Microsoft ត្រូវចិនពិន័យឲ្យបង់ពន្ធជិត ១៤០លានដុល្លារ ពីបទធ្វើជំនួញគេចពន្ធ
រដ្ឋាភិបាលចិនបានពិន័យឲ្យក្រុមហ៊ុន Microsoft បង់ពន្ធជូនខ្លួនប្រមាណ ១៣៧ លានដុល្លារដោយសារក្រុមហ៊ុនអាមេរិកមួយនេះបានធ្វើជំនួញគេចពន្ធក្នុងប្រទេសខ្លួន។
ការសែតចិន Xinhua បានឲ្យដឹងថាក្រុមហ៊ុន Microsoft ត្រូវពិន័យឲ្យបង់ពន្ធដល់រដ្ឋាភិបាលចិនចំនួន ៨០០ លានយ័ន (ស្មើ ១៣៧លានដុល្លារ) ទាំងដើមទាំងការដែលក្រុមហ៊ុនមួយនេះជំពាក់ ហើយក៏បានពិន័យឲ្យបង់ពន្ធបន្ថែមចំនួនជាង ១៦លានដុល្លារ (ក្នុងមួយឆ្នាំ) សម្រាប់អនាគត។
ទោះបីជាក្រុមហ៊ុន Microsoft មិនបានផ្ដល់របាយការណ៍ជាផ្លូវការណាមួយលើបញ្ហានេះក៏ពិតមែន តែមិនបានបដិសេធនោះទេចំពោះការពិន័យរឿងគេចពន្ធនៅក្នុងប្រទេសចិន។
កាលពីឆ្នាំ ២០១២ មន្ត្រីពន្ធដាររបស់ចិន និងសហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀងនឹងគ្នាទៅលើ “ការកំណត់តម្លៃទំនិញមុនពេលកំណត់” ទាក់ទិនទៅនឹងការធ្វើជំនួញរបស់ក្រុមហ៊ុន Microsoft នៅប្រទេសចិន។
ប្រភពដដែលក៏បានបញ្ជាក់ទៀតថា រយៈពេល ៦ឆ្នាំមកនេះ ក្រុមហ៊ុន Microsoft បានខាតបង់ចំណូលពីការរកស៊ីនៅក្នុងប្រទេសអាស៊ីមួយនេះប្រមាណជាង ៣០០លានដុល្លារ ខណៈដែលក្រុមហ៊ុនអេឡិចត្រូនិកផ្សេងទៀតទទួលផលចំណេញយ៉ាងកប់ក្ដោង។
ឥឡូវនេះ Microsoft កំពុងតែឈឺក្បាលលើការបង់ពន្ធទៅដល់ប្រទេសចិន ស្របពេលដែលការរកស៊ីនៅក្នុងប្រទេសនេះក៏មិនសូវជាកាក់កបប៉ុន្មានទៀត។ បន្ថែមលើបញ្ហានេះ បច្ចុប្បន្ន Microsoft ក៏កំពុងតែស្ថិតក្រោមការស៊ើបអង្កេតរបស់ប្រទេសចិន រឿងការវាតទីផ្សាររកស៊ីផ្ដាច់មុខតែម្នាក់ឯង (នៅចិន) ផងដែរ៕
អានព័ត៌មានទាក់ទងនឹង Microsoft ចុចត្រង់នេះ
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ reuters
ប្រភព៖ reuters
