បុរសម្នាក់ឡើងតខ្សែភ្លើងភ្លេចបិទបារ៉ែតឆ្លងចរន្តអគ្គិសនីឆក់ស្លាប់
កណ្តាល៖ ដោយមានការធ្វេសប្រហែសមិនបានបិទបារ៉ែត បណ្តាលឲ្យចរន្តអគ្គិសនីឆ្លងឆក់បុរសម្នាក់ធ្លាក់ពីលើជណ្តើរស្លាប់ភ្លាម កាលពីវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤ ចំណុចបង្គោលភ្លើងខាងមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា បុរសរងគ្រោះស្លាប់ដោយសារចន្តអគ្គិសនីឈ្មោះ ហេង លីពុទ្ធ អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអគ្គិសនី មានប្រពន្ធឈ្មោះ រុន វណ្ណា អាយុ៣៧ឆ្នាំ មានកូនប្រុស-ស្រី២នាក់នៅក្នុងបន្ទុក បច្ចុប្បន្នរស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះជាកម្មករអគ្គិសនីឆ្លៀតពេលទំនេរពីធ្វើការងារ បានស៊ីឈ្នួលឡើងប្តូរខ្សែភ្លើងចាស់ពីប្រអប់កុងទ័រ ដោយសាកជំនួសខ្សែភ្លើងថ្មីវិញ ដើម្បីបានលុយចាយក្រៅ។សកម្មភាព របស់ជនរងគ្រោះពុំបានរាយការណ៍ប្រាប់ដល់ម្ចាស់អាជីវកម្មអគ្គិសនីនោះទេ គឺធ្វើឡើងដោយចិត្តឯង ព្រោះអាងខ្លួនជាកម្មករស៊ីឈ្នួលឲ្យថៅកែអគ្គិសនីស្រាប់។
ប្រភពដដែលបានបន្តថា ដោយការធ្វេសប្រហែសមិនបិតបារ៉ែតភ្លើងមុននឹងឡើងតភ្ជាប់ខ្សែភ្លើង ទើបបណ្តាលឲ្យចរន្តអគ្គិសនីឆក់ជនរងគ្រោះធ្លាក់ពីលើជណ្តើរកំពស់ប្រមាណ២ម៉ែត្រមកដីស្លាប់ភ្លាមៗមួយរំពេចតែម្តង។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភពពី Free Press Magazine