ខេម ជិតផុតកុងត្រានៅថោន ធ្លាយដំណឹង ត្រៀមរកទ្រនំថ្មី
លោក ខេម បានប្រតិកម្មឆ្លើយតបទៅនឹងព័ត៌មានថា ខ្លួនត្រៀមចាកចេញពីផលិតកម្មថោន ព្រោះតែមានទ្រនំថ្មី។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាមថ្មីៗនេះថា តារាចម្រៀងមកពីខេត្តកំពង់ឆ្នាំង គ្រោងផ្លាស់ប្ដូរទ្រនំ ខណៈ លោក ខេម ជិតផុតកុងត្រា ក្នុងផលិតកម្មថោន។
ប៉ុន្ដែ ម្ចាស់បទ “ខ្ញុំខ្លាចហើយលុយ” លោក ខេម តារាចម្រៀងល្បីមួយរូបនៅក្នុងផលិតកម្មថោន បានប្រាប់ Sabay តាមទូរសព្ទ កាលពីពេលថ្មីៗនេះថា រូបលោកមិនមានគម្រោងណាមួយចាកចេញពីផលិតកម្មថោនដែលជាទី ធ្វើឲ្យលោកមានមុខមាត់ដល់បច្ចុប្បន្ននោះឡើយ។
លោកបានចាត់ទុកថា ការលើកឡើងខាងលើនោះ គ្រាន់តែជាពាក្យចចាមអារ៉ាម តែប៉ុណ្ណោះ។ ចំពោះដំណឹងថា លោកជិតផុតកុងត្រានៅផលិតកម្មថោននោះ លោកខេមទទួលស្គាល់ថា លោកបានចុះកុងត្រាជាមួយផលិតកម្មថោនរយៈពេល ៥ ឆ្នាំ ឥឡូវជិតចប់ហើយ គឺនៅសល់ពេល ១ ឆ្នាំទៀត។
លោក ខេម បាននិយាយថា ចំពោះការបន្តកុងត្រាទៀតឬយ៉ាងណានោះ លោកមិនទាន់ហ៊ាននិយាយឡើយ តែបែបណាក្ដីប្រសិនបើផុតកុងត្រាហើយ ផលិតកម្មថោននៅតែត្រូវការ លោកនៅតែស្វាគមន៍ជានិច្ច។
កាលពីពេលថ្មីៗនេះ ប្រភពមួយបានបង្ហើបប្រាប់ Sabay ដែរថា លោក ខេម ត្រៀមចេញពីផលិតកម្មថោន ហើយទៅជ្រកនឹងទ្រនំថ្មី ដែលប្រភពមួយនេះ សុំមិនបញ្ចេញឈ្មោះផលិតកម្មព្រោះថា ពួកគេកុំពុងស្ថិតនៅក្នុងដំណាក់កាលចរចា ហើយប្រសិនបើការចរចាត្រូវគ្នា ១០០% ហើយគម្រោងមិនមានការប្រែប្រួលគឺ លោក ខេម នឹងទៅច្រៀងឲ្យផលិតកម្មថ្មី នៅអំឡុងបុណ្យចូលឆ្នាំខ្មែរ នាឆ្នាំក្រោយនេះ៕
អត្ថបទ៖ ខុត សីហា