លួន។
ភរិយាទី១ របស់ជនជាប់ចោទ ថោង សារ៉ាត់ គឺជាអ្នកមានឥទ្ធិពលចាត់ចែង ក្នុងកិច្ចការងាររកស៊ី។ ក្រៅពីភរិយាទី១ សាច់ញាតិ ៣នាក់ផ្សេងទៀត របស់ជនជាប់ចោទ ថោង សារ៉ាត់ ក៏កំពុងតែរត់គេចខ្លួនផងដែរ។ សាច់ញាតិទាំង៣នាក់នោះរួមមាន ឈ្មោះ តាំង សុខ, សុខ ខេង និង សុខ ឡាយ។
ប្រភពដដែល បានបន្តឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ មិនទាន់ដីកាពីសាលាដំបូង ដើម្បីតាមចាប់ជនទាំង ០៤នាក់ខាងលើននោះទេ។ សមត្ថកិច្ច ក៏មិនទាន់ដឹងថា តើពួកគេទាំង០៤នាក់ មានជាប់ពាក់ព័ន្ធ និងអំពើឃាតកម្មបាញ់សម្លាប់ លោកឧកញ៉ា អឹុង ម៉េងជឺ ឬយ៉ាងណានោះដែរ?ប៉ុន្តែមន្រ្តីនគរបាលរូបនោះ បានបញ្ជាក់ថា ប្រសិនបើមានដីកាពីតុលាការ នោះកម្លាំងនគរបាលជំនាញ នឹងបើកការស៊ើប អង្កេត និងតាមស្វែងរកចាប់ជនទាំង ០៤នាក់ មកសាកសួរផងដែរ។
សូមបញ្ជាក់ថា លោកឧកញ៉ា អុឹង ម៉េងជឺ ថៅស៊ីម៉ង់តិ៍ត្បូងពេជ្រ និង ម្ចាស់ហាងលក់គ្រឿងអលង្ការហុងកុង ត្រូវបានឃាតក បាញ់សម្លាប់ជាច្រើនគ្រាប់ ពេលកំពុងចុះទិញផ្លែឈើ នៅជិតពហុកីឡដា្ឋនជាតិ អូឡាំពិក កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។
គិតមកដល់ថ្ងៃទី០៧ ខែធ្នូនេះមានរយៈពេល១៥ ថ្ងៃហើយ ដែលអង្គរក្ស ០៤នាក់របស់ជនជាប់ចោទ ថោង សារ៉ាត់ មេខ្លោងឃាតកម្ម វ័យក្មេងមុខស្រស់ ត្រូវបានតុលាការសម្រេចឃុំខ្លួន​ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ​ចោទប្រកាន់​ពី​បទ​ ឃាតកម្មគិតទុកជាមុន និងបទ សមគំនិតរួមគ្នាប្រព្រឹត្តឃាតកម្ម។
គួររំលឹកថា​ ប្អូនប្រុស និង​ភរិយាទី២ របស់​លោក​ឧកញ៉ា ថោ​ង សា​រ៉ាត់ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញហើយ​​​នៅ​ព្រឹក​ថ្ងៃ​ទី០​៧ ខែធ្នូនេះ ក្រោយពីពិនិត្យឃើញថា មិនមានជាប់ ពាក់ព័ន្ធនិង អំពើឃាតកម្មនោះឡើយ។ចំណែក​ឪពុក និងម្តាយ​របស់​មេខ្លោងឃាតកម្ម វ័យក្មេងមុខស្រស់ នៅ​វេលា​ម៉ោង​១២ថ្ងៃ​ត្រង់ថ្ងៃដដែលនេះ ត្រូវ​បានតុលាការ​សម្រេចបញ្ជូន​ទៅ​ពន្ធ​នា​គារ​ព្រៃ​ស​បណ្តោះអាសន្ន​ជាប់ចោទ​ពី​បទ​ កាន់កាប់​រឺ​ដឹក​ជញ្ជូន​អាវុធ​ដោយ​ខុសច្បាប់។
ទោះជាយ៉ាង មេខ្លោង នៅពីក្រោយឃាតកម្ម ដ៏កក្រើកប្រទេសកម្ពុជា នាចុងឆ្នាំ២០១៤ គឺឧកញ៉ា ថោង សារ៉ាត់ មិនទាន់មានការឃាត់ខ្លួននៅឡើយនោះទេ។ គ្រាមានព័ត៌មានជាច្រើនលាតត្រដាងថា កំពុងលាក់ខ្លួននៅ ប្រទេសវៀតណាម។ សមត្ថកិច្ច បាននិងកំពុងតាម ចាប់ខ្លួនឧក្រិដ្ឋជនរូបនេះ ហើយសមត្ថកិច្ច មានរំពឹងថា មេឧក្រិដ្ឋជនរូបនេះ អាចនឹងចាប់ខ្លួន បានក្នុងពេលឆាប់ៗខាងមុខនេះ៕
 ថោង សារ៉ាត់ ដែលបានកំពុងតែរត់គេចខ្លួន។